ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រគល់ផ្ទះថ្មីចំនួន២ខ្នង ជូនគ្រួសារវីរយុទ្ធជនដែលជួបការលំបាក
Fri,20 February 2026 (Time 09:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 33នាក់)

ពោធិ៍សាត់៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីដ៏រឹងមាំ ចំនួន២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈសប្បុរសជនក្នុងស្រុក ជូនដល់គ្រួសារវីរយុទ្ធជនដែលជួបការលំបាក រួមមាន លោកអនុសេនីយ៍ឯក យឹម សុភាព និងនាយចំណង់ ចាន់ សុខណា ប្រចាំទិសថ្មដា មានទីលំនៅក្នុងភូមិពិតត្រង់ និងភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ពិធីនេះមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ សប្បុរសជន និងប្រជាពលរដ្ឋមួយចំនួនទៀត។

ឯកឧត្តម ខូយ រីដា បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត លោកមានសេចក្តីសោមនស្សរីករាយ និងរំភើបឥតឧបមា ដែលបានមកចូលរួមក្នុងពិធីប្រគល់ផ្ទះថ្មីដ៏រឹងមាំ ជូនដល់គ្រួសារវីរយុទ្ធជនរបស់យើងទាំង២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈសប្បុរសជនក្នុងស្រុកនាពេលនេះ។

ជាការពិតណាស់ ផ្ទះដែលត្រូវកំពុងប្រគល់ជូននេះ មិនមែនគ្រាន់តែជាសំណង់ឥដ្ឋ និងដំបូលស័ង្កសីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃ “ស្មារតីសាមគ្គីភាព និងការដឹងគុណ”។ សម្តេចធិបតី និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងវីរយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ លោកទាំងពីរមិនដែលទុកឱ្យបងប្អូនណាម្នាក់នៅឯកោ ឬជួបការលំបាកដោយគ្មានការមើលថែនោះឡើយ។

ឯកឧត្តមបានលើកឡើងថា ក្នុងខណៈដែលយើងកំពុងប្រគល់ផ្ទះជូនវីរយុទ្ធជន យើងក៏មានមោទនភាពយ៉ាងខ្លាំងដែលឃើញ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងមានវត្តមាននៅលើឆាកអន្តរជាតិ ក្នុងកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាព នៅសហរដ្ឋអាមេរិក។ សម្តេចបាននាំយកនូវ សំឡេងសន្តិភាព របស់កម្ពុជាទៅកាន់ពិភពលោក និងបង្ហាញឱ្យឃើញថា កម្ពុជាដែលធ្លាប់តែញាំញីដោយសង្គ្រាម ឥឡូវនេះបានក្លាយជាប្រទេសដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិភាពពិភពលោក។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោក លោកស្រី ជាសប្បុរសជន ដែលបានចំណាយធនធានផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងផ្ទះនេះឡើង។ នេះគឺជាកាយវិការសប្បុរសធម៌ដ៏ឧត្តុង្គឧត្តម ដែលឆ្លុះបញ្ចាំងពីវប្បធម៌ចែករំលែករបស់ខ្មែរយើង ក្រោមពាក្យស្លោក “ខ្មែរជួយខ្មែរ”

ឯកឧត្តម ខូយ រីដា សូមផ្តាំផ្ញើដល់បងប្អូនវីរយុទ្ធជន ដែលទទួលបានផ្ទះថ្មីទាំង២គ្រួសារ សូមថែរក្សាផ្ទះនេះឱ្យបានល្អ ដើម្បីជាជម្រកដ៏កក់ក្តៅដល់កូនចៅតទៅមុខ, ត្រូវបន្តខិតខំបង្កបង្កើនផល និងរស់នៅដោយមានអនាម័យ ដើម្បីសុខភាពមាំមួន និងបន្តចូលរួមជាមួយអាជ្ញាធរ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

ឯកឧត្តមបានគូសបញ្ជាក់ថា សន្តិភាពដែលយើងមានសព្វថ្ងៃ បានមកពីការលះបង់របស់វីរយុទ្ធជនយើង។ ដូច្នេះការផ្តល់ផ្ទះជូនពួកគាត់ គឺជាកិច្ចតបស្នងដ៏តូចតាចមួយធៀបនឹងគុណបំណាច់ដ៏ធំធេងរបស់បងប្អូន។ រដ្ឋបាលខេត្តនឹងបន្តសហការជាមួយសប្បុរសជន និងសមាគមអតីតយុទ្ធជន ដើម្បីស្វែងរកបងប្អូនដែលនៅខ្វះខាត និងផ្តល់ជំនួយជាបន្តបន្ទាប់ទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ