ភ្នំពេញ៖ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដោយផ្តោតលើប្រធានបទចំនួន៤ គឺ៖ និយមន័យនៃ AI, ការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ, ជំនាញ Prompt Engineering និង ការប្រើប្រាស់ឧបករណ៍ AI ដើម្បីបង្កើនផលិតភាពការងារ។សូមបញ្ជាក់ជូនថា លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលនេះជាមួយនឹងថ្នាក់ដឹកនាំនិងមន្រ្តីនានាផងដែរ។បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលនេះរួច លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់គ្រូឧទ្ទេសទាំងអស់ដែលមានសមាសភាពមកពី ទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសាកលវិទ្យាល័យ CamTech ដែលបានចែករំលែកចំណេះដឹង និងបទពិសោធ ហើយបានបញ្ជាក់ថា ការចូលរួមវគ្គបណ្តុះបណ្តាលនេះ គឺដោយសារលោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ជឿជាក់លើបច្ចេកវិទ្យា និងចង់ជំរុញលើកទឹកចិត្តការប្រើប្រាស់បច្ចេកវិទ្យា ទាំងក្នុងកិច្ចការប្រចាំថ្ងៃ និងទាំងក្នុងកិច្ចការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចនូវទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់ជីវភាពនិងសុខុមាលភាពជូនប្រជាជន។លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ចាត់ទុកបច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច (Driver of Growth) សម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងបរិការណ៍នៃការប្រកួតប្រជែងសកល ប្រទេសនីមួយៗ រួមទាំងប្រទេសកម្ពុជាត្រូវវិនិយោគលើ AI ដើម្បីបង្កើននូវឧត្តមភាពប្រកួតប្រជែង (Competitive Advantage) ទាំងលើទិដ្ឋភាពសេដ្ឋកិច្ច បច្ចេកវិទ្យា យោធា និងសង្គម ។សម្រាប់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ទោះបីកម្ពុជាមិនទាន់អាចឈានដល់កម្រិតបង្កើតបច្ចេកវិទ្យាថ្មី (Invention) ដោយខ្លួនឯង ប៉ុន្តែយើងត្រូវហ៊ានវិនិយោគ ដើម្បីមានសមត្ថភាពអាចចាប់យកបច្ចេកវិទ្យាដែលមានស្រាប់មកប្រើប្រាស់ (Application) ឱ្យអស់លទ្ធភាព និងឱ្យត្រូវតាមតម្រូវការប្រើប្រាស់ជាក់ស្តែង បើពុំដូច្នោះទេយើងនឹងដើរក្រោយគេឆ្ងាយ។លើសពីនេះ លោកបានផ្តល់ទស្សនាទានថា “យើងត្រូវរៀនសូត្រដើម្បី «ធ្វើជាម្ចាស់លើ AI» មិនមែនគ្រាន់តែជាអ្នកប្រើប្រាស់នោះទេ ដោយ AI គឺជាជំនួយការដ៏ល្អ ប៉ុន្តែការសម្រេចចិត្តចុងក្រោយត្រូវផ្អែកលើបញ្ញា (Intelligence), បទពិសោធ (Experience), Intuitionនិងប្រាជ្ញាវិនិច្ឆ័យ របស់មនុស្ស។ជាទិសដៅការងារបន្តសម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យបង្កើត «ក្រុមការងារដឹកនាំកម្មវិធី AI Application» នៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសិក្សាពីចន្លោះខ្វះខាត និងរៀបចំផែនការប្រើប្រាស់ AI ក្នុងកិច្ចការប្រចាំថ្ងៃ ទៅតាមមុខងារនិងអង្គភាពដែលមានការចាំបាច់ ដើម្បីបង្កើនផលិតភាព គុណភាព និងប្រសិទ្ធភាពការងារ និងវិនិយោគលើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីឱ្យដើរទាន់បច្ចេកវិទ្យា ដោយចាត់ទុកថាជាការវិនិយោគដើម្បីអនាគតរបស់ស្ថាប័នក៏ដូចជាសម្រាប់ប្រទេស៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ