ថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ស សុខា ដាស់តឿនឱ្យគ្រប់គ្នាឈ្វេងយល់ពីហានិភ័យ និងក្រមសីលធម៌ នៃការប្រើប្រាស់បច្ចេកវិទ្យា AI
Tue,17 February 2026 (Time 07:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 37នាក់)

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបង្ហាញក្តីព្រួយបារម្ភចំពោះហានិភ័យថ្មីៗ កើតចេញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិម្មិតដែលហៅកាត់ថា AI ដោយបានដាស់តឿនដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។

ក្នុងឱកាសអញ្ជើញជាអធិបតីនៃយុទ្ធនាការគាំទ្រ ទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៦ ក្រោមប្រធានបទ ការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ រៀបចំនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា បច្ចេកវិទ្យា AI ជាកម្លាំងចលករដ៏សំខាន់ និងជារបកគំហើញដ៏អស្ចារ្យមួយ ដែលផ្តល់ផលប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ដល់មនុស្សជាតិ ទាំងក្នុងវិស័យសិក្សាស្រាវជ្រាវ សុខាភិបាល កសិកម្ម និងឧស្សាហកម្ម ក៏ដូចជាការជួយព្យាករណ៍អាកាសធាតុ និងគ្រប់គ្រងសត្វល្អិតដើម្បីបង្កើនទិន្នផលដំណាំឱ្យកាន់តែមានប្រសិទ្ធភាព។

ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងគុណសម្បត្តិដ៏មហាសាលនេះ AI ក៏បាននាំមកនូវហានិភ័យយ៉ាងធ្ងន់ធ្ងរ ជាពិសេសចំពោះកុមារ និងយុវជនដែលជាវ័យងាយរងគ្រោះបំផុត តាមរយៈការបង្កើតរូបភាព វីដេអូ និងសំឡេងក្លែងក្លាយ ដែលបច្ចុប្បន្នមានបច្ចេកទេសខ្ពស់រហូតស្ទើរតែមិនអាចបែងចែកដឹងថាជាការពិតឬយ៉ាងណា បង្កឱ្យមានការឆបោកក្នុងរូបភាពអាសអាភាសក្លែងក្លាយ ឬការក្លែងសំឡេងមនុស្សជិតស្និទ្ធដើម្បីទាញយកផលប្រយោជន៍ខុសច្បាប់។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានទាញការកត់សម្គាល់មកគូសបញ្ជាក់ថា ទោះបីជា AI ជាសមិទ្ធផលវិទ្យាសាស្ត្រដែលមនុស្សបង្កើតឡើងដើម្បីបម្រើដល់ភាពងាយស្រួល និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប៉ុន្តែក៏មានបុគ្គលមួយចំនួនតូចបានយកបច្ចេកវិទ្យានេះមកប្រើប្រាស់ក្នុងផ្លូវអវិជ្ជមាន ដោយសារភាពភ្លើតភ្លើន និងមហិច្ឆតាលោភលន់ រហូតប្រព្រឹត្តអំពើទុច្ចរិតដើម្បីផលចំណេញផ្ទាល់ខ្លួន។

បើតាម ឯកឧត្តមអភិសន្តិបណ្ឌិត កន្លងមក ក្រសួងមហាផ្ទៃកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ដែលប្រើប្រាស់រូបភាព AI ក្នុងបំណងទម្លុះប្រព័ន្ធសុវត្ថិភាពទិន្នន័យបុគ្គល និងការលួចបន្លំអត្តសញ្ញាណដើម្បីផ្ទេរប្រាក់ដោយខុសច្បាប់។

ប្រមុខក្រសួងមហាផ្ទៃ បានអំពាវនាវដល់គ្រឹះស្ថានសិក្សា មាតាបិតា និងអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាពង្រឹងការយល់ដឹងពីរបៀបប្រើប្រាស់បច្ចេកវិទ្យា AI ឱ្យបានត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះមុខច្បាប់។

ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ការការពារខ្លួនពីហានិភ័យឌីជីថល មិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយឡើយ ប៉ុន្តែវាជាការទទួលខុសត្រូវរួមគ្នា ដើម្បីធានាថាការរីកចម្រើននៃបច្ចេកវិទ្យានឹងក្លាយជាឧបករណ៍សម្រាប់កសាងសង្គមជាតិ។ ជាក់ស្ដែងក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាក្នុងគ្រប់យន្តការនៃការគ្រប់គ្រងតាមបណ្ដាអង្គភាពចំណុះ ពិសេសការដាក់ឱ្យដំណើរការសេវាសាធារណៈទាំងកម្រិតក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិ នូវប្រព័ន្ធបច្ចេកវិទ្យាផ្ដល់ជំនួយបន្ថែមដោយAI ដើម្បីផ្ដល់សេវាជូនពលរដ្ឋបានឆាប់រហ័ស និងមានគុណភាព។

សូមបញ្ជាក់ថា ទិវាសុវត្ថិភាពអ៊ីនធឺណិត បានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០០៤ ក្រោមគម្រោង SafeBorders របស់សហភាពអឺរ៉ុប និងបានវិវត្តជាចលនាសកលដែលមានប្រទេសជាង ១៨០ ចូលរួម ខណៈកម្ពុជាបានចាប់ផ្តើមប្រារព្ធទិវានេះតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ យុទ្ធនាការឆ្នាំ២០២៦ នេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងឱ្យចំគោលដៅ ដើម្បីការពារសិទ្ធិកុមារ និងសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងលិខិតុបករណ៍អន្តរជាតិដែលកម្ពុជាជាសមាជិក៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតលើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុស សមាជិកកាយឫទ្ធិនារីកម្ពុជា រួមទាំងបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

វីដែអូ