ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានជួបពិភាក្សាការងារជាមួយ លោក Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នៅ គ.ស.ម.ក. នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ប្រទេសជប៉ុន លើវិស័យសិទ្ធិមនុស្ស នីតិរដ្ឋ និងសណ្ដាប់ធ្នាប់តំបន់ និងពិភពលោក។ ទន្ទឹមនេះ លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ជនភៀសសឹកប្រមាណជា ៩ម៉ឺននាក់ មិនទាន់អាចត្រលប់ទៅកាន់លំនៅឋានខ្លួនវិញដោយសុវត្ថិភាពនោះទេ ដោយសារតែយោធាថៃបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងធ្វើសកម្មភាពរារាំងផ្សេងៗ ដូចជា ការដាក់ពង្រាយបន្លាលួស និងទូកុងតឺន័រ ជាដើម។ សកម្មភាពទាំងនេះ គឺផ្ទុយទាំងស្រុងទៅនឹងខ្លឹមសារចំណុចទី៤ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចែងថា៖ “ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែន ដែលរងផលប៉ះពាល់ វិលត្រលប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន”។ សកម្មភាពទាំងអស់នេះ ក៏បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សិទ្ធិសេរីភាពជាមូលដ្ឋានបរស់ជនភៀសសឹក ជាពិសេសស្រ្តី កុមារ ទារក មនុស្សចាស់ អ្នកជំងឺ និងជនមានពិការភាព ក្នុងការទទួលបានសិទ្ធិអប់រំ ការថែទាំសុខភាព សិទ្ធិទទួលបានលំនៅឋានសមរម្យ និងសេរីភាពក្នុងការធ្វើដំណើរ ផងដែរ។បន្ថែមលើនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីការឈ្លានពានពីយោធាថៃ ដោយបានប្រើប្រាស់អាវុធគ្រប់ធុន រួមមាន គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង F-16, Gripen និង T-50 វាយប្រហារដោយមិនរើសគោលដៅមកលើប្រជាជនស៊ីវិល បំផ្លិចបំផ្លាញផ្ទះសម្បែងជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មន្ទីរពេទ្យ ប្រាសាទបុរាណ ជាពិសេស ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ការបំផ្លាញរូបសំណាកសាសនា ការលួចទ្រព្យសម្បត្តិ និងការសាងសង់សំណង់ថ្មីៗក្នុងគោលបំណងបង្កើតអត្តសញ្ញាណថ្មីលើដែនអធិបតេយ្យភាពកម្ពុជា ផងដែរ។ជាងនេះទៀត លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងថា ទោះបីជាសណ្តាប់ធ្នាប់ពិភពលោក ធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏ឯកឧត្តមទេសរដ្ឋមន្រ្តី នៅតែជឿជាក់ថាការដោះស្រាយជម្លោះ ការស្វែងរក នឹងទទួលបានយុត្តិធម៌ ព្រមទាំងការទទួលសន្តិភាពយូរអង្វែង ត្រូវផ្អែកលើយន្តការនិងច្បាប់អន្តរជាតិ។ លោកមានជំនឿជាក់លើសមត្ថភាព និងតួនាទីដ៏សំខាន់ប្រទេសជប៉ុន ក្នុងការជំរុញឱ្យភាគីថៃ ចូលរួមដោះស្រាយបញ្ហានេះស្របតាមយន្ដការ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ជាការឆ្លើយតប លោក Ueno Atsushi នឹងជម្រាបជូនរដ្ឋាភិបាលនៅទីក្រុងតូក្យូ ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។ លោក ក៏បានបន្ថែមទៀតថា រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយមនុស្សធម៌ទៅដល់ជនភៀសសឹកនៅតាមព្រំដែន ដែលរងផលប៉ះពាល់ពីជម្លោះនេះ ដើម្បីរួមចំណែកចែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជនភៀសសឹក ដែលជានិច្ចកាលភាគីមិត្តជប៉ុនតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការទៅវិញទៅមក៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ