ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មន្ទីរព័ត៌មានខេត្តបាត់ដំបង សហការជាមួយស.ស.យ.កខេត្តផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
Thu,08 January 2026 (Time 08:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 82នាក់)

បាត់ដំបង៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង (ស.ស.យ.ក) ផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមទិសស្លោក«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ដើម្បីបញ្ជ្រាបការយល់ដឹងដល់យុវជនចំពោះព័ត៌មានក្លែងក្លាយ កុំឱ្យយុវជនងាយលង់ជឿជាមួយព័ត៌មានប្រឌិតដែលមានប្រភពមិនច្បាស់លាស់។

យុទ្ធនាការនេះធ្វើឡើងនៅទីស្នាក់ស.ស.យ.កខេត្ត នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង និងលោក ម៉ៅ សុបុណ្ណា ប្រធានក្រុមលេខាធិការដ្ឋាន ស.ស.យ.ក.ខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង និងយុវជនស.ស.យ.កខេត្ត។

លោក សុវណ្ណ វិទិត្យា បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានស.ស.យ.កទទួលបន្ទុកខេត្តបាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ និងឯកឧត្តម ស រដ្ឋា ប្រធានស.ស.យ.កខេត្តដែលបានអនុញ្ញាតឱ្យមន្ទីរព័ត៌មានខេត្តបាត់ដំបងចុះផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយដល់យុវជន។

លោក សុវណ្ណ វិទិត្យា សំណូមពរដល់យុវជនស.ស.យ.កឱ្យចូលរួមផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងលើការប្រើប្រាស់បណ្ដាញសង្គមសំដៅរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសង្គម។

លោក ម៉ៅ សុបុណ្ណា ថ្លែងអំណរគុណដល់មន្ទីរព័ត៌មានខេត្តបាត់ដំបងដែលបានចែករំលែក និងផ្តល់ចំណេះដឹងបន្ថែមទៅដល់យុវជន ថាតើអ្វីទៅដែលហៅថាព័ត៌មានក្លែងក្លាយ សំដៅរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យអស់ដើម្បីផ្តល់សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។

លោក ម៉ៅ សុបុណ្ណា ណែនាំដល់យុវជនត្រូវដើរតួនាទីជាជនបង្គោលក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយតាមរយៈការចែករំលែកព័ត៌មានពិត និងចូលរួមចែករំលែកចំណេះដឹងពីវិធីសាស្រ្តក្នុងការបែងចែកព័ត៌មានពិត និងព័ត៌មានមិនពិតទៅដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋទូទៅ។

សូមជម្រាបជូនថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមទិសស្លោក៖ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» បានចាប់ផ្តើមបើកជាផ្លូវកាហើយកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។យុទ្ធនាការនេះរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងប្រជាពលរដ្ឋ ក្នុងសហគមន៍ក្នុងការបង្អាក់ការចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយមិនមានការផ្ទៀងផ្ទាត់ជាមុន ជាពិសេសរបៀបក្នុងការកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ វិធានការទប់ស្កាត់ការរីកសាយភាយ និងបន្សាប ព័ត៌មានក្លែងក្លាយ ព្រមទាំងបំផុសការបង្កើតទម្លាប់ប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ តាមរយៈការអនុវត្តវិធានការសុវត្ថិភាព ការបង្ការហានិភ័យ និងសកម្មភាពនានាចាំបាច់ក្នុងការធានាសុវត្ថិភាពព័ត៌មាន ក្នុងសង្គម»។យុទ្ធនាការនេះនឹងត្រូវបានអនុវត្តនៅទូទាំងប្រទេសក្នុងរយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសាឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយអ្នកដែលចូលរួមអនុវត្ត យុទ្ធនាការគឺមន្ទីរព័ត៌មានរាជធានី-ខេត្ត ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។សម្រាប់មន្ទីរព័ត៌មានខេត្តបាត់ដំបងបាននិងកំពុងអនុវត្តយុទ្ធនាការនេះរយៈពេលពេញមួយខែក្នុងខែមករា ឆ្នាំ២០២៦នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ