ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការមគ្គុទេ្ទសក៍ព្យាបាលគ្លីនិក វេជ្ជសាស្រ្តទូទៅ សល្យសាស្រ្ត វេជ្ជសាស្រ្តកុមារ សម្ភពនិងរោគស្ត្រី និងទន្តសាស្រ្ត។ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ជាជំហានដ៏សំខាន់មួយក្នុងការធានាថា អ្នកជំងឺគ្រប់រូបនៅគ្រប់ទីកន្លែងអាចទទួលបានសេវាថែទាំ និងព្យាបាលប្រកបដោយគុណភាព ផ្អែកលើភស្តុតាង និងផ្តោតលើមនុស្សជាមូលដ្ឋាន។ មគ្គុទេ្ទសក៍ព្យាបាលគ្លីនិកទាំងនេះ នឹងចូលរួមគាំទ្រកំណែទម្រង់ប្រព័ន្ធសុខាភិបាលទូលំទូលាយផងដែរ ជូនប្រជាជនគ្រប់រូប ទទួលបានតាមរយៈសេចក្ដីណែនាំប្រតិបត្តិ និងសំណុំសកម្មភាពសម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក ជួយពង្រឹងគោលនយោបាយជាតិសម្រាប់ប្រព័ន្ធបញ្ជូន និងគាំទ្រការលើកកម្ពស់ស្តង់ដាទទួលស្គាល់គុណភាពមន្ទីរពេទ្យ។លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់អ្នកជំនាញសុខាភិបាលទាំងអស់ និស្សិតវេជ្ជសាស្ត្រ អ្នកគ្រប់គ្រងមន្ទីរពេទ្យ សាធារណៈ និងឯកជន ត្រូវប្រើប្រាស់មគ្គុទេ្ទសក៍ព្យាបាលគ្លីនិកទាំងនេះ ក្នុងការអនុវត្តកិច្ចការប្រចាំថ្ងៃ។ មគ្គុទ្ទេសក៍នេះ នឹងជួយជាគោលការណ៍ ក្នុងការបង្ហាញផ្លូវឱ្យកាន់តែច្បាស់ពីកត្តាធ្វើឱ្យមានសុវត្ថិភាព និងកត្តាដែលអាចកាត់បន្ថយការធ្ងន់ខ្លាំង ដែលជួយឱ្យក្រុមគ្រូពេទ្យកាន់តែប្រាកដពីការអនុវត្តបាន ឬមិនបាន ត្រូវបញ្ជូនបន្ត ទាន់ពេលវេលា និងចំគោលដៅ ព្រមទាំងជួយដល់ចំនុចអាទិភាព ឬពុំចាំបាច់។ មគ្គុទ្ទេសក៍នេះ នឹងជួយនៅពេលធ្វើអភិបាលកិច្ច ដើម្បីឱ្យកាន់តែមានគុណភាព និងប្រសើរឡើងថែមទៀត ឈានសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តសុខាភិបាល។លោកសាស្រ្តាចារ្យ បានផ្តល់ការណែនាំមួយចំនួន ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ មគ្គុទេសក៍ព្យាបាលគ្លីនិកនេះ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា ធានាបានការបម្រើសេវាថែទាំព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា៖ ១) អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវយកមគ្គុទេសក៍ព្យាបាលគ្លីនិកទាំងអស់ ទៅប្រើប្រាស់ក្នុងការអនុវត្តកិច្ចការថែទាំព្យាបាលប្រចាំថ្ងៃឱ្យបានខ្ជាប់ខ្ជួន។ ២) ត្រូវផ្សព្វផ្សាយនូវមគ្គុទេសក៍ព្យាបាលគ្លីនិកទាំងអស់ ឱ្យបានទូលំទូលាយដល់គ្រូពេទ្យ និងផ្នែកពាក់ព័ន្ធជាអ្នកអនុវត្ត ៣) ពិនិត្យលទ្ធភាពក្នុងការបង្កើតជា Mobile App គ្រប់មគ្គុទេសក៍ព្យាបាលគ្លីនិក ដើម្បីងាយស្រួលដល់គ្រូពេទ្យក្នុងការប្រើប្រាស់ក្នុងពេលបម្រើសេវា ៤) ត្រូវធ្វើបច្ចុប្បន្នភាពមគ្គុទេសក៍ព្យាបាលគ្លីនិកជាប្រចាំ និងបន្ថែមប្រធានបទថ្មី ដែលចាំបាច់តាមបរិបទវិវត្តន៍សង្គមសុខភាព ៥) ធ្វើការសិក្សាស្ទង់មតិអំពីផលប្រយោជន៍ ការពេញចិត្ត ក្នុងការអនុវត្តមគ្គុទេសក៍ព្យាបាលគ្លីនិក ក្នុងកិច្ចការអនុវត្តការថែទាំ ព្យាបាលប្រចាំថ្ងៃ។ក្នុងឱកាសនោះផងដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានប្រកាសស្តីពីការបង្កើត “គណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល ( គ.ទ.គ.ស.)” ដែលជាជំហានយុទ្ធសាស្ត្រសំខាន់មួយបន្ថែមទទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការបម្រើសេវាប្រកបដោយគុណភាពខ្ពស់ សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។ គ.ទ.គ.ស. ដើរតួនាទីជាយន្តការឯករាជ្យ ក្នុងការធានាស្តង់ដាគុណភាពសេវាសុខាភិបាល ទាំងក្នុងវិស័យសាធារណៈ និងឯកជន នឹងជួយលើកកម្ពស់សមត្ថភាពមូលដ្ឋានសុខាភិបាល ពង្រឹងការគ្រប់គ្រងគុណភាព សុវត្ថិភាព និងបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋចំពោះប្រព័ន្ធសុខាភិបាល។លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរដល់ គណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្រ្តថ្នាក់ជាតិរបស់ក្រសួងសុខាភិបាល (SC‑NMTC) និងក្រុមការងារបច្ចេកទេសមគ្គុទេ្ទសក៍ព្យាបាលគ្លីនិក(CPG‑TWGs) គ្រប់ជំនាញ និងអង្គការសុខភាពពិភពលោក ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងដំណើរការអភិវឌ្ឍមគ្គុទេ្ទសក៍ព្យាបាលគ្លីនិកនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ