ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានឱ្យដឹងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ប្រទេសថៃបានបន្តប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌។ ទាហានថៃបានគាស់ និងលុកលុយទន្ទ្រានចូលក្នុងលំនៅឋានប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិឯកជនរបស់ជនស៊ីវិល ដូចជា ម៉ូតូ គោយន្ត និងសម្ភារផ្សេងៗទៀត នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងនៅតំបន់មួយចំនួនទៀត នៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលស្ថិតក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកទង្វើឈ្លានពានទាំងនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារាប់រយពាន់គ្រួសារត្រូវបង្ខំចិត្តចាកចេញពីលំនៅឋាន បាត់បង់ដីធ្លី និងទ្រព្យសម្បត្តិ ដោយពួកគេរស់នៅក្នុងស្ថានភាពគ្មានផ្ទះសម្បែង និងរងនូវការបណ្តេញចេញពីទីលំនៅឋានដោយបង្ខំ ដែលផ្ទុយទាំងស្រុងនឹងសេចក្តីថ្លែងការណ៍កិច្ចព្រមព្រៀង និង កាតព្វកិច្ចអន្តរជាតិនានារបស់រដ្ឋភាគី ស្តីពីការការពារសិទ្ធិមានលំនៅឋានសមរម្យ ព្រមទាំងសិទ្ធិកាន់កាប់ ទ្រព្យសម្បត្តិឯកជន។គ.ស.ម.ក. បានគូសបញ្ជាក់ថា ការចូលមកកាន់កាប់ដោយខុសច្បាប់ ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងក្នុងការវិលត្រលប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជាការរំលោភលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (មាត្រា១១(១)) កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (មាត្រា១៧) អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩០៧ (មាត្រា៤៦និង៤៧) អនុសញ្ញាទីក្រុងហ្សឺណែវ (មាត្រា៣៣) និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (មាត្រា១៧)។ ច្បាប់អន្តរជាតិទាំងអស់នេះ បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិមានលំនៅឋានសមរម្យ និងត្រូវបានការពារពីការជ្រៀតជ្រែកលើលំនៅឋាន ការរឹបអូស ឬលួចប្លន់យកទ្រព្យសម្បត្តិឯកជនពីបុគ្គល ឬក្រុមណាមួយ។ដោយមានការណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ គ.ស.ម.ក. បានដាក់ពាក្យបណ្តឹងប្តឹងទៅកាន់ លោក Volker Türk ឧត្តមស្នងការនៃការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងលោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លើករណីដូចបានរៀបរាប់ខាងលើ។នៅក្នុងពាក្យបណ្តឹងនោះ គ.ស.ម.ក. បានស្នើឱ្យយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៖១. ពិនិត្យ និងដោះស្រាយជាបន្ទាន់ចំពោះផលប៉ះពាល់ដែលបង្កឡើងដោយការរំលោភបំពាន និងការបំផ្លិចបំផ្លាញ ពីសំណាក់ប្រទេសថៃ លើសិទ្ធិមានលំនៅឋានសមរម្យ និងសិទ្ធិជាម្ចាស់កម្មសិទ្ធិក្នុងប្រទេសកម្ពុជា។២. ស្នើឱ្យមានការចូលរួមរវាងយន្តការអង្គការសហប្រជាជាតិ និងរដ្ឋពាក់ព័ន្ធនានា ក្នុងការបញ្ឈប់ភ្លាមៗនូវការបណ្តេញចេញដោយបង្ខំ ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការហាមឃាត់ការវិលត្រលប់ចូលលំនៅឋានវិញ។៣. ស្នើឱ្យប្រទេសថៃដកកងកម្លាំងចេញពីទឹកដីកម្ពុជា បញ្ឈប់ជាបន្ទាន់នូវរាល់ការបំផ្លិចបំផ្លាញលំនៅឋានស៊ីវិល និងធានាការវិលត្រលប់វិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនភៀសសឹកកម្ពុជា។៤. បញ្ជាក់ស្ថានភាពនេះនៅក្នុងបណ្ដឹង និងរបាយការណ៍នានា ថាជាករណីមួយនៃការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមានលំនៅឋានសមរម្យ ដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ។៥. ជំរុញឱ្យប្រទេសថៃផ្តល់នូវការជួសជុលការខូចខាតនានាជូនដល់ជនរងគ្រោះកម្ពុជា ដូចជា ការផ្តល់នូវសំណង និងការធានាមិនឱ្យករណីបែបនេះកើតឡើងជាថ្មីម្តងទៀត។គ.ស.ម.ក. បញ្ជាក់ជាថ្មីថា សិទ្ធិមានលំនៅឋាន គឺជាសិទ្ធិមនុស្សជាមូលដ្ឋាន មិនមែនជាគោលដៅយោធាឡើយ ហើយការបំផ្លិចបំផ្លាញលំនៅឋានស៊ីវិល និងការបណ្តេញចេញដោយបង្ខំ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលទាមទារការឆ្លើយតបទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពពីគ្រប់យន្តការពាក់ព័ន្ធ និងពីសហគមន៍អន្តរជាតិ។ចំពោះភាពអសកម្ម និងយឺតយ៉ាវ ក្នុងការឆ្លើយតបចំពោះអំពើឈ្លានពានដ៏គឃ្លីនរបស់ប្រទេសថៃ មកលើបូរណភាពទឹកដី និងប្រជាជនស៊ីវិលកម្ពុជា បាននិងកំពុងបំផ្លាញជំនឿទុកចិត្តលើប្រព័ន្ធការពារសិទ្ធិមនុស្ស។ ក្នុងស្ថានភាពនេះ ភាពស្ងៀមស្ងាត់ មិនមែនជាអព្យាក្រឹតភាពទេ ប៉ុន្តែជាការអនុញ្ញាតឱ្យមាននិទណ្ឌភាព ភាពអយុត្តិធម៌ និងស្តង់ដាពីរ ដែលធ្វើឱ្យច្បាប់អន្តរជាតិបាត់បង់សុពលភាព និងគំរាមកំហែងដល់សន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ពិភពលោក។គ.ស.ម.ក. អំពាវនាវយ៉ាងទទូចឱ្យរាល់យន្តការ និងសហគមន៍អន្តរជាតិចាត់វិធានការយ៉ាងម៉ឺងម៉ាត់បន្ទាន់ និងប្រកបដោយប្រសិទ្ធភាព ដើម្បីការពារអាយុជីវិត សិទ្ធិសេរីភាពជាមូលដ្ឋាន និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីវិលកម្ពុជា និងធានាឱ្យមានការទទួលខុសត្រូវស្របតាមច្បាប់អន្តរជាតិ ចំពោះអំពើរំលោភបំពានទាំងឡាយដែលបង្កឡើងដោយកងកម្លាំងយោធាថៃ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ