ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីក្រសួងការងារ នាំក្តីសង្ឃឹមជូនបងប្អូនអតីតពលករមកពីប្រទេសថៃ ដោយនាំមកនូវឱកាសការងារជាង ៥ពាន់កន្លែង នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង
Sun,25 January 2026 (Time 10:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 63នាក់)

បាត់ដំបង៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើកទី៥៧៩ ត្រូវបានរៀបចំឡើងនាបរិវេណអនុវិទ្យាល័យកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយនាំមកនូវឱកាសការងារជាង ៥ ០០០ កន្លែង ពីក្រុមហ៊ុន-សហគ្រាសធំៗចំនួន ៦ ដើម្បីផ្ដល់ការសម្ភាស និងទទួលបានការងារភ្លាមៗជូនដល់បងប្អូនអតីតពលករមកពីថៃ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា វេទិកាការងារនេះគឺជាយន្តការដ៏មានប្រសិទ្ធភាព ដោយមានអ្នកចូលរួមសរុបដល់ទៅ ១៥០ ៨៩៩ នាក់ ហើយក្រសួងនឹងបន្តរៀបចំជាហូរហែបន្ថែមទៀតនៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦ នេះ។ ឯកឧត្តមបានបង្ហើបឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានឱកាសការងារក្នុងស្រុកសរុបចំនួន ៨៩ ៥៣៩ កន្លែង នៅទូទាំងប្រទេស ដែលជាសញ្ញាណវិជ្ជមានសម្រាប់បងប្អូនដែលចង់កសាងជីវភាពក្នុងស្រុកកំណើត។

ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការប្រៀបធៀបយ៉ាងស៊ីជម្រៅ ដើម្បីឱ្យបងប្អូនពលករងាយស្រួលក្នុងការសម្រេចចិត្ត។ ឯកឧត្តមបានគូសបញ្ជាក់ថា ការធ្វើការនៅប្រទេសថៃ ទោះបីទទួលបានប្រាក់ឈ្នួលខ្ពស់ជាងបន្តិច ប៉ុន្តែត្រូវប្រឈមនឹងការរើសអើង ហានិភ័យសុវត្ថិភាព ខ្វះការគាំពារសុខភាព និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារបានឡើយ។ ផ្ទុយទៅវិញ ការធ្វើការក្នុងស្រុកគឺជាជម្រើសដ៏ប្រសើរ ដែលផ្ដល់នូវសុភមង្គលក្នុងគ្រួសារ និងអត្ថប្រយោជន៍គាំពារសង្គមដ៏លើសលប់ពីប័ណ្ណ ប.ស.ស. រួមមាន៖ (១)សេវាព្យាបាលឥតគិតថ្លៃ៖ ការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូដោយមិនអស់ប្រាក់។ (២)ប្រាក់សោធននិវត្តន៍៖ ការធានានូវប្រាក់ចំណូលប្រចាំខែនៅពេលចាស់ជរាដូចមន្ត្រីរាជការ។ (៣)ការគាំពារមាតា និងទារក៖ ទទួលបានប្រាក់ឧបត្ថម្ភជាច្រើនលើក ចាប់ពីពេលមានផ្ទៃពោះ រហូតដល់សម្រាលកូន និងការឈប់សម្រាកដែលមានប្រាក់ឈ្នួល។

ស្របតាមការយកចិត្តទុកដាក់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងបានជំរុញឱ្យយុវជនចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេស (TVET ១.៥ លាននាក់)។ ជាពិសេស សម្រាប់បងប្អូនអតីតពលករដែលមានបទពិសោធន៍ស្រាប់ ក្រសួងនឹងរៀបចំការវាយតម្លៃការសិក្សាពីមុន (RPL) ដើម្បីផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញជាផ្លូវការលើវិស័យសំណង់ចំនួន ៨ មុខជំនាញ ដោយឥតគិតថ្លៃ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ នេះតទៅ។

ដោយឡែកសម្រាប់បងប្អូនដែលមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំស្វែងរកទីផ្សារការងារដែលមានស្ដង់ដាខ្ពស់ លក្ខខណ្ឌការងារល្អ និងប្រាក់ចំណូលខ្ពស់ ដូចជានៅប្រទេស ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម ដើម្បីធានាថាបងប្អូនទទួលបានឧត្តមភាព និងសេចក្ដីថ្លៃថ្នូរ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិឱ្យកាន់តែរឹងមាំ។ ប្រសិនបើបងប្អូនមានចម្ងល់ ឬស្វែងរកការងារ សូមទាក់ទងមកកាន់ Hotline ១២៩៧ ឬ ១២៨៦ សម្រាប់ព័ត៌មាន ប.ស.ស.៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ