កណ្តាល៖ មន្ត្រីជំនាញនៃក្រសួងក្រសួងរ៉ែ និងថាមពល បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេមេគង្គ ក្នុងស្រុកល្វាឯម និងស្រុកកៀនស្វាយ សូមរាយការណ៍ ក្នុងករណីដែលក្រុមហ៊ុនបូមខ្សាច់ បូមខុសទីតាំង និងម៉ោងដែលបានកំណត់។ការថ្លែងលើកទឹកចិត្តនេះ បានធ្វើឡើងនៅក្នុងវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការធ្វើអាជីវកម្មខ្សាច់ ស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ និងឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោមវត្តមានលោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល និងលោក កែវ ទួត អគ្គនាយករង អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួង រ៉ែ និងថាមពល នៅវបរិវេណវត្តជ្រៃបឹងគ្រំ ស្ថិតនៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។លោក កែវ ទួត អគ្គនាយករង អគ្គនាយកដ្ឋានធនធានរ៉ែ បានលើកឡើងថា “បងប្អូនប្រជាពលរដ្ឋនៅតាមដងទន្លេទាំងអស់ មេត្តាចូលរួមតាមដាននូវរាល់សកម្មភាពនានាដែលខុសពីលក្ខខ័ណ្ឌរបស់ក្រសួងក្នុងការបូមខ្សាច់ ដូចជា បូមខ្សាច់លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ត្រូវរាយការណ៍មកអាជ្ញាធរ និងក្រសួងជាបន្ទាន់តាមរយៈលេខទូរស័ព្ទលេខ 095 727 727 បានគ្រប់ពេលវេលា ហើយថែមទាំងរក្សានូវការសម្ងាត់ជូនផងដែរ ដើម្បីឱ្យក្រសួងចាត់វិធានការផាកពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដង។”លោកអគ្គនាយករង បានបញ្ចាក់ថា ក្រសួង ក៏ដូចជាអាជ្ញាធរខេត្ត បានតម្រូវឱ្យក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ ត្រូវអនុវត្តឱ្យបានតាមកិច្ចសន្យា និងលក្ខខណ្ឌដែលមានក្នុងអាជ្ញាប័ណ្ណ មិនត្រូវបូមនៅខុសពីកន្លែងដែលបានកំណត់ ឬបូមកៀកច្រាំងទន្លេជាដាច់ខាត។ ករណីធ្វើខុសកិច្ចសន្យា អាចប្រឈមនឹងការផាកពិន័យតាមច្បាប់កំណត់ ឬបិទអាជ្ញាប័ណ្ណតែម្ដង។ក្នុងឱកាសនោះដែរ លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ស្របពេលដែលប្រទេសកំពុងតែមានការអភិវឌ្ឍ ដូចច្នេះ ខ្សាច់ដែលបានមកពីអាជីវកម្មនេះ គឺសំខាន់ណាស់ សម្រាប់យកទៅកសាងហេដ្ឋារចនាសម្ពន្ធ័ សាលារៀន អាគារផ្សេងៗ និងដើម្បីចាក់បំពេញទីតាំងមួយចំនួន ដើម្បីប្រយោជន៍ក្នុងការងារអភិវឌ្ឍន៍នៅតាមមូលដ្ឋាន។លោកអភិបាលរងខេត្ត បានបន្តទៀតថា ក្រុមហ៊ុន មុននឹងធ្វើអាជីវកម្មនៅទីនេះ គឺក្រសួងធនធានទឹក និងឧតុនិយម បានសិក្សាអំពីលំហូរទឹកទន្លេ ល្បឿនទឹក ស្ថានភាពច្រាំង និងកិច្ចការបច្ចេកទេសសំខាន់ៗច្បាស់លាស់ណាស់។ ចំណែកក្រសួងបរិស្ថានវិញ បានសិក្សាអំពីហេតុប៉ះពាល់បរិស្ថាន ពិនិត្យជីវចម្រុះដែលមាន ដូចជា ត្រី និងសត្វដែលរស់នៅក្នុងទឹកមួយចំនួនទៀត ទើបក្រសួងទាំងពីរ ចេញសេចក្តី បញ្ជាក់ជូន ទើបក្រុមហ៊ុន ចាប់ផ្តើមដាក់ពាក្យសុំធ្វើអាជីវកម្មមកក្រសួងរ៉ែ និងថាមពល ដើម្បីទទួលបានអាជ្ញាបណ្ណស្របច្បាប់ មុនពេលធ្វើប្រតិបត្តការ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ