បាត់ដំបង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ត្រូវតែបន្តបង្ក្រាបឱ្យបាននូវរាល់ល្មើសផ្សេងៗ រួមមាន៖ លួច ឆក់ ប្លន់ ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ កម្ចីអនឡាញ អនឡាញស្គេម ក៏ដូចជាបទល្មើសជាច្រើនទៀត ដែលកើតមាននៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាសហអធិបតីជាមួយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានលើកឡើងអំពីការងារសំខាន់ៗមួយចំនួនដូចជា៖ ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងរដ្ឋបាលដែនដី ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ការអភិវឌ្ឍមូលដ្ឋាន ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន និងការពង្រឹងរបៀបរបបការងារ។ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងមានសន្ទុះហក់ឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះមិនថាតែក្នុងខេត្តបាត់ដំបងនោះទេ ពោលគឺទូទាំងប្រទេស ដែលបញ្ហានេះបានក្លាយជាប្រធានបទដ៏ក្ដៅគគុក និងជាចំណុចដ៏គួរឱ្យព្រួយបារម្ភបំផុតសម្រាប់សន្តិសុខ និងសុវត្ថិភាពសង្គមជាតិទាំងមូល។ ក្នុងស្មារតីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ មិនមែនជាភារកិច្ចដាច់ដោយឡែករបស់ស្ថាប័នណាមួយនោះឡើយ ប៉ុន្តែវាទាមទារជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងការសហការគ្នាយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីមន្ត្រីអនុវត្តច្បាប់ រហូតដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបក្នុងនាមជាអ្នកប្រើប្រាស់ផ្លូវថ្នល់។បន្ទាប់ពីបង្ហាញក្តីព្រួយបារម្ភពីគ្រោះថ្នាក់ចរាចរណ៍ ប្រមុខក្រសួងមហាផ្ទៃ បានផ្តល់ការណែនាំដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្ត និងការផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានភាពផុសផុល និងសកម្មខ្លាំងក្លាជាងមុនទ្វេដង។មុននឹងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានលើកឡើងអំពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលនេះគឺជាបេសកកម្មដ៏ចម្បង និងជាចំណុចគន្លឹះដ៏សំខាន់បំផុត ដែលមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់បំពេញដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីថ្នាក់ខេត្ត ក្រុង ស្រុក រហូតដល់ថ្នាក់ឃុំ-សង្កាត់ ត្រូវបន្តខិតខំដុសខាត់សមត្ថភាព និងពង្រឹងយន្តការផ្តល់សេវារដ្ឋបាល ឱ្យកាន់តែមានភាពសាមញ្ញ ងាយស្រួល និងបង្កលក្ខណៈឱ្យកាន់តែខិតជិតកៀកនឹងបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ