ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីអប់រំ៖ ការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាភាពជោគជ័យក្នុងការសិក្សា
Sun,18 January 2026 (Time 08:55 PM)
ដោយ ៖ (ចំនួនអ្នកអាន: 35នាក់)

សៀមរាប៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថាការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាភាពជោគជ័យក្នុងការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។
លោកបណ្ឌិតសភាចារ្យ បានលើកឡើងបែបនេះ នៅក្នុងកម្មវិធីប្រកួតសរសេរតាមអានជាសាធារណៈ "សំណេរអង្គរ"លើកទី៣ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៦នេះ។
លោក មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវកញ្ចប់សម្ភារអំណានថ្នាក់ដំបូង ដែលជាយុទ្ធសាស្ត្រកំណែទម្រង់ដ៏មុតស្រួចបំផុតមួយសម្រាប់ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សា។ ដូច្នេះការរៀបចំព្រឹត្តិការណ៍ក្នុងការប្រកួតសរសេរតាមអាន ក្រោមប្រធានបទ «សំណេរអង្គរ» នាពេលនេះ ក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកស្រលាញ់ចូលចិត្តការសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលទាំងអស់នេះជាបំណិនដ៏សំខាន់ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យយកឱកាសនេះដែរ លើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ឱ្យរៀបចំការប្រឡងប្រណាំងអំណាន និងសំណេរ ឬបង្កើតព្រឹត្តិការណ៍អប់រំនានា ដើម្បីជំរុញដល់ការរៀនសូត្ររបស់សិស្សានុសិស្ស និងអ្នកចូលចិត្តអក្សរសាស្រ្តខ្មែរ អាចបញ្ចេញសមត្ថភាពប្រកបដោយភាពក្លាហាន ទំនុកចិត្ត និងទទួលយកការពិតអំពីសមត្ថភាពពិតប្រាកដដែលខ្លួនមាន ព្រមទាំងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងពង្រឹងការអាន សរសេរ និងនិពន្ធបន្ថែមទៀត សម្រាប់ត្រៀមខ្លួនក្នុងការប្រឡងប្រណាំងនានាក្នុងពេលខាងមុខ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តមតែងតែលើកទឹកចិត្តឱ្យសិស្សានុសិស្ស និងសាធារណជន "អានឱ្យបានច្រើន សរសេរឱ្យបានច្រើន" ដើម្បីពង្រីកពុទ្ធិ និងរក្សាបាននូវភាពត្រឹមត្រូវនៃភាសាជាតិនៅក្នុងយុគសម័យឌីជីថល ដែលជារឿយៗការសរសេរតាមបណ្តាញសង្គមអាចមានការភាន់ច្រឡំច្រើន គឺចង់ឱ្យកូនខ្មែរចាត់ទុក "អក្សរសាស្ត្រ" ជាព្រលឹងជាតិ ហើយការចូលរួមក្នុងកម្មវិធីនេះគឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរក្សាការពារព្រលឹងជាតិឱ្យរឹងមាំ។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ «សំណេរអង្គរ» គឺជាការរួមចំណែកមិនអាចកាត់ថ្លៃបានរបស់យើងទាំងអស់គ្នា ក្នុងការថែរក្សា និងការពារអក្សរសាស្ត្រខ្មែរ ដែលជាអត្តសញ្ញាណជាតិមិនឱ្យបាត់បង់ និងបំផុសស្មារតីរបស់មហាជនបច្ចុប្បន្ន ជាពិសេសយុវជនឱ្យស្រឡាញ់ ថែរក្សា និងលើកស្ទួយអក្សរសាស្ត្រជាតិខ្មែរ។
លោក ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តនិងជំរុញឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានអង្គរ ក៏ដូចជាការផ្សារភ្ជាប់ទៅនឹងវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រធានបទនៃសំណេរដែលបានដកស្រង់ចេញពីចំណេះដឹងវប្បធម៌ និងប្រវត្តិសាស្ត្រហើយឯកឧត្តមបានកោតសរសើរថាវាជួយឱ្យអ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃប្រាសាទបុរាណអត្តសញ្ញាណជាតិ និងមោទនភាពជាតិផងដែរ។
សូមជម្រាបថា ព្រឹត្តិការណ៍អង្គរ លើកទី២៣ បេក្ខជននិងបេក្ខសមណចំនួន១.៨៦០អង្គ/នាក់មកពី ២៥រាជធានី/ខេត្ត ចូលរួមប្រកួតនៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ជាតំបន់បេតិកភណ្ឌពិភពលោក ។ កម្មវិធីនេះ គណៈកម្មការ និងអ្នករៀបចំកម្មវិធីសំណេរអង្គរបាន និមន្ដព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ព្រះសង្ឃនៃសមាគមពុទ្ធសាសនា ដើម្បីការអប់រំកម្ពុជា ដើម្បីអានអត្ថបទសំណេរអង្គរលើកទី៣នេះផងដែរហើយសម្រាប់ការប្រកួតនៅឆ្នាំនេះមានវត្តមានព្រះសង្ឃចូលរួមចំនួន ២៣១អង្គ ចំណែកបេក្ខជន ចាស់ជាងគេអាយុ ៨២ឆ្នាំ និងក្មេងជាងគេ៥ឆ្នាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ