សៀមរាប៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី បានអញ្ជើញជាសហធិបតី ក្នុងកម្មវិធីប្រកួតសរសេរតាមអាន "សំណេរអង្គរ" លើកទី៣ នៅស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ, លោក លឹម ប៊ុនហុក រដ្ឋលេខាធិការ និងជាទីប្រឹក្សានៃក្រសួងព្រះបរមរាជវាំង និងជាស្ថាបនិកសំណេរអង្គរ, ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរជាតិអប្សរា តំណាងអាជ្ញាធរដែនដី តំណាងដៃគូឧបត្ថម្ភ ភ្ញៀវជាតិ និងអន្តរជាតិ។ក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបង្ហាញសេចក្តីរីករាយដែលបានចូលរួមក្នុងកម្មវិធី និងសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីសាមគ្គីភាពរបស់ក្រុមការងារ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយការទទួលខុសត្រូវ និងជាពិសេស ការចូលរួមដោយចេញពីបេះដូងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងព្រឹត្តិការណ៍សំណេរអង្គរនេះ ដែលជានិមិត្តរូបដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទីតាំងស្ពានហាលនៃប្រាសាទអង្គរវត្តនេះ មិនមែនគ្រាន់តែជាសំណង់បេតិកភណ្ឌពិភពលោកនោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ដ៏ធំធេង និងជាបណ្ណាល័យសិលាចារឹកដ៏រស់រវើក ដែលឆ្លុះបញ្ចាំងពីមោទនភាព និងការវិវត្តដ៏រុងរឿងនៃអក្សរសាស្ត្រខ្មែរតាំងពីបុរាណកាលមកដល់ពេលបច្ចុប្បន្ននេះ។ ការមកជួបជុំគ្នានៅទីនេះ គឺជាការបង្ហាញពីមនសិការជាតិក្នុងការរួមគ្នាថែរក្សាអត្តសញ្ញាណអក្សរសាស្ត្រ ដែលជាភារកិច្ចចម្បងរបស់ប្រជាជនខ្មែរគ្រប់រូប ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីឫសគល់ដ៏រឹងមាំរបស់ខ្លួន។ការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាភាពជោគជ័យក្នុងការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ដែលជាយុទ្ធសាស្ត្រកំណែទម្រង់ដ៏មុតស្រួចបំផុតមួយសម្រាប់ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សា។ ការរៀបចំព្រឹត្តិការណ៍ក្នុងការប្រកួតសរសេរតាមអាន ក្រោមប្រធានបទ «សំណេរអង្គរ» នាពេលនេះ ក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកស្រលាញ់ចូលចិត្តការសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលទាំងអស់នេះជាបំណិនដ៏សំខាន់ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ។ សូមយកឱកាសនេះដែរ លើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ឱ្យរៀបចំការប្រឡងប្រណាំងអំណាន និងសំណេរ ឬបង្កើតព្រឹត្តិការណ៍អប់រំនានា ដើម្បីជំរុញដល់ការរៀនសូត្ររបស់សិស្សានុសិស្ស និងអ្នកចូលចិត្តអក្សរសាស្រ្តខ្មែរ អាចបញ្ចេញសមត្ថភាពប្រកបដោយភាពក្លាហាន ទំនុកចិត្ត និងទទួលយកការពិតអំពីសមត្ថភាពពិតប្រាកដដែលខ្លួនមាន ព្រមទាំងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងពង្រឹងការអាន សរសេរ និងនិពន្ធបន្ថែមទៀត សម្រាប់ត្រៀមខ្លួនក្នុងការប្រឡងប្រណាំងនានាក្នុងពេលខាងមុខ។តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកដែលធ្វើឱ្យកម្មវិធីប្រព្រឹត្តទៅបានយ៉ាងរលូន និងសូមកោតសរសើរចំពោះការលះបង់ និងភាពក្លាហានរបស់បេក្ខជនបរទេស ក៏ដូចជាមាតាបិតាបេក្ខជនដែលមានអាយុក្រោម១៨ឆ្នាំ ដែលបានលើកទឹកចិត្តនិងជូនកូនៗមកចូលរួមការប្រកួតនាពេលនេះ និងសូមបួងសួងឱ្យសេចក្ដីស្រឡាញ់អក្សរសាស្ត្រខ្មែរយើង រឹងមាំ ប្រៀបដូចប្រាង្គប្រាសាទដែលកំពុងឈរយ៉ាងស្កឹមស្កៃនេះ។គួរបញ្ជាក់ដែរថា ការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី៣នេះ មានបេក្ខជន និងបេក្ខសមណសរុបចំនួន ១៨៦០អង្គ/នាក់។ សម្រាប់ការប្រកួតនៅឆ្នាំនេះមានវត្តមានព្រះសង្ឃចំនួន ២៣១អង្គ។ ចំណែកបេក្ខជន ចាស់ជាងគេអាយុ ៨២ឆ្នាំ និងក្មេងជាងគេ៥ឆ្នាំ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតលើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុស សមាជិកកាយឫទ្ធិនារីកម្ពុជា រួមទាំងបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក ()
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
វីដែអូ