ភ្នំពេញ៖ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍វិនិយោគិនអឺរ៉ុបបន្ថែមទៀត ខណៈដែលរដ្ឋាភិបាលបន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅ ដើម្បីប្រែក្លាយប្រទេសកម្ពុជា ទៅជាមជ្ឈមណ្ឌលវិនិយោគដ៏ទាក់ទាញមួយនៅក្នុងតំបន់។ នេះបើយោងតាមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាល ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា និងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈពាក់ព័ន្ធ ឱ្យកាន់តែទំនើប និងមានភាពបត់បែនខ្ពស់សម្រាប់ការធ្វើធុរកិច្ច។ជាផ្នែកមួយនៃយុទ្ធសាស្ត្រនេះ កម្ពុជា កំពុងពន្លឿនការកែលម្អប្រសិទ្ធភាព និងសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាច្រកទ្វារដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម និងភស្តុភារកម្ម ដែលមានគោលបំណងពង្រឹងភាពប្រកួតប្រជែង និងគាំទ្រដល់តម្រូវការវិនិយោគដែលកំពុងកើនឡើង។លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃសុក្រ (១៦ ខែមករា) បានដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញលើកទី២ លើឯកសារគោលនយោបាយរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ស្តីពី “ការលើកកម្ពស់ប្រសិទ្ធភាព និងសមត្ថភាពប្រតិបត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ”។កិច្ចប្រជុំនេះ មានការចូលរួមពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំ EuroCham និងតំណាងមកពីស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និងឯកជន។កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាស៊ីជម្រៅលើចំណុចគន្លឹះៗ ក្នុងគោលដៅកែលម្អប្រសិទ្ធភាព និងសមត្ថភាពប្រតិបត្តិការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ តាមរយៈការកំណត់នូវវិធានការជាក់ស្តែងក្នុងរយៈពេលខ្លី ដើម្បីឆ្លើយតបទៅនឹងកំណើនការងារ និងប្រតិបត្តិការដែលកំពុងកើនឡើងនៅកំពង់ផែ, ការប្រកួតប្រជែងពីមជ្ឈមណ្ឌលផលិតកម្មនានានៅក្នុងតំបន់, និងតម្រូវការបន្ទាន់ចាំបាច់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពវិស័យភស្តុភារកម្មនៅកម្ពុជា។ក្នុងឱកាសនោះ តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារ ជាពិសេសលើការធ្វើ ឌីជីថលូបនីយកម្ម ក្នុងការតាមដាននិងគ្រប់គ្រងប្រតិបត្តិការក្នុងកំពង់ផែផ្ទាល់ ដើម្បីបង្កើនតម្លាភាព និងល្បឿននៃសេវាកម្មផងដែរ។ផ្អែកតាមឯកសារគោលនយោបាយដែលបានរៀបចំដោយ គណៈកម្មាធិការដឹកជញ្ជូន និងភស្តុភារកម្ម របស់ EuroCham ចំណុចគន្លឹះចំនួន ៥ ព្រមជាមួយនឹងការផ្តល់យោបល់ជាដំណោះស្រាយ សម្រាប់ការលើកកម្ពស់ប្រសិទ្ធភាព និងសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានលើកយកមកជជែកពិភាក្សាយ៉ាងផុលផុសក្នុងស្មារតីសហការខ្ពស់។លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់សារជាថ្មីពីជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងការត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍វិនិយោគិនអឺរ៉ុបបន្ថែមទៀត ដោយសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនឹងបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីបង្កើតបរិយាកាសអាជីវកម្មកាន់តែងាយស្រួល អាចបត់បែនបាន និងទាក់ទាញ។គួររម្លឹកដែរថា ឯកសារគោលនយោបាយ ស្តីពី “ការលើកកម្ពស់ប្រសិទ្ធភាព និងសមត្ថភាពប្រតិបត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ” នេះ ត្រូវបានរៀបចំ និងដាក់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន ជាលើកដំបូងកាលពីខែសីហា ឆ្នាំ២០២៥ កន្លេងទៅ សម្រាប់ការពិនិត្យបឋម និងផ្តល់ធាតុចូលបន្ថែម មុននឹងឈានមកដល់ការពិនិត្យឡើងវិញលើកទី២ ដ៏មានសារៈសំខាន់នាថ្ងៃនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ