សៀមរាប៖ នៅក្នុងបរិបទដែលសាកលលោកកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ទាំងសង្គមសេដ្ឋកិច្ច និងបច្ចេកវិទ្យា ការជំរុញការអភិវឌ្ឍយុវជន គឺកាន់តែមានសារៈសំខាន់ ដើម្បីឱ្យយុវជនកម្ពុជាអាច ក្លាយជាមូលធនមនុស្ស និងជាកម្លាំងបន្តវេន ប្រកបដោយការយល់ដឹង សមត្ថភាព ក្រមសីលធម៌ និងអាចសម្រេចចិត្តបានដោយត្រឹមត្រូវ ក្នុងសង្គមប្រកបដោយភាពចម្រុះ។ នេះជាការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងពិធីបិទការបោះជំរំជាសកលលើកទី១១ ក្រោមប្រធានបទ “យុវជន និងការអប់រំនៅកម្ពុជា ឆ្នាំ២០៣០” ។លោកបានបន្តថា កម្មវិធីបោះជំរំនេះ គឺជាការជំរុញការយល់ដឹងអំពីវប្បធម៌ សីលធម៌ ចរិយាធម៌ និងបណ្តុះបណ្តាលយុវជនឱ្យក្លាយជាអ្នកចូល រួមយ៉ាងសកម្មក្នុងការថែរក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីបង្កើនការផ្សព្វផ្សាយ ទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជា។លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ការបោះជំរំនេះលើកទឹកចិត្ត ដល់យុវជនក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សបេតិកភណ្ឌ និងលើកកម្ពស់ការយល់ដឹងដល់យុវជន អំពីសារៈសំខាន់នៃការថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ។ តាមរយៈការចូលរួមក្នុងកម្មវិធី យុវជននឹងទទួលបាននូវបទពិសោធថ្មី មានទំនាក់ទំនងជាមួយយុវជនមកពីមជ្ឈដ្ឋានផ្សេងៗ បណ្តុះស្មារតីដល់យុវជនក្នុងការថែរក្សាមរតកជាតិ ចូលរួមលើកស្ទួយនិងផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និង បំណិនជីវិតដល់យុវជនក្នុងយុគសម័យរីកចម្រើន។លោករំពឹងថា ការបោះជំរំជាសកលលើកទី១១ នេះ នឹងក្លាយជាឃ្លាំងដ៏សំខាន់ សម្រាប់ការរៀនសូត្រ ការចែករំលែក និងការអនុវត្តជាក់ស្តែង ដើម្បីណ្តុះបណ្តាលទាំងជំនាញរឹង និងជំនាញទន់ ឲ្យក្លាយជាមូលធនមនុស្ស ដែលជាពលរដ្ឋល្អ ពលរដ្ឋគំរូ មានស្មារតីស្នេហាជាតិ មានវិន័យ គោរពច្បាប់ មានសីលធម៌ និងចូលរួមអភិវឌ្ឍប្រទេសជាតិ។ការបោះជំរំលើកទី១១ នេះ ប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។យោងតាមលោកស្រី ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន បានឲ្យដឹងថា ការបោះជំរំយុវជនជាសកលលើកទី១១ ក្រោមប្រធានបទ “យុវជន និងការអប់រំនៅកម្ពុជា ឆ្នាំ២០៣០” នេះ បានរៀបចំឡើងក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងជួបប្រទះនូវការលំបាក ដែលទទួលរងនូវការឈ្លានពានពីប្រទេសថៃ។ តែទោះជាយ៉ាងណាក៏ដោយ ការផ្តល់នូវការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពដល់យុវជន គឺជាកិច្ចការមិនអាចខ្វះបាន និងត្រូវធ្វើជាប្រចាំ។ លោកស្រីបន្ថែមថា ការបោះជំរំនេះ មានចំនួនយុវជនចូលរួមសរុប ១៨៥នាក់ ក្នុងនោះស្រី ៥៥,១៣% ត្រូវបានជ្រើសរើស ជាតំណាងមកពីគ្រប់រាជធានី ខេត្ត និងមកពីកាយរឹទ្ធិជាតិកម្ពុជា កាកបាទក្រហមកម្ពុជា សមាគម កាយឫទ្ធិនារីកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានជាតិអប់រំកាយនិង កីឡា យុវជនមូស្លីម សិស្សមកពីវិទ្យាល័យអប់រំពិសេស ក្រុមយុវជនជ័យលាភីកម្មវិធីនានារបស់ អគ្គនាយកដ្ឋានយុវជន និងយុវជនស្ម័គ្រចិត្ត នៃអគ្គនាយកដ្ឋានយុវជន។លោកស្រីក៏បានឲ្យដឹងដែរថា ការបោះជំរំយុវជនជាសកលលើកទី១១ នេះ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព ជំរុញការយល់ដឹងអំពីវប្បធម៌ និងបណ្តុះបណ្តាលយុវជនឱ្យក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការថែ រក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាម របស់ព្រះរាជាណាចក្រកម្ពុជា។ លើកទឹកចិត្តដល់យុវជនក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សបេតិកភណ្ឌ និង លើកកម្ពស់ការយល់ដឹងដល់យុវជនអំពីសារៈសំខាន់នៃការថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ