បាត់ដំបង៖ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានដឹកនាំមន្រ្តីរាជការចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។យុទ្ធនាការនេះធ្វើឡើងនៅបរិវេណវិទ្យាល័យសំឡូត នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក ហែម ស៊ីណាក់ អភិបាលរង នៃគណៈអភិបាលស្រុកសំឡូត កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរឃុំ លោកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យសំឡូត។លោក សុវណ្ណ វិទិត្យា ថ្លែងឱ្យដឹងថា ព័ត៌មានក្លែងក្លាយ គឺសំដៅទៅលើរបាយការណ៍មិនពិត ឬព័ត៌មានមិនពិត ដែលត្រូវបានចែករំលែកក្នុងទម្រង់ជាអត្ថបទ រូបភាព វីដេអូ ឬទម្រង់ផ្សេងៗដោយក្លែងបន្លំថាជាព័ត៌មានពិត។ព័ត៌មានក្លែងក្លាយត្រូវបានបង្កើតឡើងដោយបុគ្គល ឬក្រុមដែលធ្វើសកម្មភាពដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬហេតុផលនយោបាយ និងហេតុផលសេដ្ឋកិច្ចជាដើម។ព័ត៌មានក្លែងក្លាយមានចរិតញុះញង់ បំផ្លើសបំភ្លៃសភាពការណ៍ពិត ក្នុងគោលដៅបង្កើតចលាចល ធ្វើឱ្យសង្គមវឹកវរជ្រួលច្របល់។លោក ហែម ស៊ីណាក់ បានបង្ហាញការគាំទ្រ និងថ្លែងអំណរគុណដល់មន្ទីរព័ត៌មានខេត្តបាត់ដំបងដែលបានរៀបចំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីបញ្ជ្រាបការយល់ដឹងដល់អាជ្ញាធរ កងកម្លាំង គ្រូ និងសិស្សានុសិស្សឱ្យបានដឹងពីវិធីសាស្រ្តផ្ទៀងផ្ទាត់ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។លោក ហែម ស៊ីណាក់ បានប្ដេជ្ញាក្នុងការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយតាមរយៈការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងបន្ថែមដល់អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានដឹងថាអ្វីទៅជាព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។ជាមួយគ្នានោះ លោកគ្រូ និងសិស្សនៃវិទ្យាល័យសំឡូត បង្ហាញការកត់សម្គាល់ថា ព័ត៌មានក្លែងក្លាយពិតជាបានបង្កបញ្ហាដល់សង្គមជាតិ ដូច្នេះយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តបាត់ដំបងពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងបញ្ជ្រាបចំណេះដឹងដល់សិស្សានុសិស្ស។សូមជម្រាបជូនថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមទិសស្លោក៖ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» បានចាប់ផ្តើមបើកជាផ្លូវកាហើយកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។យុទ្ធនាការនេះរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងប្រជាពលរដ្ឋ ក្នុងសហគមន៍ក្នុងការបង្អាក់ការចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយមិនមានការផ្ទៀងផ្ទាត់ជាមុន ជាពិសេសរបៀបក្នុងការកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ វិធានការទប់ស្កាត់ការរីកសាយភាយ និងបន្សាប ព័ត៌មានក្លែងក្លាយ ព្រមទាំងបំផុសការបង្កើតទម្លាប់ប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ តាមរយៈការអនុវត្តវិធានការសុវត្ថិភាព ការបង្ការហានិភ័យ និងសកម្មភាពនានាចាំបាច់ក្នុងការធានាសុវត្ថិភាពព័ត៌មាន ក្នុងសង្គម»។យុទ្ធនាការនេះនឹងត្រូវបានអនុវត្តនៅទូទាំងប្រទេសក្នុងរយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសាឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយអ្នកដែលចូលរួមអនុវត្ត យុទ្ធនាការគឺមន្ទីរព័ត៌មានរាជធានី-ខេត្ត ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។សម្រាប់មន្ទីរព័ត៌មានខេត្តបាត់ដំបងបាននិងកំពុងអនុវត្តយុទ្ធនាការនេះរយៈពេលពេញមួយខែក្នុងខែមករា ឆ្នាំ២០២៦នេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ