ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តវិធានការ លើអ្នកលក់ដូរបន្លែ ផ្លែឈើ ដែលគ្មានសណ្ដាប់ធ្នាប់នៅតំបន់ជុំវិញផ្សារដើមគរចាស់ នៅថ្ងៃទី១៨ មករា
Tue,13 January 2026 (Time 08:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 85នាក់)

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមករាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមអនុវត្តវិធានការ ដោយជំរុញឱ្យអ្នកលក់ដូរបន្លែ ផ្លែឈើ ដែលគ្មានសណ្ដាប់ធ្នាប់នៅលេី ដងផ្លូវ លេីចិញ្ចើមផ្លូវ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានា នៅតំបន់ជុំវិញផ្សារដេីមគរចាស់ក្នុងខណ្ឌទួលគោក ខណ្ឌ​បឹងកេងកង​ ឱ្យទៅលក់ដូរនៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ​ ក្នុងខណ្ឌព្រែកព្នៅ គឺមិនអនុញ្ញាតិឱ្យពួកគាត់លក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលេីដងផ្លូវ និងលើចិញ្ចើមផ្លូវនេះតទៀតទេ។

ការបញ្ជាក់បែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមវត្តមាន ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លេីកឡេីងថា អ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់នៅលេីដងផ្លូវ លេីចិញ្ចើមផ្លូវ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានា នៅតំបន់ជុំវិញផ្សារដេីមគរ មានចំនួនជាង​ ៧០០អាជីវកម្ម ហើយចាប់ពីថ្ងៃទី១៨ ខែមករាខាងមុខនេះតទៅ ពួកគាត់មិនត្រូវបានអនុញ្ញាតិឱ្យលក់ដូរបន្តទៀតទេ ពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យទៅលក់នៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ​ ក្នុងខណ្ឌព្រែកព្នៅ។​ រដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រូងនិងចិញ្ចើមផ្លូវទាំងនេះ មកជួលជុលថែទាំ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញ។

គេនឹងសួរថាចុះកន្លងមកហេតុអ្វីបានរដ្ឋបាលរាជធានីមិនអនុវត្តវិធានការបែបនេះ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ដោយសារពីមុនយើងមិនទាន់មានទីតាំងសម្រាប់ពួកគាត់លក់ដូរ តែពេលនេះយើងមានទីតាំងសម្រាប់ពួកគាត់ហើយ ទើបយើងឱ្យពួកគាត់ចាកចេញពីលើទ្រូងនិងចិញ្ចើមផ្លូវទាំងនេះ។ ចំពោះបងប្អូនដែលផ្លាស់ទៅទីតាំងថ្មីនេះ បងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវទៅថ្ងៃអនាគត់ ព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផង។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានជម្រាបជូនក្រុមប្រឹក្សារាជធានីភ្នំពេញ អំពីការងាររក្សាសន្តិសុខ សុវត្ថិភាព ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អ ជាមួយនិងការបង្ក្រាបបទល្មើសគ្រប់ប្រភេទបានជាបន្តបន្ទាប់ផងដែរ រហូតដល់រដ្ឋបាលរាជធានីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋយ៉ាងខ្លាំង។

បន្ថែមពីនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានជម្រាបជូនក្រុមប្រឹក្សារាជធានីភ្នំពេញ លើការងារជួយឧបត្ដមចំពោះវីរៈកងទ័ពជួរមុខនិងជនភៀសសឹកផងដែរ ដោយឯកឧត្ដមបានបញ្ជាក់ថា៖ អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងអំណោយរបស់សប្បុរសជននានា ដែលបានប្រគល់ជូនមករដ្ឋបាលរាជធានី យើងបានបញ្ជូនដល់ដៃវីរៈកងទ័ពជួរមុខ វីរៈកងនគរបាលជាតិនិងជនភៀសសឹកយ៉ាងពិតប្រាកដ ដែលបង្ហាញឱ្យឃើញពីការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។

ក្នុងកិច្ចប្រជុំនោះដែរឯកឧត្ដម​ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ កន្លងមកនេះ មានសារព័ត៌មានមួយចំនួនតូច​ បានផ្សព្វផ្សាយព័ត៌មានមិនពិត ថាផ្សារដើមគរត្រូវផ្លាស់ប្តូរទីតាំងថ្មី តែធាតុពិតផ្សារដើមគរមិនត្រូវបានផ្លាស់ប្តូរនោះទេ អ្វីដែលត្រូវផ្លាស់ប្តូរ គឺអ្នកលក់ដូរបន្លែផ្លែឈើ គ្មានសណ្ដាប់ ធ្នាប់នៅលេីដងផ្លូវ លេីចិញ្ចើមផ្លូវ នៃមហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវ នានា នៅតំបន់ជុំវិញផ្សារដេីមគរប៉ុណ្ណោះ ដែលត្រូវផ្លាស់ប្តូរទៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ​ ក្នុងខណ្ឌព្រែកព្នៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ