ករណីគ្រឿងញៀនជិត ១តោន ៖ ចោទប្រកាន់ស្នងការរងខេត្តកំពតម្នាក់និងបក្ខពួក៦នាក់
តំណាងអយ្យការបានសម្រេចបើកការចោទប្រកាន់លើលោកហួ យ៉ៃ ស្នងការរងនគរបាលខេត្តកំពត និងបក្ខពួកចំនួន ៦នាក់
ពីបទរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន, ការសមគំនិតក្នុងអំពើខាងលើ, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសម្អាតប្រាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែវិច្ឆិកាបានអោយដឹងថាៈ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១៧២២ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណី រក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន, ការសមគំនិត, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និង សម្អាតប្រាក់ ប្រព្រឹត្តនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ, នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត និងនៅក្នុងភូមិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងខែកញ្ញា រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
នៅថ្ងៃកើតហេតុខាងលើ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីនេះ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពី កម្លាំងការិយាល័យស្រាវជ្រាវចារកិច្ចមូលដ្ឋានសមុទ្ររាម និងតាមការ ស្រាវជ្រាវរបស់មន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ ចំនួន ៧នាក់
១/ឈ្មោះ SONEYASAO ON ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឡាវ
២/ឈ្មោះ SISOUPHANH KHAMDY ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឡាវ
៣/ឈ្មោះ PHAVONG NGAM SANTIXAY ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិឡាវ
៤/ឈ្មោះ ហួ យ៉ៃ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ
៥/ឈ្មោះ ថែន ទូច ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ
៦/ឈ្មោះ គឹម សំណាង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ
៧/ឈ្មោះ ហួរ ច័ន្ទ វិច្ឆិកា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងឆែកឆេររកឃើញមានវត្ថុតាងចាប់យកជា សារធាតុញៀន ប្រភេទកេតាមីន (KETAMINE) ទម្ងន់សរុប ៨៧៤ គីឡូក្រាម និង សម្ភារៈផ្សេងៗទៀតមានជាអាទិ៍ អាវុធខ្លី ១ដើម, គ្រាប់អាវុធវែង-ខ្លី, ទូរសព្ទដៃ, រថយន្ត, ម៉ូតូ និងថង់ច្រកគ្រឿងញៀនមួយចំនួន ដែលបម្រើឱ្យសកម្មភាព ល្មើសខាងលើ ។
ក្រោយពីតំណាងអយ្យការបានទទួល និងពិនិត្យលើសំណុំរឿងខាងលើ ព្រមទាំងផ្អែកទៅលើភស្តុតាងពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចបើកការចោទប្រកាន់លើជនសង្ស័យ ចំនួន ៧នាក់ (ឃាត់ខ្លួន) ខាងលើ និងបុគ្គលជាប់ពាក់ព័ន្ធផ្សេងទៀត ពីបទ រក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន, ការសមគំនិតក្នុងអំពើខាងលើ, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសម្អាតប្រាក់ តាម បញ្ញត្តិមាត្រា ៤៨ កថាខណ្ឌទី ១, កថាខណ្ឌទី ២, កថាខណ្ឌទី ៣, កថាខណ្ឌទី ៦ នៃច្បាប់សីពីការត្រួតពិនិត្យ គ្រឿងញៀន, មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញ ប្បទានភេវរកម្ម និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទះ និងគ្រាប់រំសេវ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៤៣៨ អ.យ.៨/២៦ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
បន្ថែមពីការចោទប្រកាន់ខាងលើ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក៏បានសម្រេចឃាត់ទុកទ្រព្យ សម្បត្តិជាបណ្តោះអាសន្ន ដែលមានតម្រុយសង្ស័យថាជាទ្រព្យសម្បត្តិ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឬផលនៃបទ ល្មើសសម្អាតប្រាក់៕