អ្នកនយោបាយបានលើកឡើងថា ប្រទេសបារាំងដែលបានបង្ហាញជំហរចង់ជួយចូលរួមដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ខណៈដែលចិននិងអាម៉េរិកក៏បានចូលរួមជួយសម្របសម្រួលរហូតមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ។ឯកឧត្តម អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរបានថ្លែងថា ចំពោះប្រទេសបារាំងដែលចង់ជួយចូលរួមដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជានិងថៃ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយបើបានបារាំងចូលរួមជួយសម្របសម្រួលថែមទៀត គឺកាន់តែមានទម្ងន់។ ហើយក៏បានសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងក្នុងបញ្ជៀសនៅសង្គ្រាមរវាងកម្ពុជានិងថៃ និងបានធ្វើការទូតជាមួយបរទេសក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ឯកឧត្តមបានបញ្ជាក់ថា ៖ “បើបានបារាំងមកចូលរួមដោះស្រាយកាន់តែមានទម្ងន់ ពីមុនមានចិន មានអាម៉េរិកជួយសម្របសម្រួល ឥឡូវបើបានបារាំងមកចូលរួមមួយទៀត គឺជាការល្អបំផុត។ បើរម្លឹកទៅប្រវត្តិសាស្ត្រដើមរបស់យើងបារាំងបានជួយយើងជាច្រើនមកហើយតាំងពីថៃឈ្លានពានតាំងពីសតវត្សទី១៨មករហូតដល់ព្រះបាទអង្គឌួងពឹងបារាំងមកការពារប្រទេសជាតិរបស់យើង។ ឥឡូវនេះ ក៏មានវិបត្តិដូចគ្នាដែរថៃកំពុងឈ្លានពានយើង ហើយអាម៉េរិក និងចិនក៏បានចូលសម្របសម្រួលដោះស្រាយមួយឆ្នាំហើយ តែដំណើរការមិនទាន់បានល្អពេញចិត្តទៅតាមអ្វីដែលយើងចង់បាននៅឡើយ។ ហើយបើពេលនេះ បើបានបារាំងមានចេតនាចង់ចូលរួមដោះស្រាយវិវាទរវាងកម្ពុជានិងថៃ យើងក៏កាន់តែមានទម្ងន់។ សូមស្វាគមន៍បារាំងដែលជាមហាអំណាចមួយដែរមកចូលរួមដោះស្រាយឲ្យបានឆាប់រហ័សដើម្បីឲ្យប្រជាពលរដ្ឋដែលរងគ្រោះជាង ២ម៉ឺននាក់ បានត្រឡប់ទៅកាន់ភូមិឋានវិញ ហើយបញ្ហាព្រំដែនត្រូវបានដោះស្រាយទៅតាមសន្តិវិធី និងមិនធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះទាំងសងខាង”។ឯកឧត្តម សែម សម្បត្តិ ប្រធានគណបក្សមហានគរបានថ្លែងថា កម្ពុជាមកដល់ពេលនេះនៅតែបោះជំហានដ៏រឹងមាំនៅលើឆាកអន្តរជាតិជាមួយឆន្ទៈដ៏មានទម្ងន់ និងសុច្ចរិតភាពដ៏មុតស្រួចទៅលើរបៀប វារៈក្នុងការប្រកាន់ជំហរសន្តិភាព និងការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធីដោយការទូតតាមច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញាដែលមានស្រាប់ និងយន្តការនៃទ្វេភាគីក្នុងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងភាគីកម្ពុជាជាមួយភាគីថៃ ។ អំណះអំណាងអំពីភាពរឹងមាំរបស់កម្ពុជា គឺបានឆ្លុះបញ្ចាំងដោយជំហររបស់បណ្ដាលប្រទេសអន្តរជាតិជាច្រើននៅក្នុងពិភពលោកនិងតំបន់បានបង្ហាញអំពីជំហរគាំទ្រដល់ការដោះស្រាយរបស់កម្ពុជា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងបង្កើតយន្តការសន្តិភាពជាមួយកម្ពុជាដែលជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងសន្តិភាព គោរពច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះជាមួយកម្ពុជាដោយសន្តិវិធី និងមិនរារាំងដល់ការវិលត្រឡប់ទៅរស់នៅលំនៅឋានដើមវិញ របស់ប្រជាជនភៀសសឹកជាង ២ ម៉ឺននាក់ របស់កម្ពុជា។ឯកឧត្តមបានបញ្ជាក់ថា ៖ “សំឡេងរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនភៀសសឹក ដែលរងគ្រោះដោយការឈ្លានពានពីប្រទេសថៃ និងគោលជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី គឺតាមរយៈយន្តការទ្វេភាគី ដែលបានព្រមព្រៀងគ្នា ដោយផ្អែកលើច្បាប់អន្តរជាតិ ដែលបានជ្រួតជ្រាបយ៉ាងទូលំទូលាយ ទៅក្នុងសហគមន៍តំបន់ និងអន្តរជាតិ ។ អ្វីដែលចង់គូសបញ្ជាក់នោះ គឺកម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មាធិការព្រំដែនឥណ្ឌូចិន អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែនមិនកែប្រែគោរពលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មាធិការកំណត់ព្រំដែនឥណ្ឌូចិន-សៀម MOU ២០០០, TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ”។ទាក់ទងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានថ្លែងប្រាប់ BTV ថា “ឥឡូវបារាំងក៏គាត់ចង់ជួយដែរ យើងស្វាគមន៍ទាំងអស់ឲ្យតែប្រទេសទាំងអស់នឹងគឺថាជួយៗក្នុងន័យស្វែងរកដំណោះស្រាយដោយសន្តិវិធី ហើយស្របតាមច្បាប់អន្តរជាតិ ហើយយើងអត់ចង់បានអីលើសពីនឹងទេ។ បើបារាំងជួយក៏យើងស្វាគមន៍ ចិនបន្តជួយយើងនៅតែបន្តស្វាគមន៍។ គេយល់សភាពការណ៍ច្រើនជាងមិន គេដឹងថាអ្នកណាធ្វើខុសអ្នកណាធ្វើត្រូវ អីចឹងគេយកចិត្តទុកដាក់ក្នុងការជួយកម្ពុជា ព្រោះកម្ពុជាជាប្រទេសតូចជាងខ្សោយជាង”៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ