សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំឱ្យភាគីពាក់ព័ន្ធសិក្សាច្បាប់ WTO ដើម្បីការពារសិប្បកម្ម ឬឧស្សាហកម្មមួយចំនួន ដោយកំណត់ឱ្យមានតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះដែលអាចវិនិយោគបាន មិនអនុញ្ញាតឱ្យជនបរទេសចូលវិនិយោគឡើយ។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិបតី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកពិព័រណ៍ផលិតផលខ្មែរ លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការពង្រឹងផលិតកម្មក្នុងស្រុក ត្រូវដើរទន្ទឹមគ្នានឹងការរក្សាបរិយាកាសពាណិជ្ជកម្មបើកចំហ និងការប្រកួតប្រជែងដោយស្មើភាព ដើម្បីឱ្យរោងចក្រ-សហគ្រាសកម្ពុជា អាចអភិវឌ្ឍខ្លួនជាប្រចាំសំដៅចូលកាន់តែជ្រៅទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និង សកល។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ខាងមុខ ដូច្នេះការផ្លាស់ប្តូរឋានៈនេះ ជាវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ប៉ុន្តែក៏ទាមទារឱ្យសេដ្ឋកិច្ច និង រោងចក្រ-សហគ្រាស ត្រូវមានសមត្ថភាពប្រកួតប្រជែងកាន់តែរឹងមាំ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃលក្ខខណ្ឌពាណិជ្ជកម្ម និងការអនុគ្រោះអន្តរជាតិ។ ដូច្នេះ ការកែលម្អគុណភាពផលិតផល, ការពង្រឹងប្រសិទ្ធភាពផលិតកម្ម, ការបង្កើនផលិតភាពការងារ, ការចាប់យកបច្ចេកវិទ្យាថ្មីៗ និងការពង្រីកទីផ្សារ ជាការដ្ឋានកែទម្រង់អាទិភាពរបស់រោងចក្រ-សហគ្រាសកម្ពុជា ចាប់ពីពេលនេះតទៅ។សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ គោលដៅរបស់យើងមិនមែនរឿងផលិតផលមួយៗទេ គោលដៅរបស់យើងដាក់ទិសដៅរួម គឺការជំនួសការនាំចូលឱ្យកាន់តែតិចអប្បរមា ហើយការជំនួសនេះឱ្យកាន់តែច្រើនដោយផលិផលក្នុងស្រុកជាកញ្ចប់តែម្ដង។ ត្រូវហើយ WTO តែច្បាប់ក៏មានការការពារ ប៉ុន្តែគួរគិតមើលថាតើ សិប្បកម្មផ្គត់ផ្គង់សម្ភារក្នុងស្រុកមួយចំនួន គួរតែដាក់បម្រុងទេ សម្រាប់តែផលិករខ្មែរយើង? កុំឱ្យគ្រាន់តែផលិតកែវ ចានឆ្នាំងអី ថៅកែក៏បរទេសដែរ។ ហៅគេមកវិនិយោគ តែត្រូវវិនិយោគធំៗដែលមានបច្ចេកវិទ្យានាំមក។ អ៊ីចឹង ឱ្យសិក្សាជាមួយ WTO អីទៅ ព្រោះពេលខ្លះយើងត្រូវការពារ គ្រប់ប្រទេសទាំងអស់គេមាន។ ឧស្សាហកម្មមួយចំនួនត្រូវការពារសម្រាប់ក្នុងស្រុក។ ឧទាហណ៍ ខ្មែរយើងចំណាយ ២០០លានដុល្លារទៅលើចាន កែវជ័រ ក្រដាសអីៗហ្នឹង អ៊ីចឹង ទុក ២០០លានហ្នឹង បម្រុងឱ្យសិប្បកម្មក្នុងស្រុកយើងវិញទៅ... កុំឱ្យគេ (វិនិយោគិនបរទេស)មកប្រកួត” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និងពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។គួរបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះឡើង ក៏ដើម្បីផ្តល់តម្លៃ និងលើកទឹកចិត្តដល់សហគ្រិននៅទូទាំងប្រទេស ក្នុងការចាប់យកឱកាសមាស ពង្រឹងខ្សែច្រវាក់ផលិតកម្ម បង្កើតការងារ ជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីពង្រីកទីផ្សារ។ ជាពិសេស ក្នុងបរិបទដែលផលិតផលក្នុងស្រុកកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាមិនត្រឹមតែពីប្រជាជនក្នុងស្រុកនោះទេ ប៉ុន្ដែប្រជាជនខ្មែរដែលរស់នៅឯនាយសមុទ្រ ក៏គាំទ្រផលិតផលជាតិយ៉ាងខ្លាំងខ្លាដែរ ដែលជាកម្លាំងចលករដ៏សំខាន់ជួយឱ្យផលិតផលខ្មែរអាចជំនួសទំនិញនាំចូលបានយ៉ាងលើសលុប ព្រមទាំងចូលរួមបង្កើតការងារជូនពលករដែលវិលត្រឡប់មកពីក្រៅប្រទេស ធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានភាពធន់ និងរឹងមាំយូរអង្វែង។ «ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ មានអ្នកចូលរួមដាក់តាំងបង្ហាញជាង ៣០០ស្ដង់ និងផលិតផលជាង ១ ០០០ មុខ មកពីបណ្តាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជាទូទាំង២៥ រាជធានី-ខេត្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ