សម្តេចធិបតី អំពាវនាវដល់ ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណាក្ដី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិបតី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកពិព័រណ៍ផលិតផលខ្មែរ លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។ សម្តេច ក៏បានអំពាវនាវដល់អ្នកគាំទ្រ ត្រូវគាំទ្រផលិតខ្មែរដោយការស្រឡាញ់ ដើម្បីពង្រឹងការផលិតក្នុងស្រុក កុំគាំទ្រព្រោះតែការពហិការផលិតផលប្រទេសដទៃ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងគុណភាព សុវត្ថិភាព ស្តង់ដា និង ទំនុកចិត្តលើផលិតផល រោងចក្រ-សហគ្រាសកម្ពុជាទាំងអស់ ត្រូវប្រឹងប្រែងពង្រឹងគុណភាព, សុវត្ថិភាព, ស្តង់ដា ជាពិសេស ទំនុកចិត្តលើផលិតផលរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះពិតប្រាកដ នៃភាពប្រកួតប្រជែងតាមរយៈ ការកែលម្អការរចនា, ការវេចខ្ចប់ និង ការកសាងម៉ាកផលិតផល ពីព្រោះ ការគាំទ្ររបស់អ្នកប្រើប្រាស់ អាចបង្កើតឱកាសទីផ្សារដំបូង, ប៉ុន្តែ គុណភាព, ថ្លៃសមរម្យ និង ភាពទៀងទាត់នៃការផ្គត់ផ្គង់ ទើបជាកត្តារក្សាទីផ្សារឱ្យមានចីរភាព ។
សម្ដេចធិបតី លើកឡើងថា ការចុះបញ្ជីផលិតផល (ចបផ) ជាឧបករណ៍ចាំបាច់សម្រាប់ពង្រឹងការគ្រប់គ្រងគុណភាព, ការការពារអ្នកប្រើប្រាស់, និង ការកសាងទំនុកចិត្តលើទីផ្សារ, ដោយសារ ដើម្បីទទួលបានអាជ្ញាបណ្ណ ចបផ, រោងចក្រ-សហគ្រាស ត្រូវឆ្លងកាត់នីតិវិធីច្បាស់លាស់ រួមមាន៖ ការផ្តល់លទ្ធផលវិភាគតេស្តផលិតផលពីមន្ទីរពិសោធដែលមានការទទួលស្គាល់ និង ការពិនិត្យស្របតាមស្តង់ដាជាតិ។ ដូច្នេះ រោងចក្រ-សហគ្រាស, សិប្បកម្ម និង ក្រុមហ៊ុននាំចូលទាំងអស់ ត្រូវទៅចុះបញ្ជីផលិតផលឱ្យបានត្រឹមត្រូវ ហើយត្រូវគោរពកាតព្វកិច្ចគុណភាព និង សុវត្ថិភាព ជាប្រចាំ។ ជាមួយនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវដាក់ចេញយុទ្ធនាការជំរុញការចុះបញ្ជីផលិតផល ដោយបង្កើនការផ្សព្វផ្សាយ និង សម្រួលនីតិវិធី ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែទូលាយ។
សម្ដេចធិបតី មានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ, សេវាវិភាគតេស្ត, វិញ្ញាបនបត្រ, និងការណែនាំបច្ចេកទេស, ព្រមទាំង កែលម្អការចុះបញ្ជីផលិតផល ឱ្យកាន់តែងាយស្រួល និង មានប្រសិទ្ធភាព, ជាពិសេស ត្រូវពង្រឹង ការផ្សព្វផ្សាយ, ការផ្ទៀងផ្ទាត់ព័ត៌មានផលិតផល និង ការតាមដានអនុលោមភាព ដើម្បីធានាថា ប្រព័ន្ធចុះបញ្ជីផលិតផលរួមចំណែកជាក់ស្តែងដល់ការការពារសុខភាពរបស់ប្រជាពលរដ្ឋ និង ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា។
គួរបញ្ជាក់ថា «ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ មានអ្នកចូលរួមដាក់តាំងបង្ហាញជាង ៣០០ស្ដង់ និងផលិតផលជាង ១ ០០០ មុខ មកពីបណ្តាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជាទូទាំង២៥ រាជធានី-ខេត្ត។ ការរៀបចំពិព័រណ៍នេះ ដើម្បីផ្តល់តម្លៃ និងលើកទឹកចិត្តដល់សហគ្រិននៅទូទាំងប្រទេស ក្នុងការចាប់យកឱកាសមាស ពង្រឹងខ្សែច្រវាក់ផលិតកម្ម បង្កើតការងារ ជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីពង្រីកទីផ្សារ។ ជាពិសេស ក្នុងបរិបទដែលផលិតផលក្នុងស្រុកកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាមិនត្រឹមតែពីប្រជាជនក្នុងស្រុកនោះទេ ប៉ុន្ដែប្រជាជនខ្មែរដែលរស់នៅឯនាយសមុទ្រ ក៏គាំទ្រផលិតផលជាតិយ៉ាងខ្លាំងខ្លាដែរ ដែលជាកម្លាំងចលករដ៏សំខាន់ជួយឱ្យផលិតផលខ្មែរអាចជំនួសទំនិញនាំចូលបានយ៉ាងលើសលុប ព្រមទាំងចូលរួមបង្កើតការងារជូនពលករដែលវិលត្រឡប់មកពីក្រៅប្រទេស ធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានភាពធន់ និងរឹងមាំយូរអង្វែង៕