សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ក្នុងបរិបទពហុវិបត្តិ ការពង្រឹងផលិតកម្មក្នុងស្រុក គឺជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ និងបានជំរុញឱ្យអ្នកផលិតទាំងអស់ត្រូវ ផ្ដោតលើសមត្ថភាពការផលិតទំនិញ និងការផ្ដល់សេវាប្រកួតប្រជែង។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកពិព័រណ៍ផលិតផលខ្មែរ លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ បានថ្លែងបញ្ជាក់ថា កម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ២០២៩ ដែលការផ្លាស់ប្ដូរឋានៈនេះ គឺជាវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ប៉ុន្តែក៏ទាមទារឱ្យសេដ្ឋកិច្ច និងរោងចក្រសហគ្រាសរបស់យើង ត្រូវមានសមត្ថភាពប្រកួតប្រជែងកាន់តែរឹងមាំ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃលក្ខខណ្ឌពាណិជ្ជកម្ម និងការអនុគ្រោះអន្តរជាតិ។ ដូច្នេះការកែលម្អ គុណភាពផលិតផល ការពង្រឹងផលិតភាពផលិតកម្ម ការបង្កើតផលិតភាពការងារ ការចាប់យកបច្ចេកវិទ្យាថ្មីៗ ការពង្រីកទីផ្សារ ជាការដ្ឋានកែទម្រង់អាទិភាពរបស់រោងចក្រសហគ្រាសចាប់ពីពេលនេះតទៅ។សម្ដេចធិបតី បានបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ ជាវេទិកាផ្សារភ្ជាប់រវាងអ្នកផលិត អ្នកចែកចាយ និងអ្នកលក់រាយ សំដៅជំរុញឱ្យមានការផ្លាស់ប្ដូរពីការផ្សព្វផ្សាយផលិតផលទៅជាការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្ម។ ប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» មានន័យថា រោងចក្រសហគ្រាសក្នុងស្រុក ត្រូវរួមគ្នាផលិតឱ្យបានច្រើន ប្រកបដោយគុណភាព សុវត្ថិភាព ស្តង់ដា ថ្លៃសមរម្យ និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព។ អ្នកប្រើប្រាស់ក្នុងស្រុក ទាំងគេហជន រោងចក្រសហគ្រាស ត្រូវផ្ដល់អាទិភាពខ្ពស់ចំពោះផលិតផលក្នុងស្រុក ដើម្បីជំរុញសមត្ថភាពផលិតកម្ម ជំរុញតម្លៃបន្ថែម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ចជាតិយើង។សម្ដេចធិបតី បានធ្វើការកោតសរសើរដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា សហគមន៍មូលនិធិសម្ដេចតេជោ ព្រំទាំងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាគិត រៀបចំឱ្យមានពិព័រណ៍ផលិតផលខ្មែរជាប្រចាំដើម្បីលើកកម្ពស់សក្ដានុពលផលិតកម្មក្នុងស្រុក លើកស្ទួយផលិតផលជាតិ និងបង្កើនឱកាសពាណិជ្ជកម្មដល់រោងចក្រសហគ្រាសកម្ពុជា។សម្ដេចធិបតី អំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ស្រុះស្រួលគ្នាសហការជាមួយវិស័យឯកជន ក្នុងស្មារតីឧត្តមនិយម ឧត្តមប្រយោជន៍ជាតិ និងប្រជាជន សំដៅបង្កើតនូវសហថាមពលនៃការអភិវឌ្ឍ វិស័យសហគ្រាសធុនតូច មីក្រូតូច និងមធ្យមនៅកម្ពុជា។សម្ដេចធិបតី៖ រាជរដ្ឋាភិបាល បានចាត់ទុកវិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងជាដៃគូមិនអាចខ្វះបានក្នុងការបង្កើតការងារ បង្កើតចំណូលគ្រួសារ លើកកម្ពស់ផលិតកម្ម និងតម្លៃបន្ថែមក្នុងស្រុក ជំរុញសហគ្រិនភាព និងនវានុវត្តន៍ និងជំរុញភាពធន់ និងបរិយាប័ន្ននៃសេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក សហគ្រាសធុនមីក្រូតូច មធ្យម មានខ្លួនតូច តែមានតួនាទីធំក្នុងការពង្រឹងភាពរឹងមាំ នៃសេដ្ឋកិច្ចគ្រួសារ មូលដ្ឋាន និងជាតិទាំងមូល៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ