ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយចំនួន១០លានដុល្លារ សម្រាប់ការកសាងសមត្ថភាពកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
Sun,11 January 2026 (Time 08:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 38នាក់)

ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក បានជម្រាបសម្តេចបវរធិបតីថា "សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយចំនួន១០លានដុល្លារ សម្រាប់ការកសាងសមត្ថភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា"។ ការជម្រាបនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។

ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីកក៏បានជម្រាបជូនសម្តេចបវរធិបតីថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជាពិសេស ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយឯកឧត្តមក៏បានសម្តែងសេចក្តីរីករាយចំពោះយោធិនកម្ពុជា ១៨ រូប ដែលត្រូវបានដោះលែងមកជួបជុំគ្រួសារវិញ។ ឯកឧត្តម DeSombre បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាម៉េរិកបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ។ ឯកឧត្តម DeSombre បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយចំនួន ១៥លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ, និង ចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា។

សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ក៏ដូចរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានសម្របសម្រួលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ ព្រមទាំងបានប្រកាសផ្តល់ជំនួយស្តារជីវភាពជនភៀសសឹក និងគាំទ្រកិច្ចប្រឹងប្រែងដោះមីនមនុស្សធម៌។ សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាតែងផ្តល់តម្លៃលើសន្តិភាព និងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ សម្តេចបវរធិបតីសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងបន្តជំរុញភាគីទាំងពីរក្នុងការអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និង សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការអនុញ្ញាតជនស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព ដោយគា្មនការរារាំង និងការបន្តឡើងវិញនូវការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ក្នុងការចុះវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ ដើម្បីជាមូលដ្ឋានសម្រាប់ការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។

សម្តេចបវរធិបតី និងឯកឧត្តម DeSombre ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកផងដែរ និងបានឯកភាពបន្តជំរុញវិធានការជាក់លាក់ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ការពារជាតិនិងសនិ្តសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការអនុវត្តច្បាប់ រួមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ