ភ្នំពេញ៖ មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ ប្តេជ្ញាចូលរួមជំរុញផ្សព្វផ្សាយ និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ក្នុងឆ្នាំ២០២៦ ឱ្យកាន់តែផុលផុស ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសការបង្កើនសមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់មន្ត្រី ដើម្បីលើកកម្ពស់គុណភាពសេវាទេសចរណ៍ និងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។នេះជាលើកទី១ ហើយដែល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom Meeting) ដើម្បីតាមដាន វាយតម្លៃលទ្ធផលការងារ និងពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក និងបានដាក់ចេញទិសដៅការងារបន្តឆ្នាំ២០២៦ របស់មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ រួមទាំងដំណោះស្រាយបញ្ហាប្រឈមទាក់ទងទៅនឹងបញ្ហាសណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ ការគ្រប់គ្រង និងអាជីវកម្មទេសចរណ៍។ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ សរុបប្រមាណ ៧៥នាក់។ថ្លែងក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និង លើកទិសដៅការងារឆ្នាំ២០២៦ ដែលរៀបចំពីថ្ងៃទី៣ ដល់ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងនឹងដាក់ចេញចលនាប្រឡងប្រណាំង រវាងមន្ទីរ រវាងអគ្គនាយកដ្ឋាន និងរវាងនាយកដ្ឋានក្រោមឱវាទរបស់ក្រសួងទេសចរណ៍ផងដែរ។ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា មន្ទីរទេសចរណ៍រាជធានី ខេត្តទាំងអស់ត្រូវចូលរួមលើកកម្ពស់ និងអភិវឌ្ឍគោលដៅទេសចរណ៍នៅតាមមូលដ្ឋានរបស់ខ្លួន តាមរយៈការកែលម្អតំបន់ទេសចរណ៍ បរិស្ថាន សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ពោលគឺអភិវឌ្ឍគោលដៅទេសចរណ៍ថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញ និងអត្តសញ្ញាណទេសចរណ៍នៅតាមមូលដ្ឋានរៀងខ្លួនៗ ប្រកបទៅដោយចីរភាព និងការប្រកួតប្រជែង។ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្តទាំងអស់ ត្រូវតែជំរុញ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមបណ្តាញសង្គម និង តាមមធ្យោបាយផ្សេងៗឱ្យកាន់តែសកម្មបន្ថែមទៀត ជាពិសេសគឺការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ប្លែក និងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យអញ្ជើញចូទស្សនាខេត្តនីមួយៗកាន់តែច្រើនកុះករ។ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ ត្រូវពង្រឹង និងបង្កើនសមត្ថភាពមន្ត្រី ដែលជាចំណុចសំខាន់ ដើម្បីលើកកម្ពស់គុណភាពសេវាទេសចរណ៍ និងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យមានប្រសិទ្ធភាព និងចីរភាព តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការលើកកម្ពស់ជំនាញភាសា ការអភិវឌ្ឍជំនាញឌីជីថល ការផ្លាស់ប្តូរបទពិសោធ និងការវាយតម្លៃ និងលើកទឹកចិត្ត ពោលគឺវាយតម្លៃសមត្ថភាព លទ្ធផលការងារ លើកទឹកចិត្ត និងផ្តល់រង្វាន់ចំពោះមន្ត្រីមានសមត្ថភាពល្អ និងសកម្ម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ