ភ្នំពេញ៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នាសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា (WSBIDA) និងសម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ (IARD) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីដាក់ដំណើរការកម្មវិធីឧត្តមភាពនៃការលក់រាយប្រកបដោយទំនួលខុសត្រូវ ដើម្បីធ្វើការបណ្តុះបណ្តាល និងការអនុវត្តល្អៗ ដែលស្របតាមស្តង់ដារអន្តរជាតិ តាមរយៈកម្មវិធី Responsible Retaling Excellence Programme នឹងពង្រឹងសមត្ថភាពនៅក្នុងវិស័យលក់រាយនៅប្រទេសកម្ពុជា។ កិច្ចសហការនេះ គឺជាការបោះជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងការអនុវត្តគោលការណ៍នៃការលក់រាយប្រកបដោយទំនួលខុសត្រូវ ដើម្បីដោះស្រាយការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយផលប៉ះពាល់ និងការលើកកម្ពស់វប្បធម៌អាជីវកម្ម ដែលមានតុល្យភាពរវាងជោគជ័យផ្នែកពាណិជ្ជកម្ម និងទំនួលខុសត្រូវសង្គម។ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម ភាពជាដៃគូរវាង WSBIDA និង IARD មានគោលបំណងលើកកម្ពស់ស្តង់ដានៃការលក់រាយប្រកបដោយទំនួលខុសត្រូវនៅទូទាំងវិស័យក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ស្តង់ដារវិជ្ជាជីវៈ និងការពង្រឹងសមត្ថភាពបុគ្គលិក។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងជំរុញការអនុវត្តអាជីវកម្មលក់រាយបន្ថែមពីការរអនុវត្តតាមបទប្បញ្ញត្តិ ច្បាប់ ដោយការបង្កើតវប្បធម៌ទទួលខុសត្រូវ និងវិជ្ជាជីវៈនៅទូទាំងវិស័យលក់រាយ។ តាមរយៈការរួមបញ្ចូលគ្នារវាងបទពិសោធនៅក្នុងវិស័យបទពិសោធអន្តរជាតិ និងចំណេះដឹងទីផ្សារក្នុងស្រុក។ កិច្ចសហការនេះ នឹងគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តលក់រាយប្រកបដោយទំនួលខុសត្រូវ ដែលឆ្លើយតបទៅនឹងបរិបទនៃការលក់រាយនៅកម្ពុជា ស្របតាមការរអនុវត្តល្អៗលំដាប់ថ្នាក់អន្តរជាតិ ព្រមទាំងមើលទឹកចិត្តដល់អាជីវករក្នុងវិស័យលក់រាយឱ្យចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយផលប៉ះពាល់។ លើសពីនេះ ចំណុចសំខាន់មួយនៃភាពជាដៃគូនេះ គឺការបណ្តុះបណ្តាលបុគ្គលិកផ្នែកលក់ក្នុងវិស័យលក់រាយ ដោយសារពួកគាត់មានតួនាទីសំខាន់ក្នុងការលើកកម្ពស់ការសម្រេចចិត្តទិញរបស់អតិថិជន ប្រប្រកបដោយទំនួលខុសត្រូវ និងការផ្តល់ជូនបទពិសោធជាវិជ្ជមានដល់អតិថិជន។ តាមរយៈរចនាសម្ព័ន្ធនៃការសិក្សា ការណែនាំជាក់ស្តែង និងការបណ្តុះបណ្តាលជំនាញ កម្មវិធីនេះនឹងបំពាក់បុគ្គលិកផ្នែកលក់នូវចំណេះដឹង និងទំនុកចិត្តដែលចាំបាច់ សម្រាប់ការរក្សាស្តង់ដារខ្ពស់ក្នុងការលក់រាយប្រកបដោយទំនួលខុសត្រូវ នៅក្នុងទំនាក់ទំនងជាមួយអតិថិជនជាប្រចាំថ្ងៃរបស់ពួកគាត់។ លោក តាន់ សែឆាយ ប្រធានសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា បានមានប្រសាសន៍ថា ការលក់រាយប្រកបដោយទំនួលខុសត្រូវ គួរតែក្លាយជាផ្នែកមួយនៃការធ្វើអាជីវកម្មប្រចាំថ្ងៃនៅកម្ពុជា។ ភាពជាដៃគូនេះ នឹងនាំយកការប្តេជ្ញាចិត្តរបស់សមាគមយើងនៅក្នុងវិស័យឧស្សាហកម្មលក់រាយ ដែលប្រកបទៅដោយទំនួលខុសត្រូវទៅដល់ចំណុចលក់ដោយផ្ទាល់ ដោយផ្តល់ឱ្យបុគ្គលិកផ្នែកលក់នូវជំនាញ និងទំនុកចិត្ត ដើម្បីអនុវត្តគោលការណ៍ទាំងនេះក្នុងការងារប្រចាំថ្ងៃរបស់ពួកគាត់។ លោកមើលឃើញថា គំនិតផ្តួចផ្តើមនេះមិនមែនគ្រាន់តែជាកម្មវិធីវត្តសិក្សារយៈពេលខ្លីនោះទេ។ ប៉ុន្តែវាគឺជាមូលដ្ឋានគ្រឹះមួយសម្រាប់បង្កើតស្តង់ដារឧស្សាហកម្មថ្មីមួយ ដែលនឹងជួយកំណត់ទិសដៅនៃការលក់រាយនៅក្នុងប្រទេសកម្ពុជានាពេលអនាគត។ ការវិនិយោគលើការអភិវឌ្ឍបុគ្គលិកផ្នែកលក់ គឺជារឿងចាំបាច់មួយក្នុងការធានាថា គោលការណ៍នៃការលក់រាយប្រកបដោយទំនួលខុសត្រូវ ត្រូវបានបញ្ចូលជាផ្នែកមួយនៅគ្រប់ដំណាក់កាលនៃដំណើរទិញរបស់អតិថិជន និងត្រូវបានអនុវត្តខ្ជាប់ខ្ជួននៅទូទាំងវិស័យឧស្សាហកម្មលក់រាយ។ លោក Julian Braithwaite ប្រធាន និងនាយកប្រតិបត្តិនៃសម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿង ស្រវឹងប្រកបដោយការទទួលខុសត្រូវ បានថ្លែងថា កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់ការអនុវត្តការលក់រាយប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា ស្របតាមការអនុវត្តល្អៗដែលទទួលស្គាល់ដោយអន្តរជាតិ។ លោកបានបន្តថា យើងមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រគំនិតផ្តួចផ្តើមនេះ និងនាំយកបទពិសោធពីទីផ្សារអន្តរជាតិ មកបញ្ចូលក្នុងកម្មវិធីបណ្តុះបណ្តាលជាក់ស្តែង ដែលសមស្របទៅនឹងបរិបទប្រទេសកម្ពុជា ដើម្បីឱ្យអ្នកលក់រាយគ្រប់ទំហំអាចផ្តល់ចំណេះដឹងដល់បុគ្គលិករបស់ខ្លួន ក្នុងការអនុវត្តប្រកបដោយមានទំនុកចិត្ត។ គោលដៅរបស់យើងគឺចង់ធ្វើឱ្យការលក់រាយប្រប្រកបដោយទំនួលខុសត្រូវ ក្លាយជាការរអនុវត្តខ្ជាប់ខ្ជួននៅទូទាំងវិស័យឧស្សាហកម្មលក់រាយ ស្របពេលដែលយើងបន្តសហការជាមួយដៃគូរបស់ យើងនៅជុំវិញពិភពលោក ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយផលប៉ះពាល់។នាឱកាសនោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអបអរសាទរចំពោះគំនិតផ្តួចផ្តើមនេះ ដែលមានគោលបំណងពង្រឹងការលក់ប្រកបដោយការទទួលខុសត្រូវ បង្កើនការយល់ដឹងរបស់អ្នកលក់រាយ និងកសាងសមត្ថភាពបុគ្គលិក។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះស្របនឹងទិសដៅរបស់កម្ពុជា ក្នុងការកសាងទីផ្សារប្រកបដោយការទទួលខុសត្រូវ ដើម្បីការពារអ្នកប្រើប្រាស់ និងធានាបានការប្រកួតប្រជែងដោយស្មើភាព។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មចំពោះកិច្ចសហការនេះ និងការបន្តកិច្ចសន្ទនាជាមួយវិស័យឯកជន ដើម្បីធានាថា សកម្មភាពអាជីវកម្មរបស់ពួកគេ គឺអនុវត្តស្របតាមបទប្បញ្ញត្តិ និងគោលនយោបាយជាតិ។ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាពអ្នកលក់រាយ ប្រកបដោយការទទួលខុសត្រូវឈរលើគោលការណ៍នៃកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងកសាងទីផ្សារដែលមានការប្រកួតប្រជែងដោយស្មើភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ