ភ្នំពេញ៖ កិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) លើកទី៧ បានផ្តោតលើការសម្របសម្រួល និងជំរុញនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ព្រមទាំងការកំណត់អត្តសញ្ញាណដីសុវត្ថិភាព ដើម្បីផ្តល់ជូនក្រុមហ៊ុនវិនិយោគ សម្រាប់ពង្រីកការដាំដុះ និងកែច្នៃផលិតផលឈើដាំ នៅលើដីសម្បទានសេដ្ឋកិច្ច និងដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ។កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ក.វ.ឦសាន ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិនិត្យ និងវាយតម្លៃលើការផ្តល់ការសម្របសម្រួល និងការលើកទឹកចិត្តដល់គម្រោងវិនិយោគចំនួន២ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមានគម្រោងដាំដុះឈើដាំ ដូចជា ដើមកៅស៊ូ ដើមគរ និងដើមប្រេងខ្យល់ ព្រមទាំងគម្រោងសាងសង់រោងចក្រកែច្នៃឈើដាំ ដែលគ្រោងបន្ថែមទុនវិនិយោគប្រមាណ ៤២លានដុល្លារអាម៉េរិក ចូលក្នុងសេដ្ឋកិច្ចកម្ពុជា។ការចុះបញ្ជីដីរដ្ឋ និងការកំណត់អត្តសញ្ញាណដីឱ្យបានច្បាស់លាស់ ត្រូវបានចាត់ទុកថា ជាកត្តាសំខាន់ក្នុងការបង្កើនទំនុកចិត្តដល់វិនិយោគិន និងជួយធានាឱ្យក្រុមហ៊ុនអាចអនុវត្តផែនការវិនិយោគរបស់ខ្លួនបានកាន់តែច្បាស់លាស់។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាលើសំណើរបស់ក្រុមហ៊ុនពាក់ព័ន្ធនឹងការសាងសង់ផ្លូវ និងស្ពាននៅក្នុងទីតាំងគម្រោង ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ព្រមទាំងវាយតម្លៃលើសមត្ថភាពអនុវត្តគម្រោង និងលក្ខខណ្ឌគតិយុត្តដែលក្រុមហ៊ុនត្រូវបំពេញ។ជាលទ្ធផល អង្គប្រជុំបានឯកភាពគាំទ្រ និងសម្របសម្រួលនីតិវិធីពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់ការអនុវត្តគម្រោងវិនិយោគទាំងពីរ ស្របតាមសមត្ថកិច្ចរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ។លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការសម្របសម្រួលការងារវិនិយោគក្នុងភូមិភាគឦសាន តម្រូវឱ្យមានកិច្ចសហការជិតស្និទ្ធរវាងក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ដោយប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីដោះស្រាយបញ្ហាប្រឈមជាកញ្ចប់ និងផ្តល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពជូនវិនិយោគិន។លោកបានលើកឡើងពីភាពចាំបាច់នៃការចូលរួមស្វែងរកដីសម្រាប់គម្រោងវិនិយោគសក្តានុពលថ្មីៗ ការដោះស្រាយបញ្ហាការទន្ទ្រានកាន់កាប់ដីខុសច្បាប់លើដីដែលក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគរួចហើយ និងការសម្របសម្រួលនីត្យានុកូលកម្មសម្រាប់គម្រោងវិនិយោគលើដីសម្បទានសេដ្ឋកិច្ចដែលមានស្រាប់។ ការងារទាំងនេះមានគោលដៅធានាចីរភាពនៃការវិនិយោគរយៈពេលវែង និងបង្កើនទំនុកចិត្តសម្រាប់ការវិនិយោគថ្មីបន្ថែមទៀតលើដីទំនេរ ដើម្បីប្រើប្រាស់សក្តានុពលដីឱ្យបានអតិបរមា។ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យបានជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បន្តផ្តល់កិច្ចសម្របសម្រួលជាអតិបរមាតាមដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីជំរុញការវិនិយោគក្នុងភូមិភាគឦសានឱ្យសម្រេចបានពេញសក្តានុពល រួមចំណែកបង្កើនសកម្មភាពសេដ្ឋកិច្ច និងបង្កើតអត្ថប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងតំបន់ និងប្រទេសជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ