ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអនុញ្ញាតឱ្យលោក Phil Robertson នាយកអង្គការតស៊ូមតិសិទ្ធិ មនុស្ស និងការងារអាស៊ី (AHRLA) ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ កិច្ចជំនួបនេះដេីម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាង គ.ស.ម.ក. និង AHRLA។ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ថា ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម ដែលរាជរដ្ឋាភិបាលកម្ពុជាបានថែរក្សា បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍជាតិ និងការលើកកម្ពស់សិទ្ធិមនុស្ស។ ក្នុងនោះកម្ពុជាបានបន្តលើកកម្ពស់សិទ្ធិការងារ តាមរយៈការដំឡើងប្រាក់ឈ្នួលអប្បបរមា និងបានផ្តល់ការបណ្តុះបណ្តាល វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ៤៩ម៉ឺននាក់ ព្រមទាំងទណ្ឌិត ចំនួន ៨,១៤៩នាក់។ ទន្ទឹមនឹងនេះ ការគ្របដណ្តប់សេវាគាំពារសុខភាពបានកើនពីប្រមាណ ៤.៧លាននាក់ ក្នុងឆ្នាំ២០២៣ ដល់ ៨.៥លាននាក់ ក្នុងឆ្នាំ២០២៦ ខណៈអត្រាភាពក្រីក្របានធ្លាក់ចុះពី ៣៦.៧% ក្នុង ឆ្នាំ២០១៤ មកប្រមាណ ១៦.៦%-១៧.៨% និងមានគោលដៅកាត់បន្ថយមក ៦% នៅឆ្នាំ២០៣០ ហើយអាយុសង្ឃឹមរស់ជាមធ្យមបានកើនពីប្រមាណ៥០ឆ្នាំ ក្នុងឆ្នាំ២០០០ ដល់៧១ឆ្នាំ ក្នុងឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃការអភិវឌ្ឍសង្គម និងការយកចិត្តទុកដាក់លើសិទ្ធិមនុស្ស។ពាក់ព័ន្ធនឹងបញ្ហាព្រំដែន លោកទេសរដ្ឋមន្ត្រី បានថ្លែងអរគុណលោក Phil Robertson សម្រាប់ការអំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជាដែលត្រូវបានឃុំខ្លួនដោយយោធាថៃនាពេលកន្លងមក។ ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏រហូតមកដល់បច្ចុប្បន្ន ជនភៀសសឹកកម្ពុជាចំនួនជាង ២០ ០០០នាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបាន។ ការណ៍នេះ គឺជាការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ និងការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli)។ ទន្ទឹមនឹងនេះ លោក Phil Robertson បានសម្តែងការសោកស្តាយចំពោះករណីពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សក្នុងអំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ ហើយលោកមានជំហរគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចំពោះបញ្ហាជនភៀសសឹកកម្ពុជា។បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការរើសអើងចំពោះពលករទេសន្តរប្រវេសន៍ កម្ពុជាដែលធ្វើការ និងរស់នៅក្នុងប្រទេសថៃ ការគំរាមកំហែង និងការប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ និងករណីនៃការចាប់រំលោភពីសំណាក់យោធាថៃ មកលើពលការិនីខ្មែរចំណាកស្រុកម្នាក់នៅពេលធ្វើដំណើរត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។ ជាមួយគ្នានេះដែរ លោក Phil Robertson ក៏បានតាមដាន និងបានទទួលព័ត៌មានពាក់ព័ន្ធនឹងការរើសអើងពលករទេស្តប្រវេសន៍កម្ពុជាដែលធ្វើការនៅប្រទេសថៃ និង ករណីនៃការចាប់រំលោភពលការិនីខ្មែរចំណាកស្រុកពីសំណាក់យោធាថៃផងដែរ។លោក Phil Robertson បានថ្លែងអំណរគុណចំពោះ លោកទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យមានជំនួបនៅថ្ងៃនេះ និងបានផ្តល់ព័ត៌មានដ៏មានសារៈសំខាន់ជាច្រើនទាំងស្ថានភាពសិទ្ធិមនុស្សជាក់ ស្តែងក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ លោកក៏បានលើកឡើងពីសារៈសំខាន់ក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ និងបានផ្តល់មតិយោបល់ល្អៗ ដើម្បីធ្វើឱ្យស្ថានភាពសិទ្ធិសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេស កម្ពុជាឱ្យកាន់តែល្អប្រសើរ រួមទាំងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់វឌ្ឍនភាពចំពោះការលើកកម្ពស់ និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ ជាក់ស្តែង ប្រទេសកម្ពុជាបានសម្រេចជាមួយនឹងប្រទេសបារាំង ក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពី “ការធ្វើឱ្យលែងមានទោសជាសកលនៃការស្រឡាញ់ភេទដូចគ្នា (Towards Universal Decriminalization of Homosexuality)” ដែលបានឆ្លុះបញ្ចាំងពីការលើកស្ទួយ ក៏ដូចជាការគ្មានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ