គែរ៖ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថា អ៉ីរ៉ង់បានប្រាប់ប្រមុខកងទ័ពប៉ាគីស្ថាន កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ថា ខ្លួននឹងមិនចរចាជាមួយទីក្រុងវ៉ាស៊ីនតោនឡើយ រហូតទាល់តែការទាមទាររបស់ទីក្រុងតេហេរ៉ង់ ត្រូវបានទទួលយក។ ការលើកឡើងនេះ បង្ហាញពីជំហរកាន់តែតឹងរ៉ឹងរបស់អ៉ីរ៉ង់ ទោះបីជាប៉ាគីស្ថាន កំពុងបន្តខិតខំសម្របសម្រួលការចរចាក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។យោងតាមសារព័ត៌មានអ៉ីរ៉ង់ Nournews ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងការវិវត្តក្នុងតំបន់ជាមួយលោក Asim Munir ប្រមុខកងទ័ពប៉ាគីស្ថាន នៅរដ្ឋធានីតេហេរ៉ង់។ ប៉ាគីស្ថាន បានដើរតួនាទីជាអ្នកសម្របសម្រួលដ៏សំខាន់ ក្នុងសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល នាពេលកន្លងមក បានជួយឱ្យមានកិច្ចព្រមព្រៀងសន្តិភាពបណ្ដោះអាសន្ន កាលពីក្នុងខែមិថុនា ប៉ុន្តែអនុស្សរណៈទីក្រុងអ៉ីស្លាម៉ាបាដ បានដួលរលំទៅវិញយ៉ាងឆាប់រហ័ស នៅពេលដែលការប្រយុទ្ធគ្នារវាងអ៉ីរ៉ង់និងអាមេរិក បានផ្ទុះឡើងសាជាថ្មី នៅប៉ុន្មានសប្តាហ៍ក្រោយមក។លោក Munir ក៏បានជួបជាមួយប្រធានសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf ផងដែរ។ យោងតាមសេចក្ដីថ្លែងការណ៍របស់អ៉ីរ៉ង់អំពីជំនួបនេះ លោក Qalibaf បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនអាចទទួលបាន ទំនុកចិត្តរបស់ទីក្រុងតេហេរ៉ង់ឡើងវិញទេ រហូតទាល់តែខ្លួនយល់ព្រមបំពេញតាមលក្ខខណ្ឌចំនួន៧ ដែលអ៉ីរ៉ង់បានកំណត់កាលពីខែមុន សម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ការទាមទារទាំងនោះរួមមាន បញ្ចប់ការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ដោយសហរដ្ឋអាមេរិក ដកទណ្ឌកម្មលើការនាំចេញប្រេងរបស់អ៉ីរ៉ង់ និងបិទបញ្ចប់អរិភាពនៅគ្រប់សមរភូមិក្នុងតំបន់។ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បានរាយការណ៍ថា ប្រមុខក្រុមប្រឹក្សាសន្តិសុខអ៉ីរ៉ង់ លោក Mohsen Rezaei ក៏បានផ្ញើសារស្រដៀងគ្នានេះដែរ ក្នុងជំនួបដាច់ដោយឡែកជាមួយលោក Munir ដោយនិយាយថា អ៉ីរ៉ង់នឹងមិនចរចាជាមួយទីក្រុងវ៉ាស៊ីនតោនទេ រហូតទាល់តែការទាមទាររបស់ទីក្រុងតេហេរ៉ង់ ត្រូវបានទទួលយក។ លោក Rezaei ថែមទាំងបាននិយាយថា សារធាតុនុយក្លេអ៊ែរចម្រាញ់រួចទាំងអស់ នឹងនៅតែរក្សាទុកនៅក្នុងប្រទេសអ៉ីរ៉ង់ ដោយបញ្ជាក់សាជាថ្មីពីជំហររបស់មេដឹកនាំកំពូល លោក Ayatollah Mojtaba Khamenei ដែលថា សារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ជិតដល់កម្រិតអាចផលិតជាអាវុធបាន មិនគួរត្រូវដឹកជញ្ជូនចេញទៅក្រៅប្រទេសឡើយ។កាលពីដើមខែតុលានេះ អនុប្រធានាធិបតីអាមេរិក លោក JD Vance ធ្លាប់បាននិយាយថា អ៉ីរ៉ង់ដាច់ខាតត្រូវតែកាត់បន្ថយ សមត្ថភាពចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់ខ្លួន ក្នុងកម្រិតជាក់ស្តែងអាចទទួលយកបាន ដើម្បីបំពេញតាមការទាមទាររបស់អាមេរិក និងដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ ដែលបានអូសបន្លាយអស់រយៈពេល ៨ខែមកហើយ។គួរបញ្ជាក់ថា អ៉ីស្រាអែល សហរដ្ឋអាមេរិក និងក្រុមប្រទេសលោកខាងលិចផ្សេងទៀត បានចោទប្រកាន់អ៉ីរ៉ង់ជាយូរមកហើយ អំពីមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ។ ពួកគេបានលើកឡើងជាពិសេស អំពីការសម្រេចចិត្តរបស់អ៉ីរ៉ង់ ក្នុងការចម្រាញ់អ៊ុយរ៉ាញ៉ូម ដល់កម្រិត ៦០ភាគរយ ដែលខ្ពស់ឆ្ងាយជាងកម្រិតចាំបាច់សម្រាប់ការប្រើប្រាស់ក្នុងគោលដៅស៊ីវិល និងជិតដល់កម្រិត ៩០ភាគរយ ដែលចាំបាច់សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ