ភ្នំពេញ៖នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាត បានដឹកនាំកិច្ចសន្ទនាកម្ពុជា-ក្រូអាត ស្តីពីនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីន នៅទីស្នាក់ការអាជ្ញាធរមីន រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងស្ថាប័នការទូត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធ។ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងនូវការអបអរសាទរចំពោះក្រូអាត ដែលបានបញ្ចប់កាតព្វកិច្ចបោសសម្អាតមីនក្រោមអនុសញ្ញាអូតាវ៉ា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ៣១ឆ្នាំ និងបានកម្ទេចមីនប្រមាណ ១០៧.០០០គ្រាប់ ដែលជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ប្រទេសដែលកំពុងបន្តបេសកកម្មនេះ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២មក កម្ពុជាបានបោសសម្អាតផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង ៣.៥០០គីឡូម៉ែត្រក្រឡា និងកម្ទេចមីននិងយុទ្ធភណ្ឌគ្រឿងផ្ទុះជាង ៤លានគ្រាប់។ ទោះបីប្រឈមនឹងការរកឃើញយុទ្ធភណ្ឌគ្រឿងផ្ទុះថ្មីៗនៅតាមតំបន់ព្រំដែនក៏ដោយ កម្ពុជានៅតែប្តេជ្ញាសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះនៅឆ្នាំ២០៣៥។ក្នុងកិច្ចសន្ទនានេះ ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា បច្ចេកវិទ្យា ដូចជាដ្រូន រូបភាពផ្កាយរណប ឧបករណ៍ចាប់សញ្ញាទំនើប និងបញ្ញាសិប្បនិម្មិត មានតួនាទីសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពការងារបោសសម្អាតមីន។ ទោះជាយ៉ាងណា កត្តាស្នូលនៃភាពជោគជ័យនៅតែជាមនុស្ស រួមមានអ្នកជំនាញបោសសម្អាតមីន អ្នកអប់រំអំពីហានិភ័យ ការជួយជនរងគ្រោះ និងស្ថាប័នដែលមានសមត្ថភាពរឹងមាំ។ បទពិសោធន៍របស់ក្រូអាតក្នុងការបញ្ចប់ការងារបោសសម្អាតមីន នឹងផ្តល់មេរៀនដ៏មានតម្លៃដល់កម្ពុជា ជាពិសេសការដោះស្រាយតំបន់លំបាកចុងក្រោយ និងការបន្តជួយជនរងគ្រោះរយៈពេលវែង។ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា កម្ពុជាមានបទពិសោធន៍ និងសមត្ថភាពជាតិដ៏រឹងមាំក្នុងវិស័យសកម្មភាពមីន ព្រមទាំងបានចូលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការសាកល្បងបច្ចេកវិទ្យាថ្មីៗក្នុងលក្ខខណ្ឌជាក់ស្តែង។ កម្ពុជាត្រៀមខ្លួនចែករំលែកបទពិសោធន៍របស់ខ្លួន និងរៀនសូត្រពីក្រូអាត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រូអាត និងអ្នកចូលរួមទាំងអស់ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដោយបើកចំហ ព្រមទាំងជំរុញឱ្យភាគីទាំងពីរប្រែក្លាយចំណេះដឹងទៅជាសកម្មភាពរួមជាក់លាក់ រួមមានការផ្លាស់ប្តូរគ្រូបណ្តុះបណ្តាល ទស្សនកិច្ចរួមនៅទីតាំងបោសសម្អាតមីន និងការពង្រឹងជំនួយដល់ជនរងគ្រោះ។ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត លី ធុជ បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា និងក្រូអាត នឹងបន្តរួមគ្នាកសាងពិភពលោកដែលមានសុវត្ថិភាព ដោយធានាថា កុមារជំនាន់ក្រោយអាចរស់នៅ និងលូតលាស់លើដីដែលមានសុវត្ថិភាព ដោយមិនស្ថិតក្រោមការគំរាមកំហែងពីសំណល់នៃសង្គ្រាម។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ