ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ទូតម៉ាឡេស៊ី ចាត់ទុកវិស័យហាឡាល់ ជាឱកាសដ៏មានសក្តានុពលសម្រាប់កម្ពុជា និងម៉ាឡេស៊ី ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងបន្ថែមទៀត
Tue,20 October 2026 (Time 04:42 PM)
ដោយ ៖ (ចំនួនអ្នកអាន: 8នាក់)

ភ្នំពេញ៖ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា លោកបណ្ឌិត ហ្សាហារ៉ូដឌីន អន បានចាត់ទុកទុកវិស័យហាឡាល់ ថា ជាឱកាសដ៏មានសក្តានុពលសម្រាប់កម្ពុជា និងម៉ាឡេស៊ី ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងបង្កើតឱកាសអាជីវកម្មថ្មីៗ ជាពិសេសជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងបន្ថែមទៀត។

លោកឯកអគ្គរាជទូតម៉ាឡេស៊ី បានលើកឡើងបែបនេះ ក្នុងវេទិកា «ម៉ាឡេស៊ី-កម្ពុជា ស្តីពីសេដ្ឋកិច្ចហាឡាល់៖ ការបើកឱកាសក្នុងសេដ្ឋកិច្ចហាឡាល់សកល» ដែលរៀបចំឡើងដោយស្ថានទូតម៉ាឡេស៊ីប្រចាំទីក្រុងភ្នំពេញ សហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) ប្រចាំទីក្រុងហូជីមិញ នាយកដ្ឋានអភិវឌ្ឍន៍សាសនាអ៊ីស្លាមម៉ាឡេស៊ី (JAKIM) និងសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា (MBCC)។

លោកឯកអគ្គរាជទូត បានលើកឡើងថា សេដ្ឋកិច្ចហាឡាល់ លែងជាទីផ្សារតូចចង្អៀតទៀតហើយ ប៉ុន្តែជាទីផ្សារអ្នកប្រើប្រាស់សកលដែលមានតម្លៃប្រមាណ ៣,៥ទ្រីលានដុល្លារអាម៉េរិក និងត្រូវបានព្យាករថា នឹងកើនដល់ ៥ទ្រីលានដុល្លារអាម៉េរិក នៅឆ្នាំ២០៣០។

លោកបានរំលឹកថា កិច្ចសហប្រតិបត្តិការលើវិស័យហាឡាល់ គឺជាវិស័យអាទិភាពមួយដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានកំណត់សម្រាប់ពង្រឹងកិច្ចសហការបន្ថែម ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២៤។

ឯកអគ្គរាជទូតបានបន្តថា ប្រទេសម៉ាឡេស៊ី ត្រូវបានទទួលស្គាល់ជាប្រទេសឈានមុខគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចហាឡាល់សកល ដោយជាប់ចំណាត់ថ្នាក់លេខ១ ក្នុងសន្ទស្សន៍សេដ្ឋកិច្ចអ៊ីស្លាមសកល (Global Islamic Economy Indicator) រយៈពេល ១២ឆ្នាំជាប់ៗគ្នា។ ក្នុងឆ្នាំ២០២៥ ការនាំចេញផលិតផលហាឡាល់របស់ម៉ាឡេស៊ីមានតម្លៃ ៦៨,៥២ពាន់លានរីងហ្គីត កើនឡើង ១០,៩% និងស្មើនឹង ៤,៣% នៃការនាំចេញសរុបរបស់ប្រទេសនេះ។

សម្រាប់កម្ពុជា លោកឯកអគ្គរាជទូត បានកត់សម្គាល់ថា ការបង្កើតគណៈកម្មាធិការដឹកនាំហាឡាល់កម្ពុជា និងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍហាឡាល់ឆ្នាំ២០២៥-២០២៩ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន។ លោកជឿជាក់ថា តាមរយៈការរួមបញ្ចូលមហិច្ឆតារបស់កម្ពុជាជាមួយបទពិសោធន៍ និងជំនាញរបស់ម៉ាឡេស៊ី ប្រទេសទាំងពីរ អាចបង្កើតខ្សែច្រវាក់តម្លៃហាឡាល់ក្នុងតំបន់ដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់។

លោកឯកអគ្គរាជទូតម៉ាឡេស៊ី បានសម្តែងក្តីសង្ឃឹមថា វេទិកានេះ នឹងជួយលើកកម្ពស់ការយល់ដឹងអំពីសេដ្ឋកិច្ចហាឡាល់ និងជំរុញឱ្យធុរកិច្ចនៃប្រទេសទាំងពីរ ស្វែងរកឱកាសសហការគ្នាបន្ថែម ដើម្បីចាប់យកសក្តានុពលនៃទីផ្សារហាឡាល់សកលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

សូមបញ្ជាក់ថា វេទិកា «ម៉ាឡេស៊ី-កម្ពុជា ស្តីពីសេដ្ឋកិច្ចហាឡាល់៖ ការបើកឱកាសក្នុងសេដ្ឋកិច្ចហាឡាល់សកល» រៀបចំឡើងដោយទទួលបានការគាំទ្រពីក្រសួងពាណិជ្ជកម្មកម្ពុជា និងដោយមានការចូលរួមពីលោក សាន សារ៉ាន់ រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការដឹកនាំហាឡាល់កម្ពុជា ព្រមទាំងមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិស័យឯកជន ស្ថាប័នស្រាវជ្រាវ និងគ្រឹះស្ថានសិក្សា។

វេទិកានេះ មានគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងជំនាញពីអ្នកជំនាញរបស់ MATRADE និង JAKIM ព្រមទាំងស្តាប់បទបង្ហាញពីក្រសួងពាណិជ្ជកម្មកម្ពុជាអំពីវឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចហាឡាល់នៅកម្ពុជា។ លើសពីនេះ តំណាងវិស័យឯកជនពីសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា និងធុរកិច្ចកម្ពុជាដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យហាឡាល់ ក៏បានចូលរួមចែករំលែកទស្សនៈ និងបទពិសោធន៍ផងដែរ។

យោងតាមរបាយការណ៍ពីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី បានកើនឡើង ៥១,១% ដល់ ៨៣៣លានដុល្លារអាម៉េរិក ក្នុងឆមាសទី១ ឆ្នាំ២០២៦ បើធៀបនឹង ៥០១លានដុល្លារអាម៉េរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈប្រទេសទាំងពីរមានសក្តានុពលខ្ពស់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចហាឡាល់។ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ការនាំចេញរបស់ម៉ាឡេស៊ីមកកម្ពុជាបានកើនឡើង ៤០,៩% ដល់ ៦១៦លានដុល្លារអាម៉េរិក ខណៈការនាំចូលពីកម្ពុជាទៅម៉ាឡេស៊ីកើនឡើង ៩០% ដល់ ២១៧លានដុល្លារអាម៉េរិក បើធៀបនឹង ១០០លានដុល្លារអាម៉េរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ