ឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បានសម្តែង នូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលស្ដែងចេញតាមរយៈការឈានទៅសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតកម្ពុជា និងបណ្ឌិត្យសភាការទូតក្រូអាស៊ី។ បន្ថែមលើនេះ, ឯកឧត្តមបានលើកឡើងពីកាលានុវត្តភាពជាច្រើនដែលប្រទេសទាំងពីរអាចបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជនទាំងពីរ ក៏ដូចជាការពង្រឹងការតភ្ជាប់កម្ពុជាទៅកាន់សហភាពអឺរ៉ុប។ការលើកឡើងនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Gordan Grlić-Radman រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្ដិភាព។ សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់ ឯកឧត្តមរដ្ឋមន្ត្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កន្លងមក ព្រមទាំងគូសបញ្ជាក់ពីកាលានុវត្តភាពនៃការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើ វិស័យពាណិជ្ជកម្ម, ការវិនិយោគ និងទេសចរណ៍។ ពាក់ព័ន្ធនឹងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, សម្ដេចធិបតីបានអបអរសាទរក្រូអាស៊ី ចំពោះការបំពេញកាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ាយ៉ាងជោគជ័យ ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ។ សម្ដេចធិបតីបានបន្ថែមទៀតថា កម្ពុជាជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាម ហើយបានយល់ច្បាស់ពីផលវិបាកដ៏អាក្រក់ ដែលបង្កឡើងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ក្នុងន័យនេះ, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រវាងប្រទេសទាំងពីរ និងស្វាគមន៍ចំពោះការគាំទ្ររបស់ក្រូអាស៊ី តាមរយៈការផ្ដល់បច្ចេកវិទ្យា, ការចែករំលែកបទពិសោធន៍ និងជំនាញ ដើម្បីឱ្យបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រី បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសក្តានុពលសំខាន់ៗរួមមាន៖ នយោបាយ និងការទូត, ពាណិជ្ជកម្ម និងការវិនិយោគ, ទេសចរណ៍, ថាមពលស្អាត, និងវិស័យសន្តិសុខ ជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ