ខេត្តកំពត៖ យោងតាមអនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ពាក់ព័ន្ធនឹងបញ្ហាប្រឈមដែលប្រជាពលរដ្ឋបានបង្ហោះ និងប្រតិកម្មនៅលើបណ្តាញសង្គមអំពីសេវាកម្មនៅទីតាំង ឆ្នេរកោះស្មៅ រដ្ឋបាលស្រុកទឹកឈូបានចុះអន្តរាគមន៍ និងដោះស្រាយបញ្ហានេះជាបន្ទាន់។ទោះបីជាកន្លងមក ក្រុមការងាររដ្ឋបាលស្រុកបានចុះទៅណែនាំ និងអប់រំជាច្រើនលើកច្រើនសាររួចមកហើយក្តី ប៉ុន្តែអាជីវករមួយចំនួនតូចនៅតែពុំទាន់បានចូលរួមសហការពេញលេញនៅឡើយ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងផលប្រយោជន៍សាធារណៈ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នេះ លោក មូល សុធា អភិបាលរងស្រុក តំណាង លោកអភិបាលស្រុកទឹកឈូ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ សហការជាមួយអាជ្ញាធរឃុំជុំគ្រៀល និងអាជ្ញាធរភូមិ ចុះផ្ទាល់ដល់ទីតាំងកើតហេតុដើម្បីអនុវត្តវិធានការច្បាប់ និងរដ្ឋបាល។លទ្ធផលនៃការចុះអនុវត្តវិធានការ និងដំណោះស្រាយ៖ ១. ផ្អាកសកម្មភាពលក់ដូរជាបណ្តោះអាសន្ន៖ អាជ្ញាធរបានធ្វើកំណត់ហេតុផ្អាកការលក់ដូរជាផ្លូវការចំពោះម្ចាស់ទីតាំងដែលបានប្រព្រឹត្តល្មើស និងបង្កបញ្ហា។ ២. ការទទួលស្គាល់កំហុស និងសុំទោសសាធារណជន៖ ម្ចាស់ទីតាំងលក់ដូររូបនោះបានទទួលស្គាល់កំហុសឆ្គងរបស់ខ្លួន ពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្ដី និងអាកប្បកិរិយាមិនសមរម្យ រួមទាំងបានធ្វើការសុំទោសជាសាធារណៈចំពោះបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ និង៣. ការពង្រឹងវិធានការរដ្ឋបាលស្រុក៖ ក្រុមការងារបានចុះណែនាំ និងណែនាំសារជាថ្មីដល់អាជីវករដទៃទៀតនៅតាមបណ្តោយឆ្នេរកោះស្មៅ ឱ្យអនុវត្តតាម វិធានការទាំង៩ចំណុច របស់រដ្ឋបាលស្រុកទឹកឈូ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីរក្សាសណ្ដាប់ធ្នាប់ តម្លៃសមរម្យ និងសីលធម៌ក្នុងការទទួលភ្ញៀវទេសចរ។រដ្ឋបាលស្រុកទឹកឈូ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ព័ត៌មាន និងឆ្លុះបញ្ចាំងការពិតតាមបណ្តាញសង្គម ដែលជាភាគទានយ៉ាងសំខាន់ក្នុងការចូលរួមស្ថាបនា និងកែលម្អសេវាកម្មទេសចរណ៍នៅក្នុងខេត្តកំពតឱ្យកាន់តែល្អប្រសើរ។ រដ្ឋបាលស្រុក សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ អញ្ជើញមកកម្សាន្តសប្បាយនៅឆ្នេរកោះស្មៅ និងតំបន់ទេសចរណ៍នានាក្នុងខេត្តកំពតដោយរីករាយ។ព័ត៌មានទំនាក់ទំនង៖ ប្រសិនបើបងប្អូនជួបប្រទះបញ្ហាប្រឈម ឬភាពមិនប្រក្រតីណាមួយ អំឡុងពេលទស្សនាកម្សាន្ត សូមទំនាក់ទំនងមកកាន់អាជ្ញាធរស្រុកតាមរយៈលេខទូរស័ព្ទ៖ 012 424 389 (ឆ្លើយតប ២៤ម៉ោង)៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ