ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅបរិវេណសួនស្ទឹងសែន ទីរួមខេត្តកំពង់ធំ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសារទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣១ និងលើកទី២១ នៅកម្ពុជាក្រោមប្រធានបទ “ការការពារសិទ្ធិ និងតម្រង់ទិសអនាគតជនជាតិដើមភាគតិចក្នុងបរិបទបរិវត្តកម្មឌីជីថល”។ អង្គពិធីដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត, តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងបងប្អូនជនជាតិដើមភាគតិចទាំងអស់ សរុបប្រមាណជាង ៨០០នាក់។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើរបាយការណ៍ស្វាគមន៍អំពីស្ថានភាពរីកចម្រើនទូទៅនៅក្នុងខេត្ត បន្ទាប់មកការធ្វើរបាយការណ៍សង្ខេបស្ដីពីការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ដោយលោកស្រី នួន មុនីចិន្ដា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច។ ជាមួយគ្នានោះតំណាងបងប្អូនជនជាតិដើមភាពតិចបានសម្ដែងចំណាប់អារម្មណ៍ និងសំណូមពរ ព្រមទាំងការថ្លែងនូវចំណាប់អារម្មណ៍របស់តំណាងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ជាអង្គការដៃគូរក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។ថ្លែងក្នុងពិធីអបអរសារទរនោះ ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះ គឺពិតជាការបញ្ជាក់អំពីការរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់គុណតម្លៃនៃសីលធម៌ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ រស់រវើក និងក៏ជាឱកាសក្នុងការប្រមូលផ្តុំទស្សនៈ ដែលជាគន្លឹះសម្រាប់ជួយអភិវឌ្ឍន៍ជូនបងប្អូនជនជាតិដើមភាគតិច ហើយក៏ជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ដល់បងប្អូនជនជាតិដើមភាគតិច ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានសម្ដែងសេចក្ដីសោមន្ស និងអបអរសាទរក្នុងទិវាប្រកបដោយអត្ថន័យនេះ ព្រមទាំងបានអាននូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣១ និងលើកទី២១ នៅកម្ពុជា។ តាមរយៈសារលិខិតរបស់សម្ដេចធិបតី បានបង្ហាញថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន ២១៣សហគមន៍ បានចុះបញ្ជីជានីតិបុគ្គលពីក្រសួងមហាផ្ទៃចំនួន ១៥៥សហគមន៍ និងបានចេញបណ្ណកម្មសិទ្ធិដីសមូហភាពចំនួន ៤២សហគមន៍ ដែលជាការសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ការលើកកម្ពស់សិទ្ធិ និងការការពារឧត្តមប្រយោជន៍របស់ជនជាតិដើមភាគតិច។ ក្នុងសារលិខិតដដែល សម្ដេចធិបតី ក៏បានផ្ដល់ជាអនុសាសន៍ ចំនួន ៧ចំណុច ជូនដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមសហការជាសហថាមពល ដើម្បីឱ្យការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ២ឆ្នាំ កន្លងមកនេះ ក្នុងការសម្រេចបាននូវសមិទ្ធផលធំៗ និងលេចធ្លោរគួរឱ្យកត់សម្គាល់ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដោយរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច បើទោះបីជាពិភពលោកកំពុងស្ថិតនៅក្នុងបរិការណ៍មួយដែលមានភាពប្រែប្រួល និងមិនមានភាពប្រាកដប្រជា ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅ ឆ្នាំ២០៥០”។ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទក៏បាននិងកំពុងយកចិត្តទុកដាក់អនុវត្តនូវផែនការយុទ្ធសាស្ដ្ររបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវ ដោយមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាឲ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ជាពិសេសការការពារ និងលើកតម្កើងសិទ្ធិសេរីភាព ក៏ដូចជាបន្តថែរក្សាទាំងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសា របស់បងប្អូនជនជាតិដើមភាគតិចផងដែរ។ ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី បានអញ្ជើញផ្ដល់កិត្តិយសប្រគល់បណ្ណសរសើរជូនដល់មន្ដ្រីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិចនៅកម្ពុជា និងបានអញ្ជើញទស្សនាការតាំងពិព័រណ៍ផលិតផលរបស់បងប្អូនជនជាតិដើមភាគតិច ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ