ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំកំពូលជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះមហាក្សត្រកម្ពុជា បានសម្ដែងនូវការស្វាគមន៍ និងនាំនូវការសួរសុខទុក្ខពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតីហ្វីលីពីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ហើយក្នុងនាមសម្ដេចផ្ទាល់ ក៏បានបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍ចំពោះឯកឧត្តមប្រធានាធិបតីផងដែរ។ សម្ដេចតេជោ បានចាត់ទុកដំណើរអញ្ជើញមកបំពេញទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជានៅពេលនេះ ជាផ្នែកដ៏សំខាន់នៃការរុញទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន ឲ្យកាន់តែរីកចម្រើន។នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ាកូស បានសំដែងនូវការអរគុណ ហើយក៏បានផ្ដាំតាមរយៈសម្ដេចប្រមុខរដ្ឋស្តីទី ថ្វាយចំពោះព្រះមហាក្សត្រ ក្នុងការសាកសួរសុខទុក្ខពីឯកឧត្តម។ ឯកឧត្តម ក៏បានបង្ហាញនូវកីរីករាយនៅពេលឯកឧត្តម បានអញ្ជើញមកដល់កម្ពុជា ហើយឯកឧត្តមបានឃើញនៅតាមផ្លូវ មានយុវជន ប្រជាពលរដ្ឋខ្មែរ បានស្វាគមន៍ឯកឧត្តមយ៉ាងកក់ក្ដៅ ដែលធ្វើឲ្យឯកឧត្តមផ្ទាល់ និងគណៈប្រតិភូ មានការរំភើបចិត្តយ៉ាងខ្លាំង ចំពោះបដិសណ្ឋារកិច្ចដ៏ល្អប្រសើររបស់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា។នៅក្នុងឱកាសនោះ សម្ដេចតេជោ បានលើកឡើងដោយការពង្រីកនៅទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនបន្ថែមទៀតដោយសម្ដេចបានបញ្ជាក់អំពីទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ក្នុងនោះសម្ដេចតេជោ បានផ្ដល់ជាយោបល់ដល់រដ្ឋាភិបាលហ្វីលីពីន និងកម្ពុជា ធ្វើយ៉ាងណាបង្កើនពាណិជ្ជកម្មជាមួយគ្នាឲ្យបានច្រើនថែមទៀត ខណៈដែលបច្ចុប្បន្ន ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ គឺនៅមានកម្រិត ក្នុងន័យនេះសម្ដេចតេជោ ចង់ឃើញភាគីទាំងពីរ បង្កើនទំហំពាណិជ្ជកម្មឲ្យកាន់តែកើនឡើងបន្ថែមទៀត។ បន្ថែមលើនេះ សម្ដេចតេជោ ក៏បានរំលែកអំពីវិស័យទេសចរណ៍ ដែលភាគីទាំងពីរ ត្រូវពង្រឹងជាមួយគ្នា ក្នុងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។ ឯកឧត្តមប្រធានាធិបតី បានឯកភាពនូវអ្វីដែលជាការលើកឡើងរបស់សម្ដេចតេជោ ដោយបញ្ជាក់អំពីភាគីទាំងពីរ ត្រូវបង្កើននូវទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែល្អប្រសើរជាងនេះ ជាពិសេស គឺផ្ដោតទៅលើពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាងនេះទៀត គឺកិច្ចសហប្រតិបត្តិការគ្នានៅក្នុងវិស័យទេសចរណ៍ ដែលភាគីទាំងពីរ ត្រូវរួមគ្នាបន្ថែមដោយក្នុងនោះឯកឧត្តម បានចាត់ទុកអាកាសយានដ្ឋានថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលឯកឧត្តមនឹងធ្វើដំណើរតាមអាកាសយានដ្ឋាននេះនៅថ្ងៃស្អែក នឹងក្លាយជាផ្នែកមួយនៃការបង្កើននូវវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដែលឯកឧត្តម សង្ឃឹមថា វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នឹងមានការរីកចម្រើនតាមរយៈការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងប្រជាជន និងប្រជាជន ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ