ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រធានាធិបតីហ្វីលីពីន និងលោកជំទាវទី១ ចាប់ផ្តើមទស្សនកិច្ចនៅកម្ពុជា
Sun,07 September 2025 (Time 09:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 21នាក់)

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី៧ ខែ​កញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (FERDINAND ROMUALDEZ MARCOS Jr.) ប្រធានាធិបតីហ្វីលីពីន និងលោកជំទាវទី១​ ឡូវីស អារ៉ានេតា ម៉ាកូស (First Lady LOUISE ARANETA-MARCOS)​ បានដឹក​នាំគណៈប្រតិភូអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ​នៅ​កម្ពុជា រយៈពេល៣ថ្ងៃ ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា។

ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី និងភរិយា ធ្វើឡើងតបតាមការ​អញ្ជើញ​របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។

ឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំកម្ពុជាទាំងពីររូប នឹងធ្វើការពិភាក្សាស៊ីជម្រៅលើ​ការ​ពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផល​ប្រ​យោជន៍​ទៅវិញទៅមក។ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្ត​រ​ជាតិនានាដែលជាចំណាប់ អារម្មណ៍រួម។ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី​មួយ​ចំនួន ក៏នឹងត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចនេះផងដែរ។

ប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯក​រាជ្យ និង​នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរម​រតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

កម្ពុជា និងហ្វីលីពីន បានភ្ជាប់ទំនាក់ទំនងផ្លូវការនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៥៧ តែត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហម។ លុះខែកុម្ភៈ ឆ្នាំ១៩៩២ បន្ទាប់ពីកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសហ្វីលីពីន ក៏បានភ្ជាប់ទំនាក់ទំនងឡើងវិញ។

ចាប់ពីឆ្នាំ១៩៩២មក ទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន ត្រូវបានលើកកម្ពស់ និងពង្រីកជាបន្តបន្ទាប់។ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន ដែលបានធ្វើរួមគ្នានាពេលកន្លងមកនោះ មានដូចជា៖ វិស័យសេដ្ឋកិច្ច, វិស័យសន្តិសុខ និងការពារជាតិ, វិស័យអប់រំ និងសុខាភិបាល, វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិស័យកសិកម្ម និងពាណិជ្ជកម្ម, វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, វិស័យបរិស្ថានជាដើម។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធា​នា​ធិប​តីហ្វីលីពីន នាពេលនេះ នឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវ​ចំណង​មិត្តភាព និងសាមគ្គី​ភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជន​ប្រទេស​ទាំងពីរ។

សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ច​ផ្លូវ​ការនៅ​ប្រទេសហ្វីលីពីនផងដែរ។ ដំណើរទស្សនកិច្ចនាពេលនោះ បានមេដឹកនាំ​កម្ពុជា និងហ្វីលីពីន បានប្រកាសលើកកម្ពស់ទំនាក់ទំនិង និងកិច្ចសហប្រតិបត្តិការ​លើ​វិស័យនានាឱ្យកាន់តែល្អប្រសើរថែមទៀត។

ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការចំនួន៨ផងដែរ។ឯកសារដែលបានចុះហត្ថលេខានោះរួមមាន៖

១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋា ភិបាលហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធ លើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។

២៖ អនុស្សរណៈនៃការសម្តែងបំណង សម្រាប់កិច្ចសហ ប្រតិបត្តិការ វិនិ យោគ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការ វិនិយោគ ហ្វីលីពីន។

៣៖ អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋា ភិ បាល ហ្វីលីពីន ស្តីពីការបង្ការអំពើលួច និងជួញដូរខុសច្បាប់ នៃទ្រព្យសម្បត្តិវប្បធម៌។

៤៖ អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើកសិកម្ម និងកសិ-ពាណិជ្ជកម្ម។

៥៖ អនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការ ប្រកួតប្រជែង កម្ពុជា និងគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន ស្តីពីការអនុវត្តច្បាប់ប្រកួតប្រជែង។

៦៖ អនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ហ្វីលីពីន។

៧៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈកម្ពុជា និងអាជ្ញាធរអប់រំបណ្តុះបណ្តាលបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញ​ហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

៨៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ច សហប្រតិបត្តិការ នៅក្នុងវិស័យ បច្ចេកវិទ្យាព័ត៌មាន និងបរិវត្តន៍កម្មរដ្ឋាភិបាលឌីជីថលរវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងបច្ចេកវិទ្យាព័ត៌មានហ្វីលីពីន ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ