ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អគ្គស្នងការនគរបាលជាតិ ណែនាំអ្នកដឹកជញ្ជូនម្ហូបអាហារ ឬទំនិញក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងស្មារតីគោរពច្បាប់ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
Fri,05 September 2025 (Time 02:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 90នាក់)

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍ ពិសេសការកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងម្ចាស់ តំណាងក្រុមហ៊ុន ព្រមទាំងភ្នាក់ងារដឹកជញ្ជូនប្រមាណជាង ៦០០នាក់។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់ភ្នាក់ងារដឹកជញ្ជូនទាំងអស់ ត្រូវគោរពនូវក្រមសីលធម៌ចំនួន១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ រួមមាន៖
ទី១៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត, ទី២៖ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដាច់ខាត, ទី៣៖ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀនជាដាច់ខាត, ទី៤៖ មិនត្រូវបើកបរក្រោមស្ថានភាពងងុយដេកជាដាច់ខាត, ទី៥៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ចនៅពេលជិះម៉ូតូ, ទី៦៖ ត្រូវពាក់ខ្សែក្រវ៉ាត់ជានិច្ច (ចំពោះរថយន្ត), ទី៧៖ ត្រូវបើកបរដោយប្រកាន់ស្តាំជានិច្ច, ទី៨៖ ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច, ទី៩៖ ត្រូវចេះបើកបរច្បាស់លាស់ និងមានការយល់យោគអធ្យាស្រ័យគ្នា, ទី១០៖ ត្រូវបើកបរដោយស្មារតីប្រុងប្រយ័ត្នជានិច្ចគ្រប់ពេលវេលា។

បន្ថែមលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់អ្នកបើកបរត្រូវគោរពផ្លាកសញ្ញាចរាចរណ៍ និងភ្លើងចរារចរណ៍ គ្រប់ពេលវេលាក្នុងពេលបើកបរ, សូមកុំគោរពតែនៅពេលដែលមាន វត្តមានកម្លាំងនគរបាល, មិនត្រូវមើលទូរស័ព្ទដើម្បីស្វែងរកទីតាំងតាម Google Map និងកុំនិយាយទូរស័ព្ទពេលកំពុងបើកបរឲ្យសោះ ជាពិសេលអ្នកបើកបរម៉ូតូ ពីព្រោះគ្រោះថ្នាក់អាចកើតមានតែក្នុង១ប៉ព្រិចភ្នែកប៉ុណ្ណោះ, មិនត្រូវដណ្តើម ឬប្រជែងយកឈ្នះគ្នាលើដងផ្លូវសាធារណៈ ដែលជាហេតុធ្វើឲ្យមានគ្រោះថ្នាក់ និងកុំវ៉ាជែងដោយបំពាន ក្នុងស្ថានភាពដែលអាចមានគ្រោះថ្នាក់។

ដោយឡែក សម្រាប់នាយកដា្ឋននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានផ្ដល់អនុសាសន៍ឲ្យសហការជាមួយក្រុមហ៊ុនផ្ដល់ការបណ្ដុះបណ្ដាលច្បាប់ បទដ្ឋានសុវត្ថិភាពចរាចរណ៍យ៉ាងតិច៦ខែម្តង, ត្រូវសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យអ្នកបើកបរអត្តសញ្ញាណយានយន្ត បណ្ណបើកបរ និងបទពិសោធន៍ជំនាញ, ត្រូវជំរុញឲ្យមានកិច្ចប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ជាមួយក្រុមហ៊ុនជាទៀងទាត់, និងបង្កើតប្រព័ន្ធទំនាក់ទំនងនានាជាមួយក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ដើម្បីសហការដោះស្រាយលើបញ្ហាប្រឈមនានា។

លើសពីនេះ ត្រូវបន្តធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដោយត្រូវល្មើសតិចតួចអប់រំនៅហ្នឹងកន្លែងជាជាងផាកពិន័យ ឬអាចឃាត់ទុកមធ្យោបាយបណ្ដោះអាសន្នជាការព្រមាន។ ជាមួយគ្នានេះ ក៏ត្រូវពង្រឹងវិន័យសេចក្ដីថ្លៃថ្នូរ ក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីនគរបាលចរាចរណ៍ បញ្ចៀសឲ្យបានអំពីការរិះគន់ វាយប្រហារផ្សេងៗ និងបង្កើនការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍តាមដងផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងទទួលផែនការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ឆមាសទី១ ឆ្នាំ២០២៥ បានកើឡើងសរុបចំនួន ១,០៦៦លើក (យប់៥៨ភាគរយ) បណ្ដាលឲ្យស្លាប់មនុស្ស ៦៩៤នាក់ និងរងរបួស ១,៤៧៦នាក់ (ធ្ងន់ ៨៤៩នាក់)។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន ៥០ភាគរយ, មិនគោរពសិទ្ធិ ២១ភាគរយ, មិនប្រកាន់ស្ដាំ ១១ភាគរយ, ប្រជែងគ្រោះថ្នាក់ ៧ភាគរយ, ស្រវឹង ៥ភាគរយ, បត់ ២ភាគរយ, កត្តាយាន្ដ ២ភាគរយ, ងងុយ ១ភាគរយ និងសញ្ញាចរាចរណ៍ ១ភាគរយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ