ថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចតេជោ៖ កម្ពុជាបានអត់ធ្មត់គ្រប់បែបយ៉ាង ដើម្បីធានាការគោរពបទឈប់បាញ់ដែលបានសម្រេចជាមួយគ្នា ហើយជាជំហររបស់កម្ពុជា ចង់ឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃ ត្រឡប់មករកភាពប្រក្រតីឡើងវិញ
Fri,05 September 2025 (Time 01:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 23នាក់)

ភ្នំពេញ៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Bridgette L. Walker ភារធារីស្តីទីនៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបលោកជំទាវ និងសហការីសាជាថ្មីនាពេលនេះ ហើយសម្ដេចត្រៀមជជែកជាមួយលោកជំទាវទាក់ទងនឹងទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសស្ថានភាពចុងក្រោយស្ដីពីបញ្ហាព្រំដែន កម្ពុជា-ថៃ ដែលសហរដ្ឋអាមេរិកបានដើរតួនាទីដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានាពេលបច្ចុប្បន្ន។

លោកជំទាវ Bridgette L. Walker បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវនិងសហការីបានជួបសម្ដែងការគួរសម នឹងបានពិភាក្សាការងារនាថ្ងៃនេះ ជាពិសេសបានរំលេចអំពីទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក។

លោកជំទាវ បានលើកឡើងថា បច្ចុប្បន្នស្ថានភាពនៃទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកមានភាពល្អប្រសើរ ហើយពេលនេះស្ថានទូតអាមេរិកកំពុងតែប្រារព្ធការអបអរសាទរខួប៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ លោកជំទាវ ក៏សម្តែងការអបអរចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ផងដែរ។

សម្ដេចតេជោ បានពន្យល់ទៅកាន់លោកជំទាវទាក់ទងទៅនឹងរឿងរ៉ាវនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងស្ថានភាពវិវត្តន៍ចុងក្រោយនៃបញ្ហានេះ ក្រោយពីមានបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា។ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងដោយចំៗ ចំពោះលោកជំទាវភារធារីស្តីថា បទឈប់បាញ់ដែលកម្ពុជា និងថៃមានជាមួយគ្នាកាលពីថ្ងៃ២៨កក្កដាកន្លងទៅនេះ គឺមិនអាចកើតមានបានឡើយប្រសិនបើមិនមានគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ ក្នុងការចូលរួមចំណែកជួយដោះស្រាយឱ្យទាន់ពេលវេលានោះទេ។

សម្ដេចតេជោ បានអរគុណយ៉ាងខ្លាំងចំពោះការចាត់វិធានការទាន់ពេលវេលារបស់រដ្ឋបាលឯកឧត្តម ដូណាល់ត្រាំ និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលបានយកចិត្តទុកដាក់ក្នុងការតាមដាន និងដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។

សម្ដេចបានបញ្ជាក់ថា បទឈប់បាញ់តាមរយៈការចូលរួមចំណែកពីឯកឧត្តម ដូណាល់ត្រាំ គឺបានជួយដល់ប្រទេសទាំងសងខាង ជាពិសេសកុំឱ្យមានទាហាន និងប្រជាពលរដ្ឋស្លាប់ក្នុងការផ្ទុះអាវុធបន្តទៀត។ យ៉ាងណាសម្ដេចតេជោ ក៏បានបង្ហាញនូវក្តីព្រួយបារម្ភចំពោះស្ថានការណ៍ចុងក្រោយនៃបញ្ហាព្រំដែនកម្ពុជា និងថៃ ជាពិសេសការបន្តដាក់បន្លាលួសជាបន្តបន្ទាប់ ដែលចំណុចនេះសម្ដេចចង់ឱ្យសហរដ្ឋអាមេរិកតាមដានយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមានឡើង ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវការគោរពបទឈប់បាញ់ឲ្យបានពេញលេញ។

សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាបានអត់ធ្មត់គ្រប់បែបយ៉ាង ដើម្បីធានាការគោរពបទឈប់បាញ់ដែលបានសម្រេចជាមួយគ្នា ហើយជាជំហររបស់កម្ពុជា គឺកម្ពុជាចង់ឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃ ត្រឡប់មករកភាពប្រក្រតីឡើងវិញ។ សម្ដេចបន្តថា កម្ពុជាបានអ្នកសង្កេតការណ៍ជាក់លាក់ដើម្បីធានានូវការអនុវត្តនូវបទឈប់បាញ់នេះឱ្យមានប្រសិទ្ធភាព។

លោកជំទាវ Bridgette L. Walker បានអរគុណសម្ដេចតេជោដែលបានពន្យល់យ៉ាងក្បោះក្បាយជុំវិញបញ្ហាព្រំដែនកម្ពុជា និងថៃ។ លោកជំទាវបានបញ្ជាក់ថា សហរដ្ឋអាមេរិក ជាពិសេសឯកឧត្តមប្រធានាធិបតី ដូណាល់ត្រាំ និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការវិវត្តន៍ ដូចជាបញ្ហាប្រឈមព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ហើយជាជំហររបស់សហរដ្ឋអាមេរិក គឺចង់ឃើញនូវការវិវត្តន៍ព្រំដែន កម្ពុជា-ថៃ វិលទៅរកភាពប្រក្រតីឡើងវិញ ពោលគឺសហរដ្ឋអាមេរិកចង់ឃើញសន្តិភាពកើតមានឡើងសម្រាប់ប្រទេសទាំងពីរ។

លោកជំទាវបានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកចង់ឲ្យភាគីទាំងពីរអនុវត្ត ក៏ដូចជាការបង្កើតឲ្យមានអ្នកសង្កេតការណ៍អាស៊ាន ដូចអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានៅពេលកន្លងទៅ ហើយអាមេរិកនឹងខិតខំជំរុញឲ្យមានអ្នកសង្កេតការណ៍អាស៊ាន ដូចអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងទៅនោះ។

ឆ្លៀតនៅក្នុងឱកាសនេះ សម្ដេចតេជោក៏បានអរគុណចំពោះសហរដ្ឋអាមេរិកដែលបានផ្ដល់ជាជំនួយមនុស្សធម៌ដល់ជនភៀសសឹកក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ថ្មីៗនេះ។

នៅក្នុងឱកាសនោះលោកជំទាវភារធារី ក៏លើកឡើងពីបញ្ហាអន្តោប្រវេសន៍កម្ពុជានៅសហរដ្ឋអាមេរិក ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ ដោយលោកជំទាវបានស្នើដល់សម្ដេចតេជោសុំការគាំទ្រ និងសម្របសម្រួលពាក់ព័ន្ធទៅនឹងបញ្ហានេះ។

ជាការឆ្លើយតប សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចនឹងខិតខំប្រឹងប្រែងប្រាប់ដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យយកចិត្តទុកដាក់ចំពោះការទទួលយកនូវជនជាតិខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍។

សម្ដេចតេជោបានបញ្ជាក់ថា បញ្ហានេះមិនមែនជាបញ្ហាថ្មីនោះទេ វាជាបញ្ហាចាស់តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រីមកម្លេះហើយទោះបីជាក្នុងកាលៈទេសៈណាក៏ដោយពួកគាត់ជាជនជាតិខ្មែរ នៅពេលដែលសហរដ្ឋអាមេរិកបញ្ជូនមកវិញ គឺយើងត្រូវតែយកចិត្តទុកដាក់ និងទទួលឲ្យពួកគាត់មករស់នៅប្រទេសកម្ពុជាវិញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃកិច្ចដំណើរការរបស់ ប.ភ.យ.ក. និងលក្ខណវិនិច្ឆ័យនិងលក្ខណសម្បត្តិសម្រាប់ជ្រើសរើសគ្រូបង្រៀននៃ ប.ភ.យ.ក. និងអនុម័តលើបញ្ជីឈ្មោះបេក្ខជន វិញ្ញាសា និងកាលបរិច្ឆេទនៃការប្រឡងប្រជែងជ្រើសរើសសិស្សវិជ្ជាជីវៈតុលាការ និងវិជ្ជាជីវៈច្បាប់ ក៏ដូចជាអនុម័តលើបទបញ្ជាផ្ទៃក្នុងសម្រាប់ក្រុមប្រឹក្សាភិបាលនៃ ប.ភ.យ.ក. ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យឯកឧត្តម​ គីម​ រិទ្ធី​ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនភរិយា និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៥រូប រស់នៅខេត្តព្រះវិហារ ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យឯកឧត្តម មាន ចាន់យ៉ាដា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនម្តាយបង្កេីត និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ១រូប រស់នៅខេត្តឧត្តរមានជ័យ ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន ()

វីដែអូ