ភ្នំពេញ៖ ឆ្លេីយតបតាមតម្រូវការចាំបាច់ និងដេីម្បីជួយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សនាពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះចំនួន ១.៨៥០គ្រួសារ រស់នៅខេត្តចំនួនពីរនៃភាគឦសានប្រទេសកម្ពុជា គឺខេត្តមណ្ឌលគិរីចំនួន ៩៥០គ្រួសារ និងខេត្តរតនគិរីចំនួន ៩០០គ្រួសារ។អំណោយមនុស្សធម៌ខាងលេីនេះត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តទាំងពីរ ចុះចែកដល់ប្រជាជនរងគ្រោះទាំង ១.៨៥០គ្រួសារ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។ក្នុងនោះមុខព្រួញខេត្តមណ្ឌលគិរី គណៈប្រតិភូដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ៩៥០គ្រួសារ ដែលធ្វេីឡេីងនៅទីតាំងចំនួន ៣កន្លែងគឺ ៖-ទីតាំងទី១ នៅវិទ្យាល័យ ហ៊ុនសែន កោះញែក ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក សម្រាប់ប្រជាជនរងគ្រោះចំនួន ៥០១គ្រួសារ មកពីឃុំស្រែសង្គម ឃុំស្រែហ៊ុយ និងឃុំរយ៉ ។-ទីតាំងទី២ នៅអនុវិទ្យាល័យសុខសាន្ត ស្ថិតក្នុងភូមិទួល ឃុំអបួនលេី ស្រុកកោះញែក សម្រាប់ប្រជាជនរងគ្រោះ ២៩០គ្រួសារ មកពី ឃុំអបួនលេី និងឃុំសុខសាន្ត។-និងទីតាំងទី៣ នៅអនុវិទ្យាល័យមេម៉ង់ សម្រាប់ប្រជាជនរងគ្រោះ ១៥៩គ្រួសារ មកពីឃុំមេម៉ង់ ស្រុកកែវសីមា។ដោយឡែកមុខព្រួញខេត្តរតនគិរី គណៈប្រតិភូដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង នាយកនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ៩០០គ្រួសារ ដែលធ្វេីឡេីងនៅទីតាំងចំនួន ២កន្លែងគឺ៖-ទីតាំងទី១ នៅលើទីទួលសុវត្ថិភាពក្នុងភូមិលំផាត់ ឃុំជ័យឧត្តម សម្រាប់ប្រជាជនរងគ្រោះចំនួន ៥០០គ្រួសារ មកពីឃុំចំនួន៣ គឺឃុំកាឡែង ឃុំជ័យឧត្តម និងឃុំសេដា នៃស្រុកលំផាត់។-ទីតាំងទី២ នៅក្នុងបរិវេណសាលាបឋមសិក្សាស្រែពកតូច ស្ថិតក្នុងភូមិស្រែពកតូច ឃុំសិរីមង្គល សម្រាប់ប្រជាជនរងគ្រោះចំនួន ៤០០គ្រួសារ មកពីឃុំចំនួន៥ គឺ ឃុំសរមង្គល ឃុំស្រែអង្ក្រង ឃុំតាអង ឃុំត្រពាំងច្រេស និងឃុំត្រពាំងក្រហម នៃស្រុកកូនមុំ។ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាជនទាំងអស់ គណៈប្រតិភូកាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះបណ្ដាំរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយប្រជាជន និងបងប្អូនជនជាតិដេីមភាគតិចទាំងអស់ រួមជាមួយការសោកស្តាយចំពោះគ្រោះធម្មជាតិទឹកជំនន់ដែលបានផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ជាមួយគ្នានេះ តាមរយៈមន្ត្រីពីទីស្នាក់ការកណ្តាល, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តាំផ្ញេីជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគិតគូរ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិន និងអាហារមានជីវជាតិគ្រប់គ្រាន់ ជៀសវាងអាហារណាដែលមានរសជាតិប្រៃពេក ឬផ្អែមពេក ដែលបង្កជាជំងឺលើសសម្ពាធឈាម ជំងឺមហារីក ឬជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះ ក្នុងរដូវវស្សានេះដែរ ក៏ត្រូវប្រុងប្រយ័ត្នពីគ្រោះធម្មជាតិទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ដែលសូមឱ្យអាជ្ញាធរមូលដ្ឋានតាមដានជាប់ជាប្រចាំនូវប្រព័ន្ធផ្តល់ព័ត៌មានជាមុន ១២៩៤ ដេីម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការជួយជម្លៀសប្រជាជនបានទាន់ពេលវេលា។ ជាមួយគ្នានេះ សូមប្រជាជនទាំងអស់ប្រុងប្រយ័ត្នពីជំងឺដែលបង្កឡើងដោយសត្វមូស មានដូចជា ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ ឬជំងឺនានាដែលបង្កឡើងដោយកង្វះអនាម័យជាដើម ក៏ដូចជាប្រុងប្រយ័ត្ន ចំពោះកុមារតូចៗដែលប្រឈមនឹងគ្រោះថ្នាក់ដោយការលង់ទឹក។ ទន្ទឹមនឹងនេះ ពេលបងប្អូនត្រឡប់ទៅលំនៅដ្ឋានវិញ សូមសម្អាតបរិស្ថានជុំវិញផ្ទះ ប្រុងប្រយ័ត្នពីសត្វអាសិរពិស និងបន្តខិតខំប្រកបរបរដេីម្បីស្តារជីវភាពគ្រួសារឡេីងវិញ។គ្រួសាររងគ្រោះទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា ជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា។សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ