ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ ស្តីពីការផ្លាស់ប្តូរទៅរកភាពបៃតង ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម រៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីវិទ្យាស្ថានគ្រប់គ្រងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ នាថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើការអំពាវនាវដល់ប្រទេសចូលរួមទាំងអស់ រួមមានប្រទេសកម្ពុជា ឡាវ វោតណាម និងប្រទេសដៃគូរួមមានសាធារណរដ្ឋកូរ៉េ រួមគ្នាបង្កើតនូវផែនការអាទិភាព និងសកម្មភាពក្នុងការទប់ស្កាត់ការបំពុលបរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរួមគ្នា។ «យើងបរិភោគទឹករួមគ្នា យើងស្រូបខ្យល់សម្រាប់ការដកដង្ហើមរួមគ្នា ហើយយើងមានព្រៃឈើដូចគ្នា ដែលចាំបាច់ត្រូវមានវិធានការរួមគ្នាទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន និងធនធម្មជាតិ»។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា មានប្រសាសន៍បន្ថែម។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាកម្ពុជាបានអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈគោលនយោបាយនិងយុទ្ធសាស្រ្តច្បាស់លាស់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តាមការរយៈការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើងដោយអនុឡោមតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងបានដាក់ចេញយុទ្ធនាការជាច្រើន ដើម្បីភាពស្អាត រួមមានភាពស្អាតលើផ្ទៃដី ភាពស្អាតលើ់ផ្ទៃមេឃ និងភាពស្អាតក្នុងទឹក ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការទន្ទ្រានដីព្រៃដោយខុសច្បាប់។ ឯកឧត្តមបណ្ឌិត បានបន្តថា ជាក់ស្តែងនាពេលថ្មីៗនេះ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ជាពិសេសការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការ សមាគមក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងប្រជាពលរដ្ឋជាងពាក់កណ្តាលប្រទេស អនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវស្អាតគ្មានសំរាមនិងសំណល់ប្លាស្ទិក» ដែលធ្វើឱ្យមូលដ្ឋាន ផ្លូវជាតិ ទីសាធារណ ទីប្រជុំជន មានសោភ័ណភាព មានភាពស្អាតជាបណ្តើរៗ និងកាត់បន្ថយបានការនាំចូលប្លាស្ទិក បាន៨៥%។ លើសពីនេះតាមរយៈយុទ្ធនាការ ដើម្បីភាពស្អាតក្នុងទឹក កម្ពុជា បានទប់ស្កាត់មិនឱ្យទឹកកខ្វក់ហូរចូលប្រភពទឹកសាធារណៈ ក្នុងនោះ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ បានទប់ស្កាត់បានប្រមាណ១៥លានម៉ែត្រគូប។ ជាមួយគ្នានេះដែរ កម្ពុជាបានខិតខំប្រឹងប្រែង សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកច្បាប់ សមត្ថកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ ពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានជាច្រើនករណី និងបានដកហូតយកដីព្រៃត្រឡប់ជូនរដ្ឋវិញជាច្រើនហិកតា។ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញលើកទឹកចិត្តដល់ស្ថាប័ន រាជបណ្ឌិត្យសភានៃប្រទេសកម្ពុជា បណ្ឌិត្យសភានៃប្រទេសឡាវ និងវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងធនធានធម្មជាតិជាមួយគ្នា ដោយបង្កើតផែនការសកម្មភាពអាទិភាព ដើម្បីបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលនាំឱ្យមានការបំពុលបរិស្ថាន ចេញពីរោងចក្រ សហគ្រាស ចូលរួមការពារព្រៃឈើ និងធនធានធម្មជាតិ កាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងធ្វើការឆ្លើយបនឹងការប្រែប្រួលអាកាសធាតុ។ […] យើងរួមគ្នាឆ្ពោះទៅមុខ ដើម្បីពង្រីកភាពស្អាត ពង្រីកគម្របបៃតង ហើយយើងទាំងអស់គ្នាអាចធ្វើបាន ជួយដល់មនុស្សជាតិ និងឆ្ពោះទៅគោលដៅឆ្នាំ២០២៥០ ជាប្រទេសអព្យាក្រឹតកាបូនដូចគ្នា» ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ