ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្តចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ
Tue,30 September 2025 (Time 12:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 59នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាសមាជិក អ.ដ.ក., លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក.,​ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ, ឯកឧត្តម ឯម ភាព អភិបាលរង តំណាង ឯកឧត្តមអភិបាលខេត្តព្រះសីហនុ, តំណាងឯកឧត្តម​ប្រធានសាលាដំបូងខេត្ត,​ ឯកឧត្តម​ សៀង​ សុខ​ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត, ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., សមាជិកក្រុមប្រឹក្សាខេត្ត និងដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តព្រះសីហនុ រួមមាន តំណាងស្នងការដ្ឋាននគរបាលខេត្ត, ប្រធានមន្ទីរពាក់ព័ន្ធ, ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក, អភិបាលក្រុង-ស្រុក, ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, ប្រធានការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋានក្រុង-ស្រុក, មេឃុំ ចៅសង្កាត់ និងប្រជាពលរដ្ឋ សរុបចំនួន ១៣០ រូប។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានលើកទ្បើងអំពីគោលបំណងសំខាន់ក្នុងការរៀបចំសិក្ខាសាលានេះ គឺដើម្បីធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីបេសកកម្ម និងសារៈសំខាន់នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដែលជាស្ថាប័នថ្មីមួយរបស់រាជរដ្ឋាភិបាល ជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាតួអង្គនៅកៀកជិតនឹងប្រជាពលរដ្ឋ និងជាអ្នកផ្តល់សេវាដោះស្រាយវិវាទដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមបណ្ឌិត ក៏បានបន្ថែមដែរថា អ.ដ.ក. គឺត្រូវបានបង្កើតឡើងដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌ និងលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ សម្រាប់បុគ្គលគ្រប់រូបនៅមូលដ្ឋាន និងសហគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង តាមរយៈ (១)-ការរក្សាបាននូវចរិតនៃការដោះស្រាយវិវាទក្នុងមូលដ្ឋានស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និង (២)-ការបញ្ចប់វិវាទ ឬរំលត់វិវាទដែលកើតមាននៅមូលដ្ឋានជាក់ស្តែង សំដៅចូលរួមកាត់បន្ថយនូវសំណុំរឿងនៅតាមសាលាជម្រះក្តី។

ក្នុងឱកាសនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏បានជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត អំពីលទ្ធភាព នៃការចុះអនុស្សរណ:នៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទ។

ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានលើកទ្បើងអំពីសារៈសំខាន់នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីធានាបានសុខដុមរមនាក្នុងសង្គមជាតិ ក៏ដូចជាបានឯកភាពគ្នាពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ពិសេសសម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តព្រះសីហនុ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ