បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង អមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការសាខា អនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្មគ្រ័ចិត្តភូមិ បានអញ្ជើញចុះប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង លេខរៀងទី២១ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់លោកតា នេត នូ អាយុ ៧២ឆ្នាំ មានជីវភាពក្រីក្រខ្លាំង និងរងគ្រោះដោយអគ្គិភ័យកន្លងទៅ និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣០គ្រួសារស្ថិតភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។យោងតាមរបាយការណ៍លោក ញឹក សារ៉ែន អភិបាលស្រុកនិងជាប្រធានអនុសាខាស្រុកគាស់ក្រឡ បានឲ្យដឹងថាក្រុមគ្រួសារ លោកតា នេត នូ អាយុ ៧២ឆ្នាំ មានបន្ទុកគ្រួសារចំនួន៣នាក់ស្រី១នាក់ ដែលបានរងគ្រោះដោយអគ្គិភ័យកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៣:២០នាទីបណ្តាលអោយខូខាតទាំងស្រុងផ្ទះ១ខ្នង ទំហំ៥មx៦ម ស្ថិតភូមិតាថុក ឃុំធិបតី មូលហេតុផ្ទុះសេខ្សែភ្លើង ហើយគ្រួសារខាងលើមានជីវភាពទ័លក្រ ក្រោយពីរងគ្រោះភ្លាមៗ គ្រួសាររងគ្រោះខាងលើក៏ទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ជាពិសេសទទួលបានការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈប័ណ្ណសមធម៌ផងដែរ ។ថ្លែងក្នុងឱកាសនោះ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះក្រុមគ្រួសារ លោកតា នេត នូ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់។ជាមួយគ្នានេះ ឯកឧត្តមប្រធានក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសង ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជប់ខ្ជួន ហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងបន្តខិតខំបង្កបង្កើនផលដាំដុះដំណាំរួមផ្សំនានាដើម្បីជួយលើកស្ទួយក៏ដូចជាការពង្រឹងជីវភាពគ្រួសាររៀងៗខ្លួន។ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះ សូមស្វែងយល់បន្ថែមពីភាពរឹងមាំ នៃលំនៅឋាន ដើម្បីបង្ការ និងការពារហានិភ័យផ្សេងៗ ដែលបង្កដោយគ្រោះធម្មជាតិព្រោះថា ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស-សត្វ ដែលតម្រូវឲ្យ ប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា។សូមបញ្ជាក់ថា ផ្ទះលេខរៀងទី២១ ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ ចំណាយថវិកា ៥.៥៥០ដុល្លារ (ប្រាំពាន់ប្រាំរយហាសិបដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ។ជាកិច្ចឆ្លើយតប លោកតា នេត នូ ក្នុងនាមក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរនិងជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី១ខ្នង ដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេ។លោកតាបានសន្យានឹងខិតខំថែរក្សាផ្ទះថ្មីនេះអោយបានល្អ គង់វង្សយូអង្វែង ជាពិសេសមិនធ្វើឱ្យ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។ជាមួយគ្នានេះដែរ ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជា ខេត្ត បានផ្តល់ជូន អំណោយ សម្រាប់សង្កត់ផ្ទះរួមមាន៖ អង្ករ ,មី,ទឹកត្រី, ទឹកស៊ីអ៊ីវ ត្រីខ, ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ដោយឡែកគ្រួសារងាយរងគ្រោះមានជនចាស់ជរា ជនមានពិការភាព និងគ្រួសារក្រីក្រ ដែលរស់នៅជិតខាងចំនួន ៣០គ្រួសារ ដោយមួយគ្រួសារទទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ