ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធរ មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានជាដៃគូដ៏សំខាន់ក្នុងការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
Sat,27 September 2025 (Time 08:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 94នាក់)

ព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តព្រះសីហនុបានចាត់ទុកអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ គឺជាដៃគូដ៏សំខាន់ មិនអាចខ្វះបាន សម្រាប់ការធានាសិទ្ធិទទួលព័ត៌មាន ជម្រុញប្រសិទ្ធភាពការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
ថ្លែងពិធីវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នៅសាលប្រជុំសាលាក្រុងព្រះសីហនុ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អាជ្ញាធររាជធានីខេត្ត មន្ត្រីព័ត៌មាន រួមទាំងអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ មានក្រមសីលធម៌ គឺកំពុងតែនៅលើទូកតែមួយ ដូច្នេះជាដៃគូមិនអាចខ្វះបានក្នុងការរួមចំណែកធានាសន្តិសុខព័ត៌មាន រួមគ្នាទប់ស្កាត់និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយ និងការផ្សាយដោយចេតនាអាក្រក់ទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់ដល់ការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ក្នុងខេត្តព្រះសីហនុដែលបានផ្តល់ការគាំទ្រនិងយកចិត្តទុកដាក់ដល់ការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ដែលសម្របសម្រួលដោយមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត។
ឯកឧត្តម ទេព អស្នារិទ្ធ បានចាត់ទុកការចូលរួមរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់នេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីបន្តពង្រឹងការសហការគ្នាក្នុងការអនុវត្តន៍នូវយន្តការការងារដែលត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាព និងទទួលបានផលជាក់ស្តែង។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា៖«ក្នុងន័យនេះ តួអង្គពាក់ព័ន្ធទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមនៃការងារព័ត៌មាននិងសាធារណមតិ គឺការអនុវត្តក្នុងទម្រង់ជវភាពតួអង្គតែមួយ ដោយផ្តោតលើការអនុវត្តភារកិច្ចដើម្បីសម្រេចគោលដៅរួម ជាពិសេសតាមរយៈការឆ្លើយតប បន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា ក៏ដូចជាការបំភ្លឺសាធារណមតិចំពោះរាល់មន្ទិល និងកង្វល់ទាំងឡាយ ព្រមទាំងស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះ និងឆ្លើយតបនឹងតម្រូវការប្រចាំថ្ងៃក្នុងសហគមន៍ និងសង្គមទាំងមូល។
សម្រាប់ការពង្រឹងទំនាក់ទំនងការងារសារព័ត៌មានវិញ ឯកឧត្តមអនុរដ្ឋលេខាធិការ បានចាត់ទុកកិច្ចសហការល្អរវាងអាជ្ញាធរ មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន ជាកត្តាចាំបាច់មួយសម្រាប់ធានាការផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ និងសុក្រឹត ដើម្បីផ្ដល់តុល្យភាពព័ត៌មាន និងការទទួលព័ត៌មានត្រឹមត្រូវ មានសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមលើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មានរាជធានី-ខេត្ត និងអ្នកសារព័ត៌មាន ត្រូវបង្កើនទំនាក់ទំនងការងារជាមួយគ្នាជាប្រចាំឱ្យកាន់តែរឹងមាំ តាមរយៈការបង្កឱកាសសហការការផ្តល់បច្ចុប្បន្នភាពស្តីពីវិស័យអាទិភាព ការអភិវឌ្ឍ និងវឌ្ឍភាពការងារ ការបង្កើតប្រព័ន្ធផ្តល់ព័ត៌មានប្រចាំតាមមធ្យោបាយទំនាក់សង្គមសមស្រប និងការជួបជុំពិភាក្សាគ្នាជាប្រចាំដើម្បីផ្តល់ និងផ្ទៀងផ្ទាត់ ព័ត៌មានដែលកើតក្នុងមូលដ្ឋានរាជធានី-ខេត្ត សំដៅធានាការផ្សព្វផ្សាយព័ត៌មានពិតត្រឹមត្រូវជូនសាធារណៈជនជាតិ និងអន្តរជាតិ។
លោកឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុបានចាត់ទុកថា ការទំនាក់ទំនងល្អជាមួយក្រុមអ្នកព័ត៌មានផ្តល់ភាពងាយស្រួលក្នុងការជួយផ្សព្វផ្សាយពីការរីកចម្រើននិងសក្តានុពលទេសចរណ៍កាន់តែទូលំទូលាយ។ មួយវិញទៀត ការសហការល្អជាមួយអ្នកសារព័ត៌មាន ក៏បង្កភាពងាយស្រួលផងដែរ សម្រាប់អាជ្ញាគ្រប់ជាន់ថ្នាក់មានឱកាសពង្រីកមធ្យោបាយឆ្លើយតប ឬបំភ្លឺករណីភាន់ច្រឡំ ឬបន្សាបការផ្សព្វផ្សាយព័ត៌មានមិនពិតណាមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន បានប្រសើរ និងទាន់ពេលវេលា។
លោកបញ្ជាក់ថា ៖ «ពេលមានព័ត៌មានក្លែងក្លាយកើតឡើង អាជ្ញាធរអាចមានភាពងាយស្រួល ផ្តល់ព័ត៌មាន បំភ្លឺ បកស្រាយ និងការផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានយកទៅផ្សាយជាសាធារណៈជាដើម» ។
លោកអភិបាលរងបានមានប្រសាសន៍បន្ថែមថា រដ្ឋបាលខេត្តព្រះសីហនុតែងតែរៀបចំឱ្យមានការជួបជុំរវាងថ្នាក់ដឹកនាំ មន្ត្រីព័ត៌មាន មន្ត្រីជំនាញនៃមន្ទីរជុំវិញខេត្ត និងអ្នកសារព័ត៌មាន ដែលមានអាជ្ញាបណ្ណក្នុងខេត្តជាប្រចាំ ជាពិសេសនៅពេលរដូវបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំថ្មី តាមរយៈការរៀបចំការពិសាអាហារសាមគ្គី និងការបង្កឱកាសដើម្បីបង្កើតភាពស្និទ្ធស្នាលទៅវិញទៅមក។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមអ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះសីហនុ ក៏បានចាត់ទុកការប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវរួមចំណែកជម្រុញប្រសិទ្ធភាពការងារ និងកិច្ចសហការរវាងអាជ្ញាធរ និងមន្ត្រីព័ត៌មាន ពិសេសក្នុងក្របខណ្ឌនៃការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ដូច្នេះទាំងអាជ្ញាធរ និងមន្ត្រីព័ត៌មានត្រូវបន្តពង្រីកចំណេះដឹង និងការចេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAI ដើម្បីជួយសម្រួលដល់ការងារ គួបផ្សំនឹងការចេះប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រសិទ្ធភាពសម្រាប់ការផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មាន។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍គូសបញ្ជាក់ថា តួអង្គទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់ ដោយត្រូវប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនសម្រាប់បំពេញឱ្យគ្នាទៅវិញទៅមក ក្នុងការចូលរួមលើកម្ពស់ប្រព័ន្ធផ្សព្វផ្សាយជាអំណាចមួយដ៏សំខាន់នៅក្នុងសង្គម ដើម្បីធានាសិទ្ធិទទួលព័ត៌មានពិត ត្រឹមត្រូវនាយុគសម័យឌីជីថល និងបម្រើប្រយោជន៍សាធារណៈ រក្សាការពារសន្តិសុខនិងសុខដុមនីយកម្មសង្គម ព្រមទាំងចូលរួមធានាភាពធន់សម្រាប់សហគមន៍ និងការអភិវឌ្ឍដោយនិរន្តរភាព។
សូមបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៥ ក្រសួងព័ត៌មានកម្ពុជាបានចេញបណ្ណសារព័ត៌មានដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៨៧២៣បណ្ណ ដែលមានអង្គភាពព័ត៌មានចុះបញ្ជីសរុបចំនួន១៦២០ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ