(ព្រះសីហនុ)៖ មន្ត្រីនៃមន្ទីរព័ត៌មានរាជធានីខេត្តបានចាត់ទុក វគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិ ដែលរៀបចំដោយក្រសួងព័ត៌មានថា ពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងដើម្បីជំរុញការងារប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព។បន្ទាប់ពីបានចូលរួមវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធមកពីខេត្តព្រះសីហនុ កែប កោះកុង កំពត តាកែវនិងខេត្តកំពង់ស្ពឺ សុទ្ធតែបានបង្ហាញនូវចំណាប់អារម្មណ៍គាំទ្រ និងពេញចិត្តយ៉ាងខ្លាំងចំពោះវគ្គបណ្ដុះបណ្ដាលនោះ។លោករស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែបលើកឡើងថា បន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ រួបលោក និងមន្ត្រីផ្សេងៗទៀតទទួលបានចំណេះដឹងថ្មីៗលើជំនាញបច្ចេកទេសរៀបចំខ្លឹមសារបែបសាធារណមតិ និងចំណេះដឹងស្តីពីបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតAI ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃ។លោកអៀម ថៃប្រធានមន្ទីរព័ត៌មានខេត្តតាកែវដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ គឺជាការយកចិត្តទុយកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មានដើម្បីជំរុញដល់មន្ត្រីព័ត៌មានថ្នាក់ក្រោមជាតិមានចំណេះដឹង ជំនាញច្បាស់លាស់ងាយស្រួលបំពេញការងារ ហើយលោកនឹងយកចំណេះដឹងនេះអនុវត្តន៍ការងារជាក់ស្តែងឱ្យទទួលបានលទ្ធផលល្អ។លោកសាន្ត សុផល តំណាងសិក្ខាកាមមកពីខេត្តកំពត យល់ឃើញថា វគ្គនេះផ្តល់ចំណេះដឹងថ្មីៗក្នុងការសរសេរអត្ថបទបែបទស្សនៈ ដើម្បីមានមូលដ្ឋានគ្រឹះក្នុងការសរសេរអត្ថបទឆ្លើយតបចំពោះព្រឹត្តិការណ៍ដែលកើតមានក្នុងខេត្ត ជាពិសេសផ្តល់ព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋ។តំណាងមន្ត្រីរាជការមកពីមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានអរគុណចំពោះក្រសួងព័ត៌មានដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឱ្យសិក្ខាកាមទាំងអស់ចំណេះដឹងគ្រប់គ្រាន់ក្នុងការបំភ្លឺ ឆ្លើយតបទៅនឹងព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ។លោកខៀវ សាវ៉ុន អនុប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានចាត់ទុកការបណ្ដុះបណ្ដាលនេះ ពិតជាបានឆ្លើយតបទៅនឹងការងារគ្រប់គ្រងសាធារណមតិ ជាការងារអាទិភាពការងារខ្ពស់មួយ ដែលថ្នាក់ដឹកនាំកំពុងយកចិត្តទុកដាក់ ហើយលោកប្តេជ្ញាយកចំណេះជំនាញនេះទៅអនុវត្តន៍ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។លោកមុំ ម៉ាលិកាប្រធានមន្ទីរព័ត៌មានខេត្តកោះកុងបានបង្ហាញការសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិនេះ ធ្វើឱ្យអ្នកចូលរួមទទួលបានចំណេះដឹងថ្មីៗ និងបង្កើននូវទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំក្រសួងព័ត៌មាន មន្ត្រីរាជការ និងអាជ្ញាធរខេត្តផងដែរ។លោកស្រី ឈុន ដារីអភិបាលរងក្រុងព្រះសីហនុបានយល់ឃើញថា វគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែផ្តល់ចំណេះដឹងដល់មន្ត្រីជំនាញមន្ទីរព័ត៌មានគ្រប់រាជធានីខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទៀតបានជួយពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រុងស្រុក-ខណ្ឌ ឃុំ-សង្កាត់ឱ្យបានយល់ដឹងពីមូលដ្ឋានគ្រឹះនៃការផលិតព័ត៌មានខ្លីៗឱ្យបានលឿន ដើម្បីបំភ្លឺ និងបន្សាបព័ត៌មានក្លែងក្លាយ។លោកឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ បានគាំទ្រយ៉ាងខ្លាំងចំពោះការរៀបចំបណ្ដុះបណ្ដាលលើជំនាញពាក់ព័ន្ធនឹងការងារសាធារណមតិនេះ ហើយលោកនឹងសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្តដើម្បីរៀបចំការបណ្ដុះបណ្ដាលបែបនេះទៅដល់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តផងដែរ។ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា វគ្គបំពាក់បំប៉ននេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៥ រួមមាន៖ទី១- បំពាក់បំប៉ន និងពង្រឹងសមត្ថភាពបន្ថែមលើការងារព័ត៌មាន និងសាធារណមតិ ២-តាមដាន និងវាយតម្លៃលើលទ្ធផលការងារ ៣- ផ្លាស់ប្ដូរឥរិយាបទដោយចាប់ផ្តើមពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង ៤- ការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងគណនេយ្យភាព ការលើកកម្ពស់ ឯករាជ្យភាព និងសុចរិតភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងការលើកកម្ពស់វិធានការផ្លូវច្បាប់ និងទី៥- លើកកម្ពស់ការធានាសុវត្ថិភាពព័ត៌មានរបស់ប្រជាពលរដ្ឋ និងលើកទឹកចិត្តការចូលរួមប្រឆាំងព័ត៌មាន ក្លែងក្លាយគ្រប់ទម្រង់ និងគ្រប់ពេលវេលា។ គោលបំណងនេះ រួមចំណែកក្នុងការការពារសិទ្ធិទទួល ព័ត៌មានពិត សុក្រឹត គុណភាព របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សម្រាប់ការសម្រេចចិត្តត្រឹមត្រូវប្រចាំថ្ងៃ និងចូលរួមក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។សូមបញ្ជាក់ថា តាមរយៈវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនេះ អ្នកចូលរួមទាំងអស់នឹងបានយល់ដឹងបន្ថែមដូចជា ៖ ១- បច្ចេកទេសរៀបចំ និងខ្លឹមសារបែបសាធារណមតិ ២- ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី ៣- ការចងក្រងបណ្តាញ ការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកា សម្រាប់ផ្សព្វផ្សាយបែបឌីជីថល ជាពិសេសបណ្តាញសង្គម ៤-ការតាមដាន វិភាគចងក្រងព័ត៌មាន និងការឆ្លើយតបព័ត៌មានក្លែងក្លាយ ៥- របៀបរបបការងាររបស់មន្ទីរព័ត៌មាន និងក្រុមការងារពាក់ព័ន្ធ និងទី៦- ការគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្មការងារ និង៧ វិធីសាស្ដ្រប្រើប្រាស់AI នៅក្នុងវិស័យសារព័ត៌មានជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ