ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្ពុជាជំរុញឱ្យអន្តរជាតិផ្តល់ហិរញ្ញប្បទានការពារព្រៃឈើ សម្រាប់សកម្មភាពអាកាសធាតុ ជាពិសេសការអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
Thu,25 September 2025 (Time 09:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 57នាក់)

បុរីញូវយ៉ក៖ ព្រះរាជាណាចក្រកម្ពុជាបានស្នើជំរុញឱ្យសហគមន៍អន្តរជាតិ ផ្តល់ហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត សម្រាប់ការការពារនិងអភិរក្សធនធានធម្មជាតិ ដែលមានសារៈសំខាន់មិនត្រឹមតែសម្រាប់សកម្មភាពអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបទអន្តរាគមន៍បែបនេះ ក្នុងឱកាសបើកកិច្ចសន្ទនាអន្តរជាតិស្តីពីកម្មវិធីអភិវឌ្ឍន៍ព្រៃឈើត្រូពិចជារៀងរហូត Tropical Forest Forever Facility (TFFF) Dialogue, ដែលរៀបចំដោយប្រទេសប្រេស៊ីល នៅក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍សប្តាហ៍ពិសេសស្តីពីអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមរិក នារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងនៅក្រុងញូវយ៉ក សហរដ្ឋអាមរិក)។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ព្រៃឈើ គឺជាវិស័យសំខាន់ ដែលត្រូវការការពារនិងអភិរក្ស សម្រាប់ប្រទេសកម្ពុជា ហើយវាបានដាក់បញ្ជូលក្នុងផែនការជាតិ រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC 3.0) និងបានដាក់ជូនលេខាធិការដ្ឋាន អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) រួចហើយ ដែលក្នុងនោះកម្ពុជាបានប្តេជ្ញាចិត្ត រួមចំណែកកាត់បន្ថយការបំភាយឧស្ម័នរហូតដល់៥៥% នៅឆ្នាំ២០៣០ និងឆ្ពោះទៅជាប្រទេសអព្យាក្រឹតភាពកាបូន នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថាកម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះកម្មវិធីអភិវឌ្ឍន៍ TFFF នៅក្នុងកិច្ចប្រជុំលើកទី៣០ រដ្ឋភាគីអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ COP30 នៅទីក្រុង Belém ប្រទេសប្រេស៊ីល នាខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការត្រៀមខ្លួនរួចជាស្រេច ធ្វើការជាមួយ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ទាំងអស់នៅលើពិភពលោក ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍ TFFF ផ្តល់នូវអត្ថប្រយោជន៍យូរអង្វែង សម្រាប់ទាំងការពារនិងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ 2023-2028 និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងផែនការរួមចំណែកជាតិ NDC 3.0 របស់កម្ពុជា។

សូមបញ្ជាក់ថាកម្មវិធីអភិវឌ្ឍន៍ព្រៃឈើត្រូពិចជារៀងរហូត (TFFF) គឺជាគំនិតផ្តួចផ្តើមហិរញ្ញវត្ថុដ៏សំខាន់របស់ប្រទេសប្រេស៊ីល ដែលមានបំណងពន្លឿន និងពង្រីកសកម្មភាពអាកាសធាតុ តាមរយៈការជំរុញការចូលរួមការពារនិងអភិរក្សធនធានព្រៃឈើ ក្នុងក្របខ័ណ្ឌអន្តរជាតិ ក្នុងកិច្ចប្រជុំ COP30។ កម្មវិធីអភិវឌ្ឍន៍ TFFF អាចផ្តល់ប្រាក់រហូតដល់ 4 ពាន់លានដុល្លារ ក្នុងមួយឆ្នាំដល់ប្រទេសព្រៃឈើត្រូពិច ជាមួយនឹងផ្នែកមួយត្រូវបានផ្តល់ទៅឱ្យសហគមន៍មូលដ្ឋាន ដែលដើរតួនាទីយ៉ាងធំធេងក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ