ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញពីឱកាសដ៏ល្អសម្រាប់យុវជនទាំងអស់ ក៏ដូចជាសិស្សានុសិស្សថ្នាក់ទី១២ដែលទើបប្រឡងហើយ ទោះធ្លាក់ឬជាប់ក្តី បើសិនជាចង់ទទួលបានការងារឆាប់រហ័ស កាត់បន្ថយចំណាយឪពុកម្តាយលើការរស់នៅ និងការសិក្សាដោយខ្លួនឯង សូមជ្រើសរើសការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET ១,៥លាននាក់ ដោយឥតគិតថ្លៃ។លោកថ្លែងថា៖«ប្អូនៗថ្នាក់ទី១២ដែលទើបប្រឡងហើយ ទោះជាប់ ឬធ្លាក់ក្តី កុំអស់សង្ឃឹម ខ្ញុំសូមណែនាំឱកាសមាសដែលជួយប្អូនៗឱ្យឆាប់បានការងារធ្វើ មានជំនាញច្បាស់លាស់ រកលុយចាយបានដោយខ្លួនឯង ក្នុងរយៈពេលខ្លីគឺត្រឹម៤ខែប៉ុណ្ណោះ គឺសូមប្អូនៗទាំងអស់គ្នា មករៀនជំនាញ TVET នៅសាលាទូទាំងប្រទេស ដោយឥតគិតថ្លៃ ហើយពេលមានជំនាញនិងមានប្រាក់ខែរួចហើយ ប្អូនៗទាំងអស់គ្នាអាចបន្តការសិក្សាផ្នែកជំនាញលើកម្រិតបរិញ្ញាបត្រក៏បាន ឬចង់ប្តូរទៅរៀនជំនាញផ្សេងទៀតក៏បាន»។លោក ស៊ុន មេសា បានលើកឡើងថា TVET គឺជារបៀបសិក្សាដែលផ្តោតលើជំនាញអាជីពនិងបច្ចេកទេស ដែលអាចជួយឱ្យអ្នករៀនទទួលបានការងារយ៉ាងឆាប់រហ័ស និងមានសមត្ថភាពអនុវត្តជាក់ស្តែងក្នុងទីផ្សារការងារ ជាពិសេស នៅពេលរៀនចប់ភ្លាមទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជួយផ្គូផ្គងរកការងារឱ្យធ្វើភ្លាមៗតែម្តង។ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យវិញ មិនត្រឹមតែសិក្សាដោយឥតបង់ថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ២៨ម៉ឺនរៀលជារៀងរាល់ខែថែមទៀតផង។សូមបញ្ជាក់ថា យុវជន និងសិស្សានុសិស្ស ដែលទើបប្រឡងចប់ថ្នាក់ទី១២ អាចចុះឈ្មោះសិក្សានៅតាមបណ្តាគ្រឹះស្ថានសិក្សាទាំង ៣៧ទីតាំងនៅទូទាំងប្រទេសលើជំនាញចំនួន៤៥ ក្នុងនោះរួមមានជំនាញ ធុរកិច្ច និងព័ត៌មានវិទ្យា, សំណង់, សេវាកម្ម, ទេសចរណ៍, និងបរិក្ខារត្រជាក់ និងកម្តៅជាដើម។បន្ថែមពីនេះ ក្រៅពីការជំរុញឱ្យសិក្សាជំនាញបណ្តុះបណ្តាលបច្ចេកទេស ១,៥លាននាក់ ដើម្បីទទួលបានការងារឆាប់រហ័សហើយនោះ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានអះអាងថា ការសិក្សាជំនាញបច្ចេកទេសនាពេលបច្ចុប្បន្ន គឺកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ