ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៦
Tue,02 September 2025 (Time 10:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 63នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវនគរបាល ជំនាន់ទី១៩ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៦ ក្នុងខេត្តកំពង់ឆ្នាំង ដែលមានសិស្សនគរបាលជ័យលាភីចំនួន២៩៦នាក់ មកពីនាយកដ្ឋាននគរបាលការពារ នាយកដ្ឋានអង្គរក្ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កណ្តាល និងពោធិ៍សាត់។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានលើកឡើងថា ក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យ ជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដែលក្នុងនោះបានចាត់ទុក «មនុស្ស» ជាអាទិភាពទី១ ក្នុងចំណោមលំដាប់អាទិភាពផ្សេងទៀត គឺផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីជាផែនទីបង្ហាញផ្លូវនិងជាត្រីវិស័យតម្រង់ទិសក្នុងការកសាងនូវមូលធនមនុស្ស ដែលជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងជំរុញវឌ្ឍនភាពជាតិលើគ្រប់វិស័យ ឱ្យឆ្លើយតបទៅនឹងការវិវត្តរីកចម្រើនផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្ត្រក្នុងយុគសម័យឌីជីថលនេះ។

ជាងនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ បានសម្ដែងនូវការកោតសរសើរ និងការដឹងគុណជានិច្ចចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងនៅគ្រប់ប្រភេទទាំងអស់ ដែលបានតស៊ូពុះពារជម្នះរាល់គ្រប់ឧបសគ្គនិងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ក្នុងការរក្សាសន្តិសុខ ភាពសុខសាន្ត និងសុខុមាលភាពជូនសង្គមជាតិទាំងមូលឱ្យបានល្អប្រសើរ។

ទន្ទឹមនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងកោតសរសើរសាលានគរបាលជាតិភូមិភាគ៦ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់និងប្រកបដោយមោទនភាព ដើម្បីបំពេញបានតម្រូវការជាក់ស្ដែងនៃការងារបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភា និងសាលានគរបាលជាតិនានា ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងកោតសរសើរដល់ប្អូនៗជាសិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធ ពង្រឹងនិងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពញភារកិច្ចទទួលខុសត្រូវបានល្អប្រសើរជូនជាតិនិងប្រជាពលរដ្ឋ។

ជាទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់តំណាងសិស្សនគរបាលជ័យលាភីចំនួន ៣០នាក់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ