ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកនាំពាក្យក្រសួងព័ត៌មានជំរុញដល់មន្ទីរព័ត៌មានទាំងអស់ត្រូវគិតគូរពីសតិអារម្មណ៍របស់មហាជនចំពោះប្រធានបទដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួនសម្រាប់ការងារសាធារណមតិ
Fri,19 September 2025 (Time 08:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 91នាក់)

បាត់ដំបង៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការជំរុញឱ្យវិធានការឆ្លើយតបមានប្រសិទ្ធភាព ដោយត្រូវគិតគូរពីសតិអារម្មណ៍របស់មហាជនចំពោះប្រធានបទនោះ ជាធាតុចូលសម្រាប់ការតាក់តែងខ្លឹមសារ និងការកំណត់យកប្រភេទមធ្យោបាយសម្រាប់ការឆ្លើយតប បន្សាប បំភ្លឺ ឬសម្រាប់គាំទ្រដល់ការសរសេរ ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះរាប់បញ្ចូលការស្រង់សំដីអ្នកនាំពាក្យ អ្នកជំនាញ និងអ្នកពាក់ព័ន្ធ។

ឯកឧត្តមថ្លែងបែបនេះក្នុងពិធីបិទវគ្គបំពាក់បំប៉នស្តីពី«ការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ»ជូនដល់មន្រ្តីនៃមន្ទីរព័ត៌មានមកពីខេត្តចំនួន៦ រៀបចំឡើងដោយក្រសួងព័ត៌មាន ដែលមន្ទីរព័ត៌មានខេត្តបាត់ដំបងធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៥ ។
ឯកឧត្តមបន្តថា ការងារសាធារណមតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់។
សាធារណមតិជា ការឆ្លើយតប បន្សាប បំភ្លឺ ឬការសរសេរដោយប្រព័ន្ធផ្សព្វផ្សាយ ដែលបានស្រង់សំដីអ្នកនាំពាក្យ អ្នកជំនាញ ត្រូវគិតគូរពីសតិអារម្មណ៍របស់មហាជនចំពោះប្រធាននោះ ដើម្បីវិធានការឆ្លើយតបចំគោលដៅ មានប្រសិទ្ធភាព ។
ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរព័ត៌មានទាំងអស់ ត្រូវពិនិត្យតាមដានរាល់ព័ត៌មានមិនពិត ព្រមទាំងទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលា រាល់ព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយតាមបច្ចេកវិទ្យាទំនើប ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព សណ្ដាប់ធ្នាប់ សន្តិសុខក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស។ មន្ទីរព័ត៌មានទាំងអស់ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបង្កើនជំនឿទុកចិត្ត ផ្ដល់ព័ត៌មានពិត មានគុណភាព និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋសំដៅធ្វើឱ្យប្រជាពលរដ្ឋមានទំនុកខ្ពស់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។
សម្រាប់ វគ្គបំពាក់បំប៉នស្តីពី«ការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ» ឯកឧត្តមបានចាត់ទុកថាមានសារៈសំខាន់ដែលបានជួយដល់មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិ មានចំណេះដឹងគ្រប់គ្រាន់ក្នុងការអនុវត្តន៍ការងារប្រចាំថ្ងៃ ។
ក្នុងន័យនេះឯកឧត្តមបានណែនាំដល់មន្ត្រីមន្ទីរព័ត៌មានទាំងអស់ត្រូវបន្តសហការធ្វើការងារជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធឱ្យបានល្អប្រសើរថែមទៀតដើម្បី ផ្សព្វផ្សាយ ព័ត៌មានពិតជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង បានសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រោមឱវាទនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងដែលកន្លងមកបានរួបរួមសាមគ្គីគ្នាខិតខំបំពេញការងារអស់ពីសមត្ថភាពជូនថ្នាក់ដឹកនាំក្នុងព្រឹត្តការណ៍ធំៗនានាព្រមទាំងបានបំពេញការងារជូនអង្គភាពរហូតសម្រេចបានលទ្ធផលគាប់ប្រសើរ។
លោក ផេង សិទ្ធី បានថ្លែងអំណរគុណដល់គ្រូឧទ្ទេសមកពីក្រសួងព័ត៌មានដែលបានខិតខំបង្ហាត់បង្ហាញផ្ទេរចំណេះជំនាញទៅដល់សិក្ខាកាម ខណៈការគ្រប់គ្រងព័ត៌មាន និងសាធារណមតិពិតជាសំខាន់ខ្លាំងណាស់ក្នុងយុគសម័យឌីជីថល។
សូមបញ្ជាក់ថា វគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ មានបទអន្តរាគមន៍ស្តីប្រធានបទការងារជំនាញចំនួន០៦ ៖ ទី១- បច្ចេកទេសរៀបចំ និងខ្លឹមសារបែបសាធារណមតិ ដោយឯកឧត្តមបណ្ឌិត ឆាយសុផល រដ្ឋលេខាធិការក្រសួងព័ត៌មានទី ២- ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី ដែលបង្ហាញដោយឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ទី៣- ការចងក្រងបណ្តាញ ការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកា សម្រាប់ផ្សាយបែបឌីជីថល ជាពិសេសបណ្តាញសង្គម ដោយកញ្ញា បូរិន សុភាវុទ្ធតី អនុព័ន្ធសារព័ត៌មាន នៃខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ទី៤-ការតាមដាន វិភាគចងក្រងព័ត៌មាន និងការឆ្លើយតបព័ត៌មានក្លែងក្លាយដោយកញ្ញា ឆន ណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ទី៥- របៀបរបបការងាររបស់មន្ទីរព័ត៌មាន និងក្រុមការងារពាក់ព័ន្ធ ដោយលោកខាត់ សុគន្ធឌីណា ប្រធានមន្ទីរសម្របសម្រួលមន្ទីររាជធានីខេត្ត និងទី៦- ការគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្មការងារ ដោយកញ្ញា ម៉ា បុប្ផាអនុប្រធាននាយកដ្ឋាននីតិកម្ម នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ