ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនឹងនាំមកនូវសន្ទុះថ្មីដល់ស្ថិរភាពតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព
Mon,01 September 2025 (Time 08:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 23នាក់)

ស្របពេលដែលពិភពលោកកំពុងជួបប្រទះនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ កំណើនយឺត និងការកើនឡើងនៃភាពមិនប្រាកដប្រជា អង្គការសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organization – SCO) កំពុងលេចឡើងជាវេទិកាសហប្រតិបត្តិការដ៏សំខាន់មួយសម្រាប់ការជំរុញស្ថិរភាព កិច្ចសន្ទនា និងការអភិវឌ្ឍ។

ជាមួយនឹងវិសាលភាពគ្របដណ្តប់ជាង ៦០% នៃផ្ទៃដីអឺរ៉ាស៊ី និងជិត៥០% នៃចំនួនប្រជាជនពិភពលោក SCO បានវិវត្តខ្លួនទៅជាវេទិកាពហុភាគីគ្រប់ជ្រុងជ្រោយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាពសកល។

ក្រោមភាពជាប្រធានប្តូរវេនរបស់ប្រទេសចិន កិច្ចប្រជុំកំពូល SCO នឹងរៀបចំឡើងនៅទីក្រុងធៀនជីង ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រមុខរដ្ឋ/រដ្ឋាភិបាលមកពីជាង ២០ ប្រទេស ព្រមទាំងអង្គការអន្តរជាតិជាង ១០ រួមទាំងអង្គការសហប្រជាជាតិ។ នេះគឺជាព្រឹត្តិការណ៍ធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ SCO ដែលរំពឹងថា នឹងនាំមកនូវសន្ទុះថ្មីដល់ស្ថិរភាពតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងបរិបទនៃភាពមិនប្រាកដប្រជាសកល SCO កំពុងក្លាយទៅជាគំរូកិច្ចសហប្រតិបត្តិការអន្តរជាតិមួយ ដែលផ្តល់អាទិភាពដល់ “ភាពជាដៃគូ ជាជាង ការប្រឈមមុខគ្នា” “កិច្ចសន្ទនា ជាជាង ការបែកចែក” និង “លទ្ធផលឈ្នះ-ឈ្នះ ជាជាង លទ្ធផលឈ្នះ-ចាញ់”។ មានតែកិច្ចសន្ទនា និងសន្តិសហវិជ្ជមានទេ ដែលជាមាគ៌ាឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលនេះគឺជាស្មារតីនៃការបង្កើតឡើងនូវ SCO។

ប្រទេសចិន ក្នុងនាមជាប្រធានប្តូរវេន SCO បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹង និងធ្វើស៊ីជម្រៅថែមទៀតនូវស្មារតីខាងលើ ហើយនឹងព្យាយាមបង្កើតកុងសង់ស៊ីសនយោបាយជាមួយនឹងសមាជិកដទៃទៀត ដើម្បីជំរុញសន្ទុះកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ បង្កើនសំឡេងរួម និងធ្វើសកម្មភាពរួមគ្នាលើបញ្ហាសកលនានា។

ជាងនេះទៅទៀត ចាប់តាំងពីទទួលតំណែងជាប្រធានប្តូរវេន SCO ប្រទេសចិន បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ន។ ជាក់ស្តែង ព្រឹត្តិការណ៍ជាង ១០០ រួមទាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមានការទូត ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងការពារជាតិ។

ក្នុងកិច្ចប្រជុំកំពូល SCO នាពេលខាងមុខនេះ ឯកឧត្តម ស៊ី ជីនពីង ប្រធានរដ្ឋចិន នឹងប្រកាសដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ SCO សម្រាប់រយៈពេល ១០ ឆ្នាំ និងគំនិតផ្តួចផ្តើមជាក់ស្តែងនានា ដូចជាកំណើនបៃតង សេដ្ឋកិច្ចឌីជីថល និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ក្នុងគោលដៅគាំទ្រការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

កិច្ចប្រឹងប្រែងទាំងនេះ មិនត្រឹមតែបង្ហាញអំពីការប្តេជ្ញាចិត្តឥតងាករេរបស់ចិនចំពោះពហុភាគីនិយម និងការអភិវឌ្ឍសកលក្នុងនាមជាប្រធានប្តូរវេន SCO ទេ តែថែមទាំងបញ្ជូនសញ្ញាដល់សហគមន៍អន្តរជាតិថា SCO គឺជាវេទិកាដែលមានផែនការសកម្មភាពជាក់ស្តែង និងច្បាស់លាស់។ ឈរលើស្មារតីនៃការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ SCO នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់វិបុលភាពតំបន់ និងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

លើសពីនេះទៅទៀត តាមរយៈគម្រោងជាក់ស្តែងខាងលើនេះ SCO មានសក្តានុពលគ្រប់គ្រាន់ ក្នុងការបង្កើតនូវមូលដ្ឋានសេដ្ឋកិច្ចតំបន់មួយដ៏រឹងមាំ។ នាពេលអនាគត វាត្រូវបានរំពឹងទុកថា សូម្បីតែការចូលទៅកាន់ផ្នែកមួយនៃទីផ្សាររបស់ SCO ដែលក្តោបក្តាប់ GDP សកលជិត ២៥% ក៏នឹងធ្វើឱ្យប្រទេសមួយក្នុងតំបន់អឺរ៉ាអាស៊ី អាចធានាបាននូវការពឹងពាក់ផ្នែកសេដ្ឋកិច្ចដោយខ្លួនឯងផងដែរ។

បើយោងតាមទិន្នន័យរបស់អគ្គរដ្ឋបាលគយចិន ទំហំពាណិជ្ជកម្មរបស់ចិនជាមួយនឹងរដ្ឋសមាជិក SCO បានឈានដល់ ២៩៥,៥៨ ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែ នៃឆ្នាំ២០២៥ ដែលនេះជាទំហំពាណិជ្ជកម្មខ្ពស់បំផុតមិនធ្លាប់មានពីមុនមក និងបង្ហាញឱ្យឃើញពីភាពរស់រវើកនៃសន្ទុះពាណិជ្ជកម្ម និងវឌ្ឍនភាពសេដ្ឋកិច្ចរវាងប្រទេសចិន និងរដ្ឋសមាជិក SCO។ ប្រសិនបើសន្ទុះនេះនៅតែបន្តកើនឡើង នោះសេដ្ឋកិច្ចតំបន់ និងពិភពលោក នឹងកាន់តែមានភាពធន់ និងរឹងមាំថែមទៀត។

ជារួម ក្រោមភាពជាប្រធានប្តូរវេនរបស់ប្រទេសចិន កិច្ចប្រជុំកំពូល SCO ឆ្នាំ២០២៥ នឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏ធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ SCO ដែលនឹងចាក់បញ្ចូលនូវកម្លាំងសន្ទុះថ្មីដល់ស្ថិរភាពតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លទ្ធផលដែលទទួលបានពីកិច្ចប្រជុំនេះ នឹងក្លាយទៅជាភាគលាភសម្រាប់តំបន់ និងពិភពលោក ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍៕
ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ