ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអញ្ជើញមកបំពេញការងារនៅក្នុងទីក្រុងធានជីង នាឱកាសនេះ។ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានគោរពជម្រាបជូនថា ជាមួយនឹងប្រតិបត្តិការ និងបទពិសោធន៍របស់ធនាគារ ដែលផ្តោតលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ, ធនាគារ AIIB មានសេចក្តីសោមនស្សក្នុងការបន្តកិច្ចសហប្រតិបត្តិការលើគម្រោងគន្លឹះនានាជាមួយកម្ពុជា។ ជាមួយគ្នានេះ ធនាគារក៏មានចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេសផ្តោតលើវិស័យអប់រំបែបទំនើប នៅកម្ពុជា ផងដែរ។ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងរីករាយ ដែលបានជួបជាមួយនឹងលោកប្រធានក្រុមប្រឹក្សាភិបាល និងសហការីជាថ្មី។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា វិស័យហេដ្ឋារចនាសម្ព័ន្ធរឹង នៅតែជាវិស័យអាទិភាព ដែលកម្ពុជាត្រូវបន្តអភិវឌ្ឍ ដូចជាផ្លូវ ថ្នល់ និងស្ពាន ជាដើម។ ជាមួយគ្នានេះដែរ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ជូនលោកប្រធានក្រុមប្រឹក្សាភិបាល អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ ដូចជាការកសាងអាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងគម្រោងព្រែកជីកហ្វូណនតេជោ សំដៅជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឡូជីស្ទីក។ បន្ថែមលើនះ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា អាទិភាពចម្បងរបស់រាជរដ្ឋាភិបាលចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិមុនៗ មកហូតមកបច្ចុប្បន្ន គឺផ្ដោតសំខាន់ទៅលើការកសាងនូវមូលធនមនុស្សប្រកបដោយគុណភាព។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយកែទម្រង់វិស័យអប់រំ តាំងពីកម្រិតបឋមសិក្សារហូតដល់កម្រិតវិទ្យាល័យ, កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងពង្រឹងមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ពិសេសការផ្ដល់សេវានៅថ្នាក់មូលដ្ឋាន។ សម្ដេចបវរធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា ការផ្ដោតអាទិភាពទៅលើការកសាងមូលធនមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាការវិនិយោគរយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការរីកចម្រើននៃវិស័យឧស្សាហកម្មនាពេលបច្ចុប្បន្ន និងទៅអនាគត។ មុននឹងបញ្ចប់ សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ធនាគារ AIIB ក្នុងការស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការនានានៅកម្ពុជា និងលើកទឹកចិត្តឱ្យធនាគារបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្ដែងបន្ថែមទៀត ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ