ភ្នំពេញ៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ក្រោមអធិបតីភាពបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមធុរកិច្ច តំណាងក្រុមហ៊ុននាំចេញ-នាំចូល ជើងសាគយព្រមទាំងភាគីពាក់ព័ន្ធនានា សរុបប្រមាណ ២០០ រូប។កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងការអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានបញ្ជាក់ជូនអ្នកចូលរួមនូវខ្លឹមសារសំខាន់ៗ នៃអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក រួមមាន៖-ទំនិញដែលអាចទទួលបានអត្រាពន្ធគយ ០% នេះ គឺជាទំនិញផលិតនៅសហរដ្ឋអាម៉េរិក ហើយត្រូវបាននាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណាក៏ដោយ ទំនិញប្រើរួច ពុំស្ថិតក្នុងវិសាលភាពនៃការអនុវត្តអត្រាពន្ធគយ ០% នេះឡើយ ហើយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងកំណត់និយមន័យសម្រាប់ទំនិញប្រើរួច។-យានយន្តផលិតនៅសហរដ្ឋអាម៉េរិកនិងនាំចូលពីសហរដ្ឋអាម៉េរិក ដែលអាចទទួលបាននូវអត្រាពន្ធគយ ០% គឺសំដៅលើយានយន្តដែលប្រើប្រាស់មិនលើសពី ៥ ០០០ គីឡូម៉ែត្រ និងមានឆ្នាំម៉ូដែលមិនលើសពី ១ឆ្នាំ មុនឆ្នាំចរន្ត។-ទំនិញដែលអាចទទួលបានអត្រាពន្ធគយ ០% នេះ ជាទំនិញនាំចូលមកព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ទុកចូលក្នុងមធ្យោបាយដឹកជញ្ជូននៅសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ តទៅ។-ការអនុវត្តអត្រាពន្ធគយ ០% នេះពុំតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតពីសហរដ្ឋអាម៉េរិកឡើយ ដោយគ្រាន់តែតម្រូវឱ្យអ្នកនាំចូលធ្វើការប្រកាសដើមកំណើតទំនិញតាមទម្រង់ និងនីតិវិធីដែលកំណត់ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។-អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីនីតិវិធីលម្អិតដើម្បីអនុវត្តតាមខ្លឹមសារអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដូចខាងលើ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ