ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
Thu,07 August 2025 (Time 10:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 116នាក់)

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ចំពោះការប្រព្រឹត្តទៅដោយជោគជ័យ នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពីប្រទេស ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ។
នៅក្នុងសារលិខិតអបអរសាទររបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ទៀតថា កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ភូមិចាំ វេឆាយៈឆៃ (Phumtham Wechayachai) នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។
ភាគីទាំងពីរ កម្ពុជា-ថៃ បានពិភាក្សា និងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរ ក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិ នៃយន្តការ តាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ដើម្បី សង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)។
ភាគីទាំងពីរ ក៏បានឯកភាពរៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែក្រោយកិច្ចប្រជុំវិសាមញ្ញ GBC នេះ។ ក្នុងករណីចាំបាច់ ភាគីទាំងពីរអាចកោះប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុងទម្រង់ដូចលើកនេះ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរដោយ ស្មោះអស់ពីដួងចិត្តជូនចំពោះវីរភាពដ៏ឧត្តុង្គឧត្តម និងទេពកោសល្យដ៏ប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមសម្របសម្រួលពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអនុវត្តបទឈប់បាញ់នេះ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាព្រះរាជាណាចក្រថៃឡង់ដ៍ ទទួលបាននូវសុខសន្តិភាពយូរអង្វែង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ